ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងទាក់ទាញអ្នកវិនិយោគ រាជរដ្ឋាភិបាលបានដាក់ផែនការនៅក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនជាងច្រើនទាំងផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ខណៈគម្រោងខ្លះបានកំពុងសាងសង់ ឯគម្រោងខ្លះទៀតត្រូវបានសិក្សារួចរាល់ និងត្រៀមបើកការដ្ឋានក្នុងពេលខាងមុខផងដែរ។ ហើយថ្ងៃនេះយើងនឹងនាំប្រិយមិត្ដមកស្គាល់គម្រោងធំៗ ២ ដែលត្រូវបានសិក្សា និងរង់ចាំការបើកការដ្ឋានតែប៉ុណ្ណោះដែលនោះរួមមាន៖
១. ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ
គម្រោងស្ពានឆ្លងកាត់ទន្លេដ៏សំខាន់ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រនេះត្រូវបាន សិក្សារួចរាល់ផងដែរ។ ដោយស្ពាននេះនឹងសាងសង់ចេញពី មុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ ពោលគឺមានស្ពានចំនួន ២ ខ្សែ។ តាមការបង្ហើបឲ្យដឹងពី ឯកឧត្តម ផាក ជុងវ៉ុក (H.E. Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា គម្រោងស្ពានថ្មីនេះរំពឹងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។
ចំពោះការសាងសង់នេះគឺមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។ នៅពេលសាងសង់រួចស្ពានខាងលើនឹងជួយសម្រួលឱ្យការធ្វើដំណើរ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។ ខណៈថវិកាចំណាយលើកការសាងសង់មានជិត ២៥០ លានដុល្លារ។
១. ផ្លូវល្បឿនលឿនទី៣
គម្រោងផ្លូវល្បឿនលឿនទី ៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បាននិងកំពុងសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ដែលគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៤ នេះហើយ មុនឈានដល់ការបើកការដ្ឋាននាពេលខាងមុខ។
តាមការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ នេះមានប្រវែង ៤២០ គីឡូម៉ែត្រ និងឆ្លងកាត់រាជធានី-ខេត្ដចំនួន ៦ រួមមាន៖រាជធានីភ្នំពេញប្រវែង ៣ គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូមែត្រ ខេត្តកំពង់ចាម៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ១៣១គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥ គីឡូម៉ែត្រ៕