រៀនចប់ពីសាលា Harvard ស្រី្តម្នាក់នេះរត់មកលក់ការ៉េមជាមួយម្តាយ ទាញចំណូលបានជិត ២លាន$/១ឆ្នាំ
Kan DaraJUNE 1 2023943 views

ស្ត្រីវ័យ៣២ឆ្នាំ រៀនចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Harvard សម្រេចចិត្តរត់មកបើកហាងលក់ការ៉េមជាមួយម្តាយចំណាស់ អាចទាញចំណូលប្រចាំឆ្នាំបានជិត ២លានដុល្លារ ក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ CNBC នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

1

រំលឹកទៅគ្រាដំបូងក្នុងឆ្នាំ២០១៩ អ្នកនាង Annie Park ជាជនអន្តោប្រវេសន៍មកពីតំបន់អាស៊ីអាគ្នេយ៍ ទទួលបានការហៅទូរស័ព្ទពីម្តាយរបស់នាងឈ្មោះ Sarah ដែលធុញទ្រាន់នឹងការចូលនិវត្តន៍ បានប្រាប់នាងពីគោលបំណងរបស់គាត់សម្រេចចិត្តបើកហាងការ៉េមមួយនៅ Bethesda រដ្ឋ Maryland និងចង់ហៅកូនស្រីមកជួយការងារក្នុងនាមជាបុគ្គលិក។

2

Park ដែលទើបបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយ និងការគ្រប់គ្រងការអប់រំពីសាកលវិទ្យាល័យ Harvard បានប្រាប់ CNBC ថា៖ «និយាយឱ្យត្រង់ទៅ ដំបូងខ្ញុំលាន់មាត់ ហាស៎! ហាងការ៉េមមែនទេ? ខ្ញុំមិនរំភើបជាមួយវាទាល់តែសោះ»។ Park បានបន្តថា៖ «មែនទែនទៅ វាគ្មានសំណួរថា តើខ្ញុំនឹងជួយគាត់ឬអត់ទេ ខ្ញុំជាកូនស្រីតែម្នាក់គត់របស់ម្តាយមេម៉ាយ​ក្នុង​គ្រួសារ​ជន​អន្តោប្រវេសន៍ ដូច្នេះខ្ញុំត្រូវតែទៅ»

តាំងពីការចាប់ផ្តើមដំបូង ម្តាយរបស់ Park បានផលិតការ៉េមជាចំណង់ចំណូលចិត្តនិងរីករាយជាមួយវាបំផុត។ ជាញឹកញាប់គាត់តែងពិសោធន៍ការផ្សំរសជាតិថ្មីៗ ដូចជាផ្លែ apricots និង pistachios ឬ cherries ស្រស់ជាមួយទឹកផ្កាឈូកជាដើម។ មិនដូចការ៉េមពាណិជ្ជកម្មដែលពឹងផ្អែកលើពណ៌អាហារ និងស៊ីរ៉ូរសជាតិទេ អ្នកស្រី Sarah បានប្រើគ្រឿងផ្សំធម្មជាតិ ដូចជាផ្លែស្ត្របឺរីពិតៗ ជំនួសឱ្យគ្រាន់តែដាក់ក្លិនរសជាតិស្ត្របឺរី។

បន្ទាប់ពីការរៀបចំជាច្រើនខែ ការបើកហាងការ៉េមធ្វើដោយដៃរបស់ Sarah ក្នុងខែមីនា ឆ្នាំ២០១៩ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានអតិថិជនជាច្រើនតម្រង់ជួរបន្តរហូតដល់ហាងបិទនៅម៉ោង ៩ យប់។  «វាជាអ្វីដែលយើងទាំងអស់គ្នាមិនធ្លាប់រំពឹងទុកទាល់តែសោះ» អ្នកនាង Park បានថ្លែងប្រាប់អ្នកសារព័ត៌មានទាំងស្នាមញញឹម។

3

ក្នុងរយៈពេលមួយឆ្នាំ ការ៉េមធ្វើដោយដៃរបស់ Sarah បានបើកហាងទីពីរនៅក្នុងតំបន់ DC ហើយបច្ចុប្បន្នមានគម្រោងបើកទីតាំងទីបីនៅ Potomac រដ្ឋ Maryland ក្នុងខែធ្នូ ឆ្នាំ២០២៣។ ជំនួសឱ្យការជួយជាបុគ្គលិកធម្មតារយៈពេលពីរបីខែ Park បានក្លាយជាដៃគូពេញម៉ោងនៅក្នុងអាជីវកម្មដែលឥឡូវនេះមានបុគ្គលិកចំនួន ៣៥នាក់ និងនាំមកនូវប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១.៨៦ លានដុល្លារ៕

Scooops

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia