មិនមែនចិន មិនមែនជប៉ុន ប៉ុន្ដែក្រុមហ៊ុនអាមរិកចំនួន ១៧ បង្ហាញចំណាប់អារម្មណ៍ពង្រីកអាជីវកម្មនៅកម្ពុជា
Bunthoeun KoemFEBRUARY 29 20242.9 K views

ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។

 

429524501 379979104834597 1352602769766291813 N

 

ជាក់ស្ដែងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក Brian D. McFeeters  អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

អ្វីដែលចាប់អារម្មណ៍ក្នុងជំនួបខាងលើ លោក Brian McFeeters បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលតំណាងឱ្យក្រុមហ៊ុនធំៗ ប្រមាណ១៧ ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារលក់រាយ និងកម្មន្តសាល ថាមពល ធានារ៉ាប់រង បានបង្ហាញចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានស្នើសុំស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគផងដែរ។

 

392858189 379979094834598 5558819581387137377 N

 

ជាការឆ្លើយតបសម្ដេចធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការបោះទុនវិនិយោគនៅកម្ពុជា ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា។ ក្នុងនោះសម្ដេចក៏បានលើកទឹកចិត្តឱ្យ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

409090317 379979324834575 2346593103358634150 N

 

សូមជម្រាបថា ក្រុមហ៊ុនទាំង ១៧ ដែលមានចំណាប់អារម្មណ៍ និងបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានោះរួមមាន៖

១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition)

២. ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ

៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex

៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ

៥. ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលគ្រឿងសម្អាង

៦. ក្រុមហ៊ុន FedEx Express គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់លើសេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងសេវាកម្មធុរកិច្ច

៧. ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិត និងតម្លើងរថយន្តដ៏ល្បីល្បាញរបស់អាមេរិក

៨. ក្រុមហ៊ុន Jhpiego ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យសុខាភិបាល

៩. ក្រុមហ៊ុនធានារ៉ាប់រង Manulife

១០. ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក

១១. ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram

១២. ក្រុមហ៊ុន Pfizer ប្រចាំប្រទេសថៃ និងឧបទ្វីបឥណ្ឌូចិន ។ Pfizer គឺជាក្រុមហ៊ុនផលិតឱសថ និងវ៉ាក់សាំងឈានមុខមួយរបស់អាមេរិក

១៣. ក្រុមហ៊ុន Philip Morris International

១៤. ក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការនាំចូល និងដំឡើងរថយន្ត, សម្ភារបរិក្ខារ, សេវាកម្ម និង franchises លើផ្នែកម្ហូបអាហារ

១៥. ក្រុមហ៊ុន Roche ដែលជាក្រុមហ៊ុនផ្តោតលើបរិវត្តកម្មបច្ចេកវិទ្យាលើវិស័យសុខាភិបាល

១៦. ក្រុមហ៊ុន Tilleke & Gibbins ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមេធាវី

១៧. ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក៕

 

429526339 379989471500227 332390666608783018 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia