នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Minebea Cambodia ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសជប៉ុនមានជំនាញខាងផលិត និងផ្គុំគ្រឿងអេឡិចត្រូនិច បានប្រកាសពីការជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅក្នុងរោងចក្ររបស់ខ្លួន។
តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង ការជ្រើសរើសបុគ្គលិកនេះគឺមានសរុបចំនួន ៩៧ នាក់ ខណៈក្រុមហ៊ុនធ្វើការសម្ភាសន៍តែ ១ ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនៅក្រុមហ៊ុន មីនេបៀ (ខេមបូឌា) មួយកន្លែងប៉ុណ្ណោះ។ ចំពោះការសម្ភាសន៍គឺនៅក្រុមហ៊ុនមីនេបៀ ក្នុងអគារបណ្តុះបណ្តាលបុគ្គលិក ( TC ) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាតកន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំបេញ។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើស៖
១. សម្រាប់អ្នកដែលចូលរួមសម្ភាសន៍ត្រូវមានឯកសារច្បាប់ដើមភ្ជាប់មកជាមួយដូចជា៖ អត្ដសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្របញ្ជាក់កំណើត។
២. មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ក៏ទើបនឹងបើករៀបចំបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅក្នុងខេត្ដពោធិ៍សាត់។ ដោយរោងចក្រថ្មីនេះ គឺសាងសង់លើផ្ទៃដីប្រមាណ៥០ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ និងបានបង្កើតការងាររាប់ពាន់កន្លែង ឱ្យយុវជន យុវនារី បានមកធ្វើការនៅទីនេះផងដែរ៕