បុគ្គលិកគឺជាចំណែកដ៏សំខាន់ដែលមិនអាចខ្វះ បានក្នុងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន។ ចំណែកឯការជ្រើសរើសបុគ្គលិកគឺរឹតតែសំខាន់មួយកម្រិតទៀត ព្រោះថាបុគ្គលិកខ្លះអាចជាទ្រព្យនិងបុគ្គលិកខ្លះអាចជាបំណុល។ ក្នុងដែរនោះយោងទៅតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានឱ្យដឹងថាបុគ្គលិកចរិតលក្ខណៈសម្បត្តិទេវតាទាំង៤ប្រភេទខាងក្រោមនេះគាត់ចង់យកធ្វើការបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត CNBC ។
ក្នុងពិធីសម្ពោធសាកលវិទ្យាល័យ Naples Federico II នាសប្តាហ៍នេះលោក Tim Cook បានប្រាប់និស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Naples ប្រទេសអ៊ីតាលីថា លោកបានកត់សម្គាល់ពីភាពជោគជ័យរបស់ Apple គឺអាស្រ័យលើវប្បធម៌ និងបុគ្គលិករបស់ខ្លួនព្រោះ ក្រុមហ៊ុនជាធម្មតាតែងតែស្វែងរកបុគ្គលិកដែលមានជំនាញរួមគ្នាចំនួន៤គឺ៖ សមត្ថភាពក្នុងការសហការ ការច្នៃប្រឌិត ការចង់ដឹងចង់ឃើញ និងឧត្តមគតិដ៏រំជើបរំជួលរបស់បុគ្គលិក។ លោកបានបន្តថា “មូលហេតុដែលការសហការគ្នាមានសារៈសំខាន់គឺដោយសារវារួមបញ្ចូលទាំងជំនាញទាំងបីទៀត”។ ជាមួយគ្នានេះដែរលោកបានបន្ថែមថា “លក្ខណៈទាំងនេះ គឺជារូបមន្តល្អមួយសម្រាប់អ្នកទាំងអស់គ្នា ព្រោះថាគ្មាននរណាម្នាក់ដែលចូលធ្វើការស្ងាត់ម្នាក់ឯងនិងស្វែងរករបៀបបង្កើតបច្ចេកវិទ្យាថ្មីនោះទេ”។
គួររំឭកផងដែរថាក្រុមហ៊ុន Apple បានធ្លាក់ចេញពីបញ្ជីក្រុមហ៊ុនសកលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Comparably ដែលមានវប្បធម៌កន្លែងធ្វើការល្អបំផុត ប៉ុន្តែក៏ទទួលបានចំណាត់ថ្នាក់ “C” សម្រាប់វប្បធម៌ការិយាល័យ ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ១៤ កាលពីឆ្នាំមុនផងដែរ៕