ការចាប់ផ្តើមអាជីវកម្មដំបូងគឺជាដំណាក់កាលដែលពិបាកបំផុត វាមានកត្តាស្មុគស្មាញនិងរឿងលំបាកជាច្រើនដែលសហគ្រិនត្រូវជួបប្រទះ។ ពេលខ្លះដោយសារតែភាពស្មុគស្មាញ និងសម្ពាធច្រើនពេកធ្វើឲ្យសហគ្រិនមួយចំនួនបោះបង់ចោលនូវគោលដៅរបស់ខ្លួន រួមទាំងអស់កម្លាំងចិត្តក្នុងការបន្តដំណើរទៅមុខទៀត។
ជុំវិញរឿងនេះក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ហេង កុសល ម្ចាស់ហាងលក់គ្រឿងបន្លាស់ឡាន HENG KOSAL AUTO PARTS បានចែករំលែកនូវហេតុផលធំ៤ ដែលអ្នកចង់ចេញរកស៊ីថ្មីថ្មោងគិតឲ្យខ្លាំង បើចង់បើកអាជីវកម្មឲ្យរស់បានយូរអង្វែង៖
១/. ហិរញ្ញវត្ថុ៖ ការចាប់ផ្តើមអាជីវកម្មដំបូង ឬចង់ពង្រីកអាជីវកម្មមានការជាក់ទាក់ទងទៅនឹងផ្នែកហិរញ្ញវត្ថុ។ វាពិតជាលំបាកប្រសិនបើយើងពុំមានប្រាក់គ្រប់គ្រាន់ដើម្បីធ្វើការគាំទ្រទៅលើអាជីវកម្មរបស់ខ្លួនទេនោះ។ ជាងស្តែងលោក ហេង កុសល កាលគ្រាចេញរកស៊ីថ្មីថ្មោង បានប្រើលុយខ្លួនឯង១០០% ដោយពុំមានខ្ចីបុលគេ ឬចូលហ៊ុនជាមួយដៃគូផ្សេងទៀតឡើយ។ ដូច្នេះដើម្បីអាចឲ្យអាជីវកម្មរីកចម្រើន និងឈរជើងបានយូរ លោកលើកទឹកចិត្តយ៉ាងហោចណាស់អ្នកត្រូវមានប្រាក់ជារបស់ខ្លួនយ៉ាងតិចក៏ ៣០% ទៅ ៤០% ដែរទើបមិនសូវមានហានិភ័យខ្ពស់។
២/. ទីតាំង៖ ការជ្រើសរើសទីតាំង គឺជាផ្នែកមួយយ៉ាងសំខាន់ដែលសហគ្រិនគ្រប់រូបត្រូវធ្វើការគិតជាអាទិភាពមុននឹងចាប់ផ្តើមបើកអាជីវកម្ម ព្រោះវាជាមូលហេតុមួយដែលជះឥទ្ធិពលទៅលើអាជីវកម្មរបស់អ្នកខ្លាំងណាស់។ បើទោះបីជាផលិតផល ឬសេវាកម្មមានគុណភាពល្អក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសទីតាំងខុស អាជីវកម្មក៏ពិបាកក្នុងការរីកចម្រើនដូចគ្នា។ ក្នុងនោះ លោក ហេង កុសល បានលើកឡើងថា អាជីវកម្មដែលអាចរីកលូតលាស់ និងឈរជើងបានយូរ កត្តាចម្បងគឺត្រូវពឹងផ្អែកលើទីតាំងនេះឯង។
៣/. ទីផ្សារ៖ បន្ទាប់ពីអ្នកជ្រើសរើសទីតាំងបានល្អ និងត្រឹមត្រូវហើយ ជំហានបន្ទាប់ដែលអ្នកត្រូវគិតនោះគឺ តើផលិតផលរបស់អ្នកត្រូវនឹងតម្រូវការទីផ្សារដែរឬអត់ ហើយតើអតិថិជនគោលដៅគឺជានរណា។ បើទោះជាអ្នកមានទីតាំងល្អក្តី ប៉ុន្តែផលិតផលមិនត្រូវនឹងតម្រូវការទីផ្សារនោះអាជីវកម្មក៏ពិបាកនឹងទទួលបានភាពរីកចម្រើនដែរ។ លើសពីនេះ អ្នកអាចនឹងត្រូវប្រឈមជាមួយបញ្ហាជាច្រើននៅក្នុងអាជីវកម្ម ឬអាចឈានដល់ការបិទទ្វាតែម្តងក៏ថាបាន។
៤/. ទំនុកចិត្តពីអតិថិជន៖ ទំនុកចិត្តពីអតិថិជន គឺជាធាតុផ្សំមួយយ៉ាងសំខាន់នៅក្នុងអាជីវកម្មដែលសហគ្រិនគ្រប់រូបត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំង ព្រោះអតិថិជនគឺជាផ្នែកដ៏ធំមួយក្នុងការអនុញ្ញាតឲ្យអាជីវកម្មអាចរស់រានបន្ត។ ដូច្នេះ ក្នុងនាមជាសហគ្រិនដើម្បីអាចយកទំនុកចិត្តពីអតិថិជនបាន អ្នកត្រូវធ្វើយ៉ាងណាឲ្យអតិថិជនរបស់អ្នកស្គាល់ពីផលិតផលរបស់អ្នកឲ្យបានច្បាស់ អ្វីដែលអ្នកអាចជួយអតិថិជនរបស់អ្នកបានគួរតែជួយ។ ក្នុងនោះផងដែរ តម្លៃនៃផលិតផលត្រូវតែសមស្របជាមួយតម្លៃក្នុងទីផ្សារដែលអតិថិជនអាចទទួលយកបាន។ នៅពេលដែលអតិថិជនមានទំនុកចិត្តមកលើអ្នកហើយ អ្នកនឹងមិនពិបាកក្នុងការស្វែងរកពួកគេទៀតនោះទេ ពួកគេនឹងមករកអ្នកដោយខ្លួនឯង។
គួរជម្រាបផងដែរថា លោក ហេង កុសល ម្ចាស់ហាងលក់គ្រឿងបន្លាស់ឡាន HENG KOSAL AUTO PARTS បានប្រើរូបមន្តទាំង៤ខាងលើនេះ ដឹកនាំអាជីវកម្មអស់រយៈពេលជាង២០ឆ្នាំមកហើយ និងនៅតែបន្តទទួលបានភាពរីកចម្រើន និងការគាំទ្រពីសំណាក់អតិថិជនទាំងថ្មី និងចាស់ ឥតរីងស្ងួត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook