លោកតាវ័យ១០០ឆ្នាំ បំបែកកំណត់ត្រាធ្វើការក្រុមហ៊ុន១អស់៨៤ឆ្នាំ ពោលពាក្យផ្ដាំផ្ញើចាក់ដោតបែបនេះ
Kan DaraSEPTEMBER 8 2024389 views

តាំងពីចូលប្រឡូកក្នុងវិស័យការងារមក តើស្ថាប័នឬក្រុមហ៊ុនណាដែលអ្នកបម្រើការយូរបំផុត? រយៈពេលប៉ុន្មានដែរ? ខណៈដែលលោក Walter Orthmann បានបំបែកឯតទគ្គកម្មពិភពធ្វើការរយៈពេលយូរបំផុតនៅក្នុងក្រុមហ៊ុនតែមួយ រហូតដល់វ័យ១០០ឆ្នាំ។

 

លោក Walter Orthmann កើតនាថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩២២ ក្នុងទីក្រុង Brusque ប្រទេសប្រេស៊ីល។ ត្រឹមវ័យ១៥ឆ្នាំ ក្មេងប្រុសជំទង Orthmann បានទទួលការងារដំបូងដែលអនុញ្ញាតឲ្យគាត់អាចរកប្រាក់កម្រៃបានខ្លះដើម្បីជួយគ្រួសារកំពុងមានវិបត្តិហិរញ្ញវត្ថុ។ ជាភ័ព្វសំណាងដោយសារជំនាញភាសាអាឡឺម៉ង់ គាត់ត្រូវបានជួលជាជំនួយការផ្នែកដឹកជញ្ជូនសម្រាប់ក្រុមហ៊ុនវាយនភណ្ឌ Industrias Renaux S.A. (ប្តូរឈ្មោះមកជា ReneauxView នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៣៨)។ មិនយូរប៉ុន្មានគាត់ត្រូវបានដំឡើងឋានៈជាបុគ្គលិកផ្នែកលក់ ហើយបន្ទាប់មកបានក្លាយជាប្រធានផ្នែកលក់។

 

រឿងដ៏គួរឲ្យភ្ញាក់ផ្អើល តាំងពីគ្រានោះរហូតមកទល់បច្ចុប្បន្ន លោកនៅតែបម្រើការក្នុងក្រុមហ៊ុននោះដដែល បើគិតជាពេលវេលាគឺអស់រយៈពេលជាង ៨៤ ឆ្នាំមកហើយ។ ចំនួននេះត្រូវបានផ្ទៀងផ្ទាត់នៅថ្ងៃទី ៦ ខែមករា ដោយផ្តល់ឱ្យគាត់នូវកំណត់ត្រាពិភពលោក Guinness សម្រាប់អាជីពយូរបំផុតនៅក្នុងក្រុមហ៊ុនតែមួយ ដោយសរសេរអក្សរលើស្លាកកំណត់ត្រានេះថា «សមិទ្ធិផលប្រកបដោយមោទកភាពបំផុត»។

 

Walter Orthmann បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនមានផែនការច្រើនទេ ហើយក៏មិនខ្វល់ច្រើនអំពីថ្ងៃស្អែកដែរ។ អ្វីដែលខ្ញុំខ្វល់នោះគឺថា ថ្ងៃស្អែកជាថ្ងៃមួយទៀតដែលខ្ញុំនឹងក្រោកពីគេង ហាត់ប្រាណ និងទៅធ្វើការ»។ លោកតាបានបន្តទៀតថា៖ «អ្នកត្រូវរវល់ជាមួយបច្ចុប្បន្ន មិនមែនអតីតកាល ឬអនាគតទេ។ នៅទីនេះ និងឥឡូវនេះគឺជាអ្វីដែលអ្នកត្រូវផ្តោតធ្វើ»។

 

យ៉ាងណាមិញ ដូចទៅនឹងជីវិតយើងគ្រប់គ្នាដែរ ចូលកុំរំលឹកពីអតីតកាលខ្មៅងងឹតនាំឈឺចាប់ ឬកុំឲ្យស្រមោលពីអតីតរួមរឹតដើរទៅមុខមិនរួច និងពុំគួរអនុញ្ញាតឲ្យអនាគតដែលស្រពិចស្រពិលមើលមិនធ្លុះមកបន្លាច ឬប្រឌិតរូបភាពឲ្យអ្នកសុញគំនិតធ្វើអ្វីមិនកើតនោះទេ តែអ្នកត្រូវផ្តោតលើបច្ចុប្បន្នភាពហើយធ្វើវាឲ្យល្អបំផុត នោះជីវិតនឹងមិនស្តាយក្រោយឡើយ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia