ធ្វើការយូរសល់តែក្បាលពោះ! នេះជាទម្លាប់បំផ្លាញលុយធំៗ ៤ អ្នកមានចំណូលខ្ទង់ ៥០០$ ចូលចិត្តធ្វើបំផុត
Kan DaraSEPTEMBER 16 2025132 views

ធ្វើការយូរហើយសល់តែក្បាលពោះ គឺជាពាក្យស៊កសៀត ឆ្លៀតលេងបន្លំមែន របស់បុគ្គលិកកំពុងបម្រើការក្នុងស្ថាប័នមួយចំនួន។ នេះពុំមែនជារឿងលេងសើចទេ តែជាជំងឺមហារីកមួយលើទម្លាប់ចាយវាយលុយកាក់ខុសផ្លូវទាំងមិនដឹងខ្លួន និងជាប់អន្ទាក់ធ្លាក់ក្នុងរណ្តៅបំណុល ព្រោះតែទម្លាប់បំផ្លាញលុយធំៗ ៤ ខាងក្រោមនេះ៖

 

១/. មិនចាត់ចែងហោប៉ៅលុយ៖ «បើអ្នកមិនគ្រប់គ្រងលុយ នោះលុយនឹងគ្រប់គ្រងអ្នក»។ អ្នកមានចំណូលមធ្យមភាគច្រើនមិនបានគ្រប់គ្រងលំហូរសាច់ប្រាក់ឲ្យមានសណ្តាប់ធ្នាប់នោះទេ ខណៈមានមនុស្សតិចតួចប៉ុណ្ណោះដែលបានរៀបចំផែនការហិរញ្ញវត្ថុត្រឹមត្រូវ និងមានភាពច្បាស់លាស់សម្រាប់កញ្ចប់ថវិការបស់ខ្លួន។ ការណ៍នេះហើយ បើទោះបីរកបានចំណូលច្រើនប៉ុនណា ក៏ពិបាកសល់ទ្រព្យណាស់ ព្រោះមានទម្លាប់រកបានប៉ុន្មានចាយប៉ុណ្ណឹង។

 

២/. ចាយតាមអារម្មណ៍៖ មនុស្សវ័យកណ្តាល និងយុវវ័យ មានទំនោរចូលចិត្តចាយលុយតាមចំណង់ ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ ពួកគេចង់បានអ្វី ឬនឹកឃើញអ្វីភ្លាមក៏សម្រេចចិត្តដកលុយចេញពីហោប៉ៅទិញរបស់នោះភ្លាម ដោយពុំបានគិតល្អិតល្អន់នោះទេ។ លើសពីនេះ ពួកគេបែងចែកមិនដាច់រវាងតម្រូវការពិតប្រាកដ និងការចង់បាន ជាហេតុធ្វើឲ្យមានទម្លាប់ចាយវាយខ្ជះខ្ជាយ និងមិនចំគោលដៅ។

 

៣/. ប្រើប្រាស់សេវាបង់រំលស់លើសពីសមត្ថភាពខ្លួន៖ ដូចយើងបានដឹងរួចមកហើយថា នាពេលបច្ចុប្បន្ននេះដើម្បីបង្កភាពងាយស្រួលដល់អតិថិជន និងអាចឈរជើងក្នុងទីផ្សារប្រកួតប្រជែងខ្លាំងបាន មានក្រុមហ៊ុនជាច្រើនបានបង្កើតនូវសេវាកម្មបង់រំលស់ ឬបង់ជាដំណាក់កាលក្នុងគោលបំណងជួយសម្រួលដល់អតិថិជនដែលពុំមានលទ្ធភាពបង់ផ្តាច់។

 

ប៉ុន្តែទន្ទឹមនឹងភាពវិជ្ជមានវាក៏ជះផលអវិជ្ជមានដល់អ្នកដែលធ្វើការសម្រេចចិត្តប្រើប្រាស់សេវាបង់រំលស់ដែលលើសពីសមត្ថភាពរបស់ខ្លួនផងដែរ ហើយវាជាមូលហេតុមួយដែលធ្វើឲ្យពួកគេផុងខ្លួនទៅក្នុងរណ្តៅនៃបំណុល។​ ក្នុងនោះមានមនុស្សមិនតិចទេដែលកំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះដូចជាយុវវ័យ និងមនុស្សវ័យកណ្តាល​ ជាពិសេសអ្នកដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ។ ពិនិត្យពីសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យត្រឹមត្រូវ។

 

៤/. ធ្វើការដើម្បីតែលុយ៖ អ្នកធ្វើការមួយចំនួនមើលឃើញតែម្យ៉ាងប៉ុណ្ណោះគឺ “លុយ ដោយពុំបានចាប់អារម្មណ៍ពីគោលដៅធំបំផុតក្នុងជីវិតរបស់ខ្លួនឡើយ។ ពួកគេយល់ថាដើម្បីអាចក្លាយជាអ្នកមាន ត្រូវខំប្រឹងធ្វើការឲ្យខ្លាំងដូចជាការថែមម៉ោងជាដើម។ ការយល់ឃើញបែបនេះ វាមិនត្រឹមត្រូវទាំងស្រុងឡើយ ព្រោះការលក់ពេលវេលា និងកម្លាំងកាយលើសលប់ មិនអាចឲ្យអ្នកក្លាយជាអ្នកមាននោះទេ ហើយថែមទាំងបំផ្លាញសុខភាពកាន់តែដុនដាបទៀតផង។

  

សរុបមកវិញ មិនថាបុគ្គលិក ឬម្ចាស់អាជីវកម្មនោះទេ បើចង់សល់ទ្រព្យ មិនជាប់បំណុល ចូរចៀសវាងទម្លាប់បំផ្លាញលុយធំៗទាំង ៤ ខាងលើ។ លុយរកបានពីកម្លាំងញើសឈាមមានតម្លៃណាស់ រីឯពេលវេលាបង់លើការងារពីមួយថ្ងៃទៅមួយរឹតតែមិនអាចកាត់ថ្លៃបាន ដូច្នេះចូរប្រើប្រាស់វាប្រកបដោយភាពឆ្លាតវៃ និងប្រសិទ្ធភាពខ្ពស់បំផុត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large       

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia