ក្រុមហ៊ុន Aeon Group របស់ជប៉ុននឹងផ្តល់ថ្ងៃឈប់សម្រាកពេញមួយឆ្នាំ រួមទាំងប្រាក់ខែ ១០០% ដល់បុគ្គលិកប្រុស ប្រសិនបើប្រពន្ធសម្រាកកូន ដើម្បីមានពេលគ្រប់គ្រាន់មើលថែគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Jappan Times នាដើមខែកុម្ភៈ ឆ្នាំ២០២៤។
អត្ថប្រយោជន៍នេះពុំមានការកំណត់អាយុទេ ហើយត្រូវដាក់ឲ្យអនុវត្តជាបណ្តើរៗចាប់ពីខែកុម្ភៈនេះតទៅ ដល់ក្រុមហ៊ុនតូចៗចំនួន ១៥០ ដែលចំណុះក្រុមហ៊ុន Aeon Group។ ក្នុងឆ្នាំដំបូង ក្រុមហ៊ុនរំពឹងថាមានបុគ្គលិកប្រុសស្រីប្រហែល ២០០០នាក់នឹងឈប់សម្រាកដោយទទួលបានប្រាក់ខែពេញលេញ ដើម្បីមើលថែកូនរបស់ពួកគេ។
គួរជម្រាបផងដែរថា ស្ថិតក្រោយកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយអត្រាកំណើតធ្លាក់ចុះ រដ្ឋាភិបាលជប៉ុនបានចាត់វិធានការនានាដើម្បីបង្កើនអត្រាបុរសក្នុងការឈប់សម្រាកលំហែបិតុភាព ដោយមានគោលដៅបង្កើនឱ្យដល់ ៥០% នៅឆ្នាំ២០២៥ និង ៨៥% នៅឆ្នាំ២០៣០។ ក្នុងនោះ ទីភ្នាក់ងារស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុនបានព្យាករថា ចំនួនប្រជាជនរបស់ប្រទេសនេះនឹងថយចុះ ១៧% ចន្លោះឆ្នាំ ២០២០-២០៥០ មកត្រឹម ១០៤,៦៩ លាននាក់ ខណៈចំនួនកុមារបានថយចុះយ៉ាងគំហុកក្នុងរយៈពេល ៤ទស្សវត្សរ៍ចុងក្រោយ ដោយសារការមិនចង់រៀបការ និងការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុបានកើនឡើង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24