ស្ត្រីវ័យ៣១ឆ្នាំម្នាក់ អាចរកប្រាក់បាន ១,៥ម៉ឺន$/១ខែ ចេញពីរបរក្រៅម៉ោងមួយ និងបោះសម្តីចាក់ដោតបែបនេះ
Kan DaraJULY 2 202311.6 K views

កាលពី២ឆ្នាំមុន កញ្ញា Alice Everdeen ធ្វើការ៥០ម៉ោងក្នុងមួយសប្តាហ៍ និងរកលុយបាន៤២,០០០ដុល្លារក្នុងមួយឆ្នាំក្នុងនាមជាអ្នកគ្រប់គ្រងមាតិកាសម្រាប់ក្រុមហ៊ុនឯកជនមួយ។ ប៉ុន្តែការធ្វើការនៅការិយាល័យមិនបានបំពេញបំណងនាងទេ។ ដូច្នេះ Everdeen បានចាកចេញពីការងារពេញម៉ោង ៩am-៥pm ហើយចាប់ផ្តើមរបរបញ្ចូលសំឡេង។ ឥឡូវនាងរកបានរហូតដល់ទៅ ១៥,០០០ដុល្លារក្នុងមួយខែ នេះបើយោងតាមឯកសារដែលត្រូវបានពិនិត្យដោយ CNBC Make It។

មិនខុសពីមនុស្សជាតិមួយភាគធំ កាលពីប៉ុន្មានឆ្នាំមុន ក្នុងនាមជាអ្នកផលិតព័ត៌មាននៅ MSNBC Alice ស្ត្រីវ័យ៣១ឆ្នាំរូបនេះ បានរកឃើញថាខ្លួននាងតែងតែចំណាយពេលរសេះរសោះ អេះអុញៗ អូសបន្លាយពេលស្នាក់នៅកន្លែងការងារលើសម៉ោងធ្វើការ សូម្បីតែបន្ទាប់ពីការងាររបស់នាងបានបញ្ចប់ក៏ដោយ។ ចួនកាលនាងមានអារម្មណ៍ថា អស់កម្លាំង និងហត់នឿយខ្លាំង ទាំងមិនទាន់ធ្វើអ្វីសោះ។ ពេលយប់គេងមិនលក់ ព្រឹកឡើងពិបាកងើប ប្រើភ្នែកសម្លឹងអូស TikTok រាប់ម៉ោង ឬឆែកមើលគណនី Fiverr របស់នាងនៅពាក់កណ្តាលយប់។ Everdeen និយាយ​ថា​៖ «​ខ្ញុំចាប់ផ្តើមសួរខ្លួនឯង ហើយ​ឆ្ងល់​ថា​ខ្ញុំ​អាច​ធ្វើ​អ្វី​ខុស​ពី​គេ​ដើម្បី​ទទួល​បាន​ជោគជ័យនិងជីវិតប្រសើរ​ជាង​នេះ?»

ដើម្បី​ប្រយុទ្ធ​នឹង​ការ​អស់​សង្ឃឹម Everdeen ​មិន​ដែល​ពិនិត្យ​អ៊ីមែល​របស់​នាង​ហួស​ពី​ម៉ោង៥ល្ងាច​ទេ។ នាងក៏ធានាថា ពេលល្ងាចរបស់នាងពោរពេញទៅដោយសកម្មភាពដែលអាចធ្វើឲ្យនាងសប្បាយចិត្តដូចជា ធ្វើម្ហូបជាមួយមិត្តប្រុស ឬហាត់ប្រាណនៅសួនសាធារណៈជាដើម។ ឆ្លៀតពេលនោះ Everdeen បានរកឃើញគំនិតថ្មីមួយដែលអាចជួយទាញចំណូលបន្ថែមនោះគឺ ធ្វើជាអ្នកបញ្ចូលសំឡេងក្រៅម៉ោង។ របរនេះហាក់ជួយឲ្យជីវិតនាងមានភាពប្រសើរជាងមុនខ្លាំង រហូតដល់សម្រេចចិត្តលាឈប់ពីការងារប្រចាំថ្ងៃ ងាកមកផ្តោតធ្វើវាពេញម៉ោងតែម្តង។ កាលពីឆ្នាំ២០២១ នាងរកប្រាក់បានសរុប ១០២,០០០ដុល្លារ កំឡុងពេលធ្វើការឱ្យអតិថិជនដូចជា Amazon, Southwest Airlines និង OnlyFans ក្នុងរយៈពេលតិចជាងការងារចាស់របស់នាង។ Everdeen ប្រាប់ CNBC Make It ថា៖  «ខ្ញុំធ្វើការត្រឹមតែ ៣-៥ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ»

ជាចុងក្រោយ កញ្ញា Alice Everdeen បានលើកឡើងយ៉ាងដូច្នេះថា៖ «យើង​ចង់​ដើរ​តាម​សុបិន​របស់​យើង ជាជាង​អ្វី​ដែល​អ្នកផ្សេង​ប្រាប់​ថា​យើង​គួរ​ធ្វើ»។ នាងបានបន្តទៀតថា៖​ «វា​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​រៀន​ពី​របៀប​បោះបង់​ចោល​នូវ​អ្វី​ដែល​មិន​សំខាន់​។ ការបង់ប្រាក់ ៤,០០០ ដុល្លារក្នុងមួយខែសម្រាប់ជួល ហើយបន្ទាប់មកធ្វើការ ៦០ម៉ោងក្នុងមួយសប្តាហ៍មិនមែនជាអ្វីដែលខ្ញុំចង់ធ្វើនោះទេ»

បច្ចុប្បន្ន Alice Everdeen កំពុងកែច្នៃឡានរបស់នាងក្នុងតម្លៃ ៨០,០០០ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តជុំវិញពិភពលោក និងរីករាយជីវិតមាននិរន្តរភាពប្រចាំថ្ងៃដែលនាងប្រាថ្នាចង់បាន ជាមួយនឹងរបរ​ឯករាជ្យធ្វើ​ការ​ត្រឹមប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​ក្នុងមួយថ្ងៃ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia