ការសិក្សា៖ សញ្ញា៥បង្ហាញថា​ បុគ្គលិ.កកំពុងធ្វើកា.រ នៅក្រុមហ៊ុនដដែល ពិបាកជោគជ័.យលើការងា.រ
Ping Chou EngJULY 17 20242.7 K views

មានបុគ្គលិកខ្លះធ្វើការត្រឹម៣ឆ្នាំអាចឡើងតំណែង មានសមត្ថភាពពេញលេញ និងអាចបន្តស្វែងរកភាពរីកចម្រើនលើអាជីពការងារ ខណៈមានបុគ្គលិកខ្លះធ្វើការយូរឆ្នាំនៅក្រុមហ៊ុនដដែល ប៉ុន្តែលំបាកក្នុងការស្វែងរកភាពជោគជ័យលើអាជីពការងារទៅវិញ។  

យ៉ាងណាមិញបើតាមការសិក្សារបស់ Forbes បានឱ្យដឹងថាខាងក្រោមនេះជាសញ្ញា៥បង្ហាញថា​ បុគ្គលិកកំពុងធ្វើការងារនៅក្រុមហ៊ុនដដែល នឹងពិបាកជោគជ័.យលើអាជីពការងារ។

. អស់អារម្មណ៍ប្រកួត៖ នៅពេលដែលបុគ្គលិកអស់អារម្មណ៍រំភើប លើជំនាញដែលពួកគេធ្លាប់តែមានចំណូលចិត្តចង់រៀន ចង់រីកចម្រើន ឬធ្វើការសាកល្បងអ្វីថ្មីៗ នៅកន្លែងធ្វើការនោះ បុគ្គលិកពិតជាបានដើរទៅដល់ដំណាក់កាលមួយ ដែលពួកគេអស់អារម្មណ៍ប្រឈមមុខ ប្រកួតយកឈ្នះលើការងារដ៏មាមាញឹកឬចង់ក្លាយជាលេខ១ទៀតហើយ ព្រោះពួកគេកំពុងឱ្យសញ្ញាថាខ្លួនឯង មិនបានរីកចម្រើនលើសពីការងារឡើយនៅកន្លែងក្រុមហ៊ុននោះ ពោលវាជាសញ្ញានៃអាការៈ Burnout​ ។

. ប្រាក់ខែនៅទ្រឹង៖ នៅពេលដែលបុគ្គលិកសង្កេតឃើញថាផ្នែកហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុននោះមានការរីកចម្រើនជាលំដាប់ ប៉ុន្តែប្រាក់ខែរបស់ពួកគេហាក់នៅទ្រឹងជាច្រើនឆ្នាំ បើទោះបីជាពួកគេជាអ្នកគ្រប់គ្រងឬជាបុគ្គលិកដែលមានសមត្ថភាពខ្ពស់ក៏ដោយ នោះពួកគេនឹងមានអារម្មណ៍ថាខ្លួនកំពុងមិនបន្តការរីកចម្រើននោះទេលើជីវភាពរស់នៅ ដូច្នេះពួកគេនឹងអស់អារម្មណ៍ហើយវាជាសញ្ញាដែលធ្វើឱ្យពិបាកសម្រេចជោគជ័យលើអាជីពការងារ។

. គ្មានឱកាសអភិវឌ្ឍន៍ខ្លួន៖ ប្រសិនបើក្រុមហ៊ុននោះមិនបានផ្តល់ឱកាស សម្រាប់ការផ្លាស់ប្តូរនិងអភិវឌ្ឍន៍ខ្លួន ហើយឱ្យបុគ្គលិកធ្វើការងារដដែលៗអស់ជាច្រើនសិបឆ្នាំ រួមទាំងបុគ្គលិកខ្លួនឯងមិនឆ្លៀតរកឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងដូចជាការរៀនជំនាញថ្មីៗថែមទៀតនោះ វាគឺជាសញ្ញាមួយដែលបង្ហាញថា បុគ្គលិកពិបាកជោគជ័យក្នុងអាជីពការងារនៅទីនោះខ្លាំងណាស់។

. ក្រុមហ៊ុនមិនវិនិយោគលើវិជ្ជាជីវៈ៖ ប្រសិនបើក្រុមហ៊ុននោះមិនបានផ្តល់ឱកាសបណ្តុះបណ្តាល ឬឱកាសអប់រំដែលអនុញ្ញាតឱ្យបុគ្គលិកអភិវឌ្ឍជំនាញវិជ្ជាជីវៈជាប្រចាំដើម្បីដុះខាត់សមត្ថភាពឲ្យកាន់តែមុតស្រួចនោះទេ  វាក៏អាចជាសញ្ញាមួយដែលបញ្ជាក់ថាពួកគេពិបាករីកចម្រើនក្នុងអាជីពការងារ ពីព្រោះបុគ្គលិកដែលតែង ប្រទះភាពឯកោ ឬកង្វះការជំរុញទឹកចិត្ត ក៏បណ្តាលមកពីភាពសឹករិចរិលនៃសមត្ថភាព ចំណេះ ជំនាញដែរ។

. ការរួមចំណែករបស់គាត់ មិនត្រូវបានទទួលស្គាល់៖ ជាសញ្ញាមួយដែលបញ្ជាក់ថាអាជីពការងារមិនរីកចម្រើន ​ប្រសិន​បើសមិទ្ធផលការងារ​របស់​បុគ្គលិក​ត្រូវ​បាន​គេ​មើល​រំលងឬ​មិន​ឲ្យ​តម្លៃនៅក្នុងក្រុមហ៊ុននោះ។ ដូច្នេះនៅពេលដែល​បុគ្គលិកមិនមានអារម្មណ៍ថាមានតម្លៃ ឬនៅពេលដែលការងាររបស់ពួកគាត់មិនត្រូវបានទទួលស្គាល់ពីនោះវាអាចបណ្តាលឱ្យភាពពេញចិត្តចំពោះការងារ សមត្ថភាពនិងសុមាលភាពធ្លាក់ចុះ។

ជាការពិតណាស់ជាទូទៅសម្រាប់ការងារដែលធ្វើចាប់ពី៣ឆ្នាំទៅ៥ឆ្នាំឡើងទៅ អ្នកជំនាញបានណែនាំថា​​បុគ្គលិកគួរតែចាប់ផ្តើមអភិវឌ្ឍន៍ខ្លួនឬប្តូរកន្លែងការងារ ហើយដុសខាត់សមត្ថភាពបន្ថែម ប្រសិនបើពួកគេមានអារម្មណ៍ថាខ្លួនឯងមិនរីកចម្រើនព្រមទាំងមិនទទួលបានឱកាសថ្មីៗក្នុងការអភិវឌ្ឍន៍សមត្ថភាពពេលនៅកន្លែងធ្វើការចាស់៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia