រដ្ឋាភិបាលម៉ាឡេស៊ីបានបង្ហាញផែនការ ក្នុងការដាក់បញ្ចូល ភាសាអាស៊ានដូចជា ភាសាខ្មែរ ភាសាថៃ និងភាសាវៀតណាម នៅកម្មវិធីសិក្សាបន្ថែមតាមសាលារៀន។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃចន្ទ ទី២១ មេសា ដោយរដ្ឋមន្ត្រីក្រសួងអប់រំលោកស្រី Fadhlina Sidek។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Maly Mail ។
ថ្លែងនៅក្នុងកិច្ចប្រជុំពង្រឹងការអប់រំឆ្នាំ២០២៥ លោកស្រីរដ្ឋមន្រ្តី Fadhlina បានកត់សម្គាល់ថា មូលដ្ឋានគ្រឹះភាសាជាតិពីររបស់ម៉ាឡេស៊ីបច្ចុប្បន្នគឺ Bahasa Malaysia និងភាសាអង់គ្លេសបាននឹងកំពុងគាំទ្រដល់កិច្ចសហការក្នុងតំបន់។ ដូច្នេះគម្រោងដាក់ ភាសាខ្មែរ ថៃ វៀតណាម ចូលជាកម្មវិធីតាមសាលារៀនគឺក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនៅក្នុងតំបន់អាស៊ាន។
ចំពោះសំណើដាក់បញ្ចូលភាសារបស់ប្រទេសអាស៊ានទាំងនេះ ទៅក្នុងប្រព័ន្ធសាលារៀនរបស់ម៉ាឡេស៊ី គឺសំដៅលើការពង្រីកជម្រើសសម្រាប់សិស្សពោលគឺ មិនមែនរៀនជំនួសភាសាដែលមានស្រាប់នោះទេ។ ខណៈកន្លងមកសាលារៀននៅម៉ាឡេស៊ី មានភាសាសម្រាប់ជាជម្រើសរៀន ជាច្រើនរួចមកហើយដូចជាភាសាអាល្លឺម៉ង់និងភាសាបារាំងជាដើម។
សូមជម្រាបថាប្រទេសម៉ាឡេស៊ី មានប្រជាជន៣៤លាននាក់ ជាប្រទេសដែលមានប្រជាជនចម្រុះជាតិសាសន៍។ ទន្ទឹមនឹងនេះម៉ាឡេស៊ីជឿថាភាពខ្លាំងរបស់អាស៊ានស្ថិតនៅលើភាពចម្រុះនៃវប្បធម៌ ភាសា និងប្រពៃណីរបស់ខ្លួន។ ដើម្បីដោះសោសក្ដានុពលនេះ តំបន់ត្រូវតែផ្តល់សិទ្ធិអំណាចដល់យុវជនរបស់ខ្លួនឱ្យចេះច្រើនភាសា សម្របខ្លួន និងចេះអក្សរវប្បធម៌៕
អត្ថបទដោយ៖ ពីង ជូអេង