ពិតជាដំណឹងល្អខ្លាំងមែនទែន ដែលថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញវេបសាយ ២ ដែលជួយរកទីផ្សាឱ្យកសិករ ក៏ដូចជាវេបសាយដែល ប្រមូលផ្ដុំបញ្ជីឈ្មោះផ្សារលក់បន្ថែ បញ្ជីឈ្មោះកសិករ និងក្រុមហ៊ុន ដែលមានបន្ថែសុវត្ថិភាព ទទួលស្គាល់ត្រឹមត្រូវ ងាយស្រួលបងប្អូនប្រជាពលរដ្ឋទិញទៅហូបទទួលទាន មានសុវត្ថិភាពចំពោះសុខភាព។
សម្រាប់បញ្ជីឈ្មោះនេះ បងប្អូនអាចចូលទៅមើលបាននៅលើវេសាយដែលមានឈ្មោះថា https://web.maff.gov.kh/organiclist នោះយើងនឹងឃើញមានបញ្ជីឈ្មោះផ្សារលក់បន្លែ និងផ្លែឈើសុវត្ថិភាព (GAP និង Organic) បូករួមទាំងឈ្មោះសហគមន៍ និងក្រុមហ៊ុនដាំបន្លែផងដែរ។
បន្លែសុវត្ថិភាពជាប្រភេទបន្លែដែលប្រជាកសិករដាំដុះជាទ្រង់ទ្រាយធំឬតូចទៅតាមទំហំដី។ ការដាំដុះនោះមានការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិតផ្សេងៗ តែធ្វើឡើងតាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវស្តង់ដា នៃការណែនាំច្បាស់លាស់ ហើយកសិករបន្លែសុវត្ថិភាព ទទួល បានការបណ្តុះបណ្តាលត្រឹមត្រូវពីអ្នកជំនាញកសិកម្ម។ បន្លែដែលទទួលស្គាល់ថាជាបន្លែ សុវត្ថិភាព លុះត្រាតែបានទទួលវិញ្ញាបនបត្របញ្ជាក់ជាប្រភេទបន្លែបានអនុវត្តកសិកម្មល្អ (GAP) ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាមួយគ្នានោះដែរ ដើម្បីជួយឲ្យប្រជាកសិករខ្មែរងាយស្រួលនៅក្នុងការស្វែងទីផ្សារលក់កសិផលរបស់ពួកគាត់ឲ្យបានឆាប់រហ័ស ហើយមានតម្លៃសមរម្យ ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាកសិករខ្មែរឲ្យខិតខំប្រឹងប្រែងផលិតកសិផលឲ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរនោះ ក្រសួងរុក្ខាប្រមាញ់និងនេសាទបានបង្កើតនូវកម្មវិធីថ្មីមួយនៅលើទូរស័ព្ទដៃដែលមានឈ្មោះថា “កម្មវិធីទីផ្សារកសិកម្មកម្ពុជា” ឬម្យ៉ាងទៀតថា “CamAgriMarket” ។
តាមរយៈកម្មវិធីថ្មីនេះផងដែរ អាចជួយដល់ប្រជាកសិករ អាជីវករខ្មែរទាំងអស់អាចទទួលបានព័ត៌មានទីផ្សារក៏ដូចជាតម្លៃកសិផល ទីកន្លែងលក់ ទិញ និងការបង្កើនទំនាក់ទំនងរវាងគ្នានិងគ្នាឲ្យកាន់តែទូលំទូលាយមានភាពងាយស្រួលនិងឆាប់រហ័សជាងមុន។
ម្យ៉ាងទៀតវាកាន់តែផ្តល់ភាពងាយស្រួលសម្រាប់អាជីវករដែលចង់ទិញកសិផលរបស់ប្រជាកសិករយើងដើម្បីយកមកលក់បន្តបាន ដោយអាចចុះទៅទិញនិងចរចាដោយផ្ទាល់ជាមួយប្រជាកសិករដល់ទីតាំងជាក់ស្តែង ដោយមិនមានភាពលំបាកនោះឡើយ។ប្រជាកសិករ អាជីវករ អាចទាញយកកម្មវិធីនេះមកប្រើបាននៅលើទូរស័ព្ទបានយ៉ាងងាយស្រួល ដើម្បីអាចទទួលបានព័ត៌នានាដែលទាក់់ទងជាមួយផលិតផលឬទំនិញផ្សេងៗបានយ៉ាងេហ័សទាន់ចិត្ត៕