រៀនត្រឹមថ្នាក់វិទ្យាល័យ Alexandr ក្លាយជាមហាសេដ្ឋីក្មេងបំផុតលើលោក ក្រោយរកស៊ីវិស័យ១នេះ
Kan DaraJUNE 15 20225.8 K views

លោក Alexandr Wang ត្រូវបានគេដាក់រហ័សនាមថាជា Mark Zuckerberg ទី២ ដោយសារតែលោកមានវ័យត្រឹមតែ២២​ឆ្នាំ​ លោកមានសមត្ថភាពអាចបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយដែលមានឈ្មោះថា Scale AI ដោយចាយពេលត្រឹមតែ៣ឆ្នាំសោះ ក្រុមហ៊ុនរបស់លោកទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនិងឡើងតម្លៃខ្លួនរហូតដល់ទៅជាង១ពាន់លានដុល្លារឯណ្ណោះ។

ក្រឡេកទៅមើលអតីតកាលរបស់មហាសេដ្ឋីក្មេងបំផុតរូបនេះវិញ Alexandr Wang កើតក្នុងឆ្នាំ១៩៩៧ នៅទីក្រុង Los Alamos រដ្ឋ New Mexico នៃសហរដ្ឋអាមេរិក។ កើតក្នុងត្រកូលគ្រួសារអ្នកវិទ្យាសាស្ត្រ Alexandr ទទួលបានការបង្រៀនបន្ថែមយ៉ាងដិតដល់ពីសំណាក់ឪពុក-ម្តាយលើផ្នែក គណិតវិទ្យា រូបវិទ្យា និងវិទ្យាសាស្ត្រ ដែលធ្វើឲ្យក្មេងប្រុសម្នាក់នេះចូលចិត្តបច្ចេកវិទ្យាយ៉ាងខ្លាំងជាពិសេសគឺការសរសេរកូដតែម្ដង។

ក្រោយពីបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យភ្លាម Alexandr ត្រូវបានបញ្ជូនទៅកាន់ Silicon Valley ដើម្បីហាត់ការនៅឯក្រុមហ៊ុន Addepar។ ក្រោយមកលោកក៏បានក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ Quora។ ធ្វើការនៅទីនោះបានមួយរយៈពេល Alexandr បានចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) ដែលជាវិទ្យាស្ថានដែលមានឈ្មោះល្បីល្បាញនៅសហរដ្ឋអាមេរិក។ ប៉ុន្តែបន្ទាប់ពីបានសិក្សាបាន១ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ២០១៦ លោកក៏សម្រេចចិត្តបោះបង់ការសិក្សា ហើយងាកទៅរត់តាមក្ដីស្រមៃរបស់ខ្លួន ដោយបានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Scale AI ដែលផ្ដោតទៅលើសេវាកម្មជួយបង្កើតនិងសម្រួលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ក្រោយធ្វើដំណើររហូតដល់ឆ្នាំ២០១៩​ ក្រុមហ៊ុន Scale AI របស់លោកចាប់ផ្ដើមមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅក្នុងពិភពបច្ចេកវិទ្យា លោកក៏ប្រមូលទុនបន្ថែមបានរហូតដល់ទៅជាង ១០០លានដុល្លារឯណោះ។ ហើយក្រុមអ្នកបោះទុនវិនិយោគធំៗរបស់ Scale AI មានដូចជា ស្ថាបនិកក្រុមហ៊ុនយក្ស Dropbox មេក្រុមហ៊ុន Quora និងស្ថាបនិក​ Instagram។​

ដោយសារតែបានទុនវិនិយោគជាង ១០០លានដុល្លារនេះ ជាហេតុធ្វើឱ្យលោក Alexandr មានលទ្ធភាពពង្រីកនិងពង្រឹង Scale AI បានយ៉ាងឆាប់រហ័ស។ ហើយបើគិតមកទល់នឹងពេលនេះ Scale AI ចាប់បានអតិថិជនធំៗជាច្រើននឹកស្មានមិនដល់ ដោយអតិថិជនធំៗរបស់ Scale AI មានដូចជាក្រុមហ៊ុន Samsung, Toyota, Airbnb, Pinterest, និងក្រុមហ៊ុន Lyft ជាដើម។ ហើយបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Business Insider បានឱ្យដឹដងថា បច្ចុប្បន្ននេះក្រុមហ៊ុន Scale AI បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃខ្លួនលើសពី១ពាន់លានដុល្លារ (៧.៣ពាន់លានដុល្លារ) ខណៈដែលក្រុមហ៊ុននេះទើបតែចាប់ផ្ដើមប្រឡូកចូលក្នុងវិស័យបច្ចេកវិទ្យាបាន៣ឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា​ បច្ចុប្បន្ននេះលោក Alexandr Wang ត្រូវបានគេដាក់រហ័សនាមថា Mark Zuckerberg ទី២ និងបានក្លាយទៅជាមហាសេដ្ឋីក្មេងជាងគេបំផុតលើលោក ដែលត្រូវបានគេប៉ានស្មានថាមានទ្រព្យសម្បត្តិប្រមាណជាង ១ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbes គិតត្រឹមឆ្នាំ២០២២។ បុរសវ័យ២៥ឆ្នាំរូបនេះ ក៏បានណែនាំសម្រាប់អ្នកដែលចង់បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មីនោះគឺ «ត្រូវផ្ដោតទៅលើការជួយដោះស្រាយបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ ដោយសារតែក្រុមហ៊ុនដែលកំពុងជួបបញ្ហាពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ដើម្បីទទួលបានដំណោះស្រាយពីពួកយើង»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia