ការទន្ទឹងរង់ចាំជិតចូលមកដល់ហើយ ខណៈផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” ដែលជាផ្សារថ្មីមួយបង្កើតឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងចាប់ផ្ដើមបើកដំណើរការសាកល្បងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ និងគម្រោងបើកដំណើរការផ្លូវការនៅខែតុលា ឆ្នាំ២០២៥ខាងមុខផងដែរ។ ផ្សារទេសចរណ៍មួយនេះ គឺជាកន្លែងប្រមូលផ្ដុំទៅដោយផលិតផលរបស់ខ្មែរសុទ្ធ ១០០ % និងធំជាងគេមួយនៅរាជធានីភ្នំពេញ ដែលមានតូបលក់សរុបចំនួន ១២៤ តូបឯណោះ។
ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” បង្កើតឡើងដើម្បីជាគោលដៅទេសចរណ៍ថ្មីមួយសម្រាប់រាជធានីភ្នំពេញ និងជួយជំរុញលើកស្ទួយជីវភាពក្រុមប្រជាពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាជីវកម្មខ្នាតតូច មធ្យម (SMEs) ដែលអាចចូលរួមដាក់លក់ផលិតផលស្នាដៃខ្មែរ ក៏ដូចជាម្ហូបអាហារប្រចាំតំបន់របស់ខ្លួននៅក្នុងផ្សារទំនើប។ មួយវិញទៀត ក្នុងគោលបំណងលើកតម្កើងវប្បធម៌ដ៏ល្អឥតខ្ចោះរបស់ខេមរជាតិយើង ខណៈគណៈគ្រប់គ្រងផ្សារទំនើបនឹងរៀបចំការសម្ដែងទស្សនីយភាពបែបបុរាណ សម័យ ប្រពៃណី និងប្រជាប្រិយ ដូចជា៖ របាំ ល្ខោនគ្រប់ទម្រង់ អាយ៉ៃ ចាប៉ីជាដើម និងមានរៀបចំសកម្មភាពទាំងឡាយណាបម្រើដល់ការកម្សាន្ដរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ការបង្កើតផ្សារទេសចរណ៍ថ្មី ដោយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនរបស់ខ្មែរខាងលើនេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួង-ស្ថាប័នធំៗជាច្រើនដូចជា៖ ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
សូមជម្រាបថា ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” គឺមានទីតាំងស្ថិតនៅលើជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទល់មុខនឹងផ្សារ ជីប ម៉ុង ស៊ុបភឺម៉ាឃីត ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣ ០០០ ម៉ែត្រការ៉េ ដែលចំណាយទុនប្រមាណកន្លះលានដុល្លារ និងមានការរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុត។ ចំពោះការបើកដំណើរការផ្សារនេះវិញ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១០យប់។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការតាមដានហ្វេសប៊ុកផេក ភូមិខ្មែរអ្នកធ្វើ-Phum Khmer Nak Tver ឬហ្វេសប៊ុកផេក Chip Mong 271 Mega Mall ៕