នេះពិតជា ដំណឹងល្អមួយសម្រាប់ប្រជាជននៅក្នុងខេត្តតាកែវ ខណៈខេត្តសក្តានុពលមួយនេះបានទទួលនូវរោងចក្រថ្មីចំនួន ២បន្ថែមទៀតដែលមានតម្លៃសរុបចូលគ្នារហូតដល់ទៅ ១០លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នៅក្នុងនោះដែរ សម្រាប់រោងចក្រថ្មីទាំង២ ទីតាំងនេះ ដែលនឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ រួមមានដូចជា៖
១.រោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ គ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ និងប្រអប់ដាក់សម្ភារៈជាង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៤៣កន្លែង។
២. រោងចក្រផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២០០កន្លែង។
សូមរំលឹកថា គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ី(ពាន់)លានដុល្លារ ខណៈកើនឡើង ៧១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CDC ចុះផ្សាយនាថ្ងៃទី៣ ខែកញ្ញា។
លើសពីនេះទៅទៀត ការវិនិយោគមកកាន់កម្ពុជាពីបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ី និងបណ្តាអាស៊ីប៉ាស៊ីហ្វិក កំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ជាពិសេស ការរួមចំណែករបស់កម្ពុជា និងសិង្ហបុរីបង្ហាញថាកម្ពុជាកំពុងអភិវឌ្ឍជាទីផ្សារមានសក្តានុពលសម្រាប់វិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍៕