បើគិតចាប់តាំងពីថ្ងៃបើកសម្ពោធការរដ្ឋានសាងសង់រហូតមកដល់ពេលនេះព្រលានយន្តហោះអន្ដរជាតិថ្មីៗចំនួនពីររបស់កម្ពុជាគឺ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬព្រលានយន្ដហោះតេជោក្រុងតាខ្មៅ និង ព្រលានយន្តហោះ អន្តរជាតិសៀមរាប-អង្គរ សព្វថ្ងៃកំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាងណាឱ្យរួចរាល់តាមការកំណត់។ តាមការគ្រោងទុកគម្រោងព្រលានយន្ដហោះអន្ដរជាតិទាំងពីរនេះ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខដូចគ្នា។ តើលោកអ្នកទេថា មកដល់ពេលនេះ ព្រលានយន្ដហោះទាំងពីរខាងលើដំណើរការដល់ណាហើយ?
តាមការបញ្ជាក់ពីឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យអាកាសចរស៊ីវិល តាមរយៈក្រសួងព័ត៌មានបានឲ្យដឹងថា មកទល់ពេលនេះព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ សាងសង់បានជិត ៣០ ភាគរយហើយខណៈដែលគម្រោងនេះត្រូវបានគេរំពឹងថា និងបញ្ជប់នៅការសាងសង់ទាំងស្រុងក្នុងខែមីនា ឆ្នាំ២០២៣ ហើយដាក់ឱ្យប្រើប្រាស់នៅក្នុងខែ តុលា ឬ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ បន្ទាប់ពីប្រើរយៈ ពេល ៦ ខែសម្រាប់ការស្នើសុំវិញ្ញាបនបត្រសុវត្ថិភាព និងការសាកល្បងប្រព័ន្ធអាកាស យានដ្ឋានទាំងមូល ។
សូមជម្រាបថា រយៈពេលនៃការសាងសង់ព្រលាននេះមានសរុប គឺ ៣៦ខែ ខណៈដែលគម្រោងត្រូវបានបើកការដ្ឋានសាងសង់កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០កន្លងទៅ ។
ដោយឡែកព្រលានយន្តហោះអន្តជាតិភ្នំពេញថ្មី ឬព្រលានយន្ដហោះតេជោក្រុងតាខ្មៅ ក៏កំពុងតែដំណើរការសាងសង់ យ៉ាងរលូនផងដែរ។ ព្រលានយន្ដហោះថ្មីនេះ ត្រូវបានធ្វើការសាងសង់ ៣ ដំណាក់កាលដោយដំណាក់កាលទី១ នឹងសម្រេចរួចរាល់ ក្នុងឆ្នាំ ២០២ ខណៈមកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ២៥ ភាគរយ (នេះបើតាមការបញ្ជាក់ពីមន្រ្ដីជាន់ខ្ពសអាកាសចរស៊ីវិលកាលពីចុងឆ្នាំ២០២១កន្លងទៅ) ។ ចំពោះដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ ៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ