ក្នុងចំណោមបញ្ហាទាំងអស់នៃដំណើរការដឹកនាំ បញ្ហាទាស់ទែងគំនិតនិងភាពមិនចុះសម្រុងគ្នារវាងសមាជិកក្រុមតែងកើតមានជារឿយៗស្ទើតែគ្រប់ស្ថាប័នទាំងអស់ ហើយវាបានក្លាយទៅជាក្តីព្រួយបារម្ភដ៏ធំមួយសម្រាប់ថ្នាក់ដឹកនាំគ្រប់រូប។
ដោយមើលឃើញពីបញ្ហានេះ លោក ឈាង ឈុនលាង ជាអគ្គនាយករង 3WINBIZ(Cambodia) បានថ្លែងប្រាប់ Business Cambodia នូវគន្លឹះ ៣យ៉ាង ដែលថ្នាក់ដឹកនាំគួរធ្វើជាបន្ទាន់ ពេលសមាជិកក្រុមខ្វែងគំនិតគ្នា៖
១/. ប្រកាន់គោលការណ៍ជាកណ្តាល
លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំត្រូវឈរលើចំណុចកណ្តាលជានិច្ចមិនអាចលំអៀងទៅខាងណាជាងខាងណានោះទេ។ អ្នកដឹកនាំប្រៀបដូចជាឪពុកម្តាយ ជាបង និងជាអ្នកប្រឹក្សាយោបល់សម្រាប់សមាជិកក្នុងក្រុមគ្រប់រូប បើទោះបីជាមានរឿងអ្វីក៏ដោយក៏មិនអាចមានចិត្តងាករេទៅខាងណាជាងនោះដែរ»។ ការប្រកាន់គោលការណ៍កណ្តាលនឹងជួយឲ្យអ្នកមានសមត្ថភាព និងឈរលើភាពត្រឹមត្រូវក្នុងការដោះស្រាយបញ្ហា។ មិនតែប៉ុណ្ណោះអ្នកនឹងក្លាយទៅជាអ្នកដឹកនាំដ៏ល្អមួយរូបក្នុងក្រសែភ្នែកមនុស្សនៅក្រោមបង្គាប់ និងជាគំរូល្អសម្រាប់ថ្នាក់ដឹកនាំផ្សេងទៀត។
២/. ស្វែងរកពីឬសគល់នៃបញ្ហា
“មានភ្លើងទើបមានផ្សែង មានហេតុទើបមានផល” បញ្ហា ឬភាពមិនចុះសម្រុងគ្នាអាចកើតមានឡើងរមែងតែងមានហេតុភេទរបស់វា។ លោក ឈាង ឈុនលាង បានថ្លែងថា៖ «ស្វែងរកឲ្យឃើញពីដើរចមដែលធ្វើឲ្យកើតមាននូវរឿងរ៉ាវជាអវិជ្ជមានទាំងនោះ។ នៅពេលដែលអ្នករកឃើញហើយ អ្នកអាចមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពច្បាស់លាស់និងយុទ្ធតិធម៌ឈរលើផ្លូវមានដែលភាគីទាំងសងខាងយល់ស្រប និងព្រមទទួលយកដោយពុំមានមន្ទិលនៅក្នុងចិត្ត»។ ការធ្វើបែបនេះវាមិនត្រឹមតែជួយអ្នកឲ្យដោះស្រាយបញ្ហាឈរលើតម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយឲ្យអ្នកក្លាយជាមេដឹកនាំដែលមានឥទ្ធិពលមួយរូបផងដែរ។
៣/. លើកបង្ហាញពីបញ្ហាដែលត្រូវប្រឈម
លោកបានបន្តទៀតថា៖ «ជាថ្នាក់ដឹកនាំអ្នកមានតួនាទីបកស្រាយ និងលើកបង្ហាញពីផលប៉ះពាល់ជាអវិជ្ជមានដល់ស្ថាប័ន ឬការងារជាក្រុមនៅពេលដែលមានភាពចម្រូងចម្រោះកើតមានឡើងក្នុងផ្នែកណាមួយ»។ ព្យាយាមលើកបង្ហាញពីគុណវិបត្តិទាំងឡាយដែលបណ្តាលមកពីភាពរកាំរកូសរបស់ពួកគេ ហើយព្យាយមលើកទឹកចិត្តនិងរកដំណោះស្រាយល្អៗដែលជួយឲ្យពួកគេទទួលបានអារម្មណ៍វិជ្ជមាន រួមទាំងមានស្មារតីសាមគ្គីគ្នាក្នុងធ្លុងមួយឆ្ពោះទៅកាន់ការសម្រេចគោលដៅរួម។
គួរជម្រាបផងដែរថា ក្រុមការងារប្រៀបដូចជាមនុស្សមួយក្រុមជិះលើទូកតែមួយ មានគោលដៅឆ្ពោះទៅត្រើយតែមួយដូចគ្នា ដូច្នេះបើម្នាក់ចង់ទៅឆ្វេងម្នាក់ចង់ទៅស្តាំង ច្បាស់ណាស់នឹងជួបគ្រោះភ័យមិនខាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24