ធ្វើអ្វីក៏ត្រូវមានចំណុចចាប់ផ្តើមដំបូង គ្រប់យ៉ាងផ្តើមចេញពីមួយជំហានទើបមានមួយរយជំហានបន្ទាប់។ ប្រសិនបើអ្នកកំពុងនៅចំណុចមួយទាប ត្រូវក្លាហាន តស៊ូ ហ៊ានចេញរកស៊ីពីដើមទុនតិចតួច កុំអន់ចិត្ត កុំអស់សង្ឃឹម យើងមានតិច ត្រូវចាប់ផ្ដើមពីតិច តែចិត្តយើងឱ្យធំ។ ខាងក្រោមនេះគឺជា មុខរបរដំបូងរបស់សេដ្ឋីគ្រាក់ៗស្រុកខ្មែរ៤រូប ដែលអាចរៀនបាន៖
១/. អ្នកឧកញ៉ា ភាព ហៀក
បើនិយាយពីឈ្មោះរបស់អ្នកឧកញ៉ា ភាព ហៀក បងប្អូនខ្លះមិនទាន់ស្គាល់នៅឡើយទេ តែបើនិយាយពីអាណាចក្រជីប ម៉ុងវិញ គ្រប់គ្នាប្រាកដជាស្គាល់ ដែលមានស្រ្ដីខ្លាំងម្នាក់នៅពីក្រោយ គឺអ្នកឧកញ៉ា ភាព ហៀក នេះឯង។ ចេញរកស៊ីដំបូងពីដើមទុនមាស២ជី ទិញ-លក់អេតចាយចាស់ៗ សន្សំកាក់សេនតិចតួច រហូតមើលឃើញឱកាស ចាកចោលពាក្យ “ស្រ្ដីវិលចង្រ្កានមិនជុំ” ហើយក៏បាននាំយកដែកថ្មីល្អៗមកពីប្រទេសថៃដើម្បីមកលក់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុក រហូតនៅឆ្នាំ១៩៩០ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បាននាំចូលស៊ីម៉ង់ត៍ពីប្រទេសថៃមកបំពេញតម្រូវការក្នុងស្រុកបន្ថែមដែរ។ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនជីប ម៉ុង គ្រុប ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនមួយដ៏ធំដែលក្តោបក្តាប់ជំនួញលើវិស័យធំៗនៅកម្ពុជា ដែលផ្តើមចេញពីរបរតូចតាច ដើមទុនតិចតួច លក្ខណៈគ្រួសារ តែអាចវិវត្តន៍ខ្លួនរីកចម្រើនកសាងជំនួញមហាសាល ក្លាយជាក្រុមហ៊ុនស្តង់ដារអន្តរជាតិមានកេរ្តិ៍ឈ្មោះល្បីលើឆាកជាតិ និងអន្តរជាតិ។
២/. លោកជំទាវឧកញ៉ា កែវ មុំ
បើគិតមកទល់នឹងពេលនេះ ក្រុមហ៊ុនផលិតនំស្រួយលីលី ចាប់កំណើតឡើងមានអាយុកាលជាង ២០ឆ្នាំមកហើយ។ ក្រុមហ៊ុននំស្រួយលីលីចាប់កំណើតឡើងក្នុងឆ្នាំ ២០០២ ដែលមានលោកជំទាវ កែវ មុំ ជានាយិកា ហើយដើមទុនដើម្បីចាប់ផ្ដើមអាជីវកម្មនេះ គឺកើតចេញពីការលក់ផ្ទះរបស់ខ្លួនដោយសារតែការជឿជាក់លើអាជីវកម្មមួយនេះថានឹងអាចទទួលបាននូវភាពជោគជ័យ។
ប៉ុន្តែទម្រាំឈានមកដល់ចំណុចជោគជ័យដូចបច្ចុប្បន្ន លោកជំទាវក៏ធ្លាប់បានឆ្លងកាត់នូវភាពបរាជ័យ និងឧបសគ្គជាច្រើនស្ទើរតែរាប់មិនអស់ផងដែរ។ លោកជំទាវធ្លាប់ប្រឡូកនូវមុខរបរជាច្រើនមុខមកហើយតាំងពីការលក់ខោអាវជជុះ ការលក់ដូរចាប់ហួយតូចតាច មុនពេលជួបជាមួយជនជាតិសិង្ហបុរីម្នាក់ដែលបានបំផុសគំនិតឱ្យលោកជំទាវបោះបង់របរលក់ចាប់ហួយចោល ហើយប្ដូរមកចាប់មុខរបរធំដុំវិញ។
៣/. អ្នកឧកញ៉ា ពុង ឃាវសែ
គ្រប់គ្នាបានស្គាល់រួចមកហើយ ពីអ្នកឧកញ៉ា ពុង ឃាវសែ អ្នកជំនួញអាត់កឺស្រុកខ្មែរ នៅពីក្រោយគម្រោងគ្រាក់ៗជាច្រើនដូចជា ព្រលានយន្ដហោះភ្នំពេញថ្មី ទីក្រុងរណបកោះពេជ្រ ជ្រោយចង្វារ កោះនរា អូឡាំព្យាស៊ីធី ផ្សារទំនើបសូរិយា សុវណ្ណា ក៏ដូចជាធនាគារកាណាឌីយ៉ា ជាដើម។ ក៏ប៉ុន្ដែមេរៀនចាប់ផ្ដើមរកស៊ីដែលយើងគួររៀនសូត្រពីគាត់គឺ គាត់ហ៊ានរើបម្រាស់ មិនបោះបង់ ដោយយកថវិកាសល់ពីការធ្វើការនៅស្រុកគេតិចតួច បើកតូបតូចមួយ ដោយចាប់មុខរបរធ្វើជាជាងមាស។ រហូតដល់ឆ្នាំ១៩៨៨ អ្នកឧកញ៉ាពុង ឃាវសែ ព្យាយាមកាត់យកប្រាក់ចំណេញ ពីការរកស៊ីមុខរបរនៅស្រុកគេ ដាក់ទុនមកស្រុកខ្មែរ ហើយក៏បានចាប់ផ្ដើមត្រលប់មកស្រុកខ្មែរវិញ ជាមួយមុខរបរ ជាងមាស កាក់មាស សេវាកម្មធនាគារជាដើម រហូតអាចបង្កើតធនាគារកាណាឌីយ៉ា ដ៏ធំស្កឹមស្កៃរហូតដល់សព្វថ្ងៃនេះ។
៤/. ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី
តាមរយៈសកម្មភាពសប្បុរសធម៌ ការធ្វើបុណ្យរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ធ្វើឲ្យប្រជាជនខ្មែរភាគច្រើនបានស្គាល់ ព្រមទាំងដឹងផងដែរថា លោកជាសេដ្ឋីកសិកម្មមួយរូប លេចធ្លោនៅកម្ពុជា។ ត្រលប់ទៅកាន់រឿងដើមវិញ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរើបម្រាស់ខ្លួន ជាមួយដើមទុនមាស៣ហ៊ុន ជាក្រវិលរបស់ភរិយា ដោយចាប់មុខរបរអាំងសាច់គោនំបុ័ងលក់ ដោយសារតែការតស៊ូ មិនបោះបង់នោះលោកក៏បានឆ្លៀតស៊ីឈ្នួលគេ លីប៉ាវផង រត់កង់ឌុបផង ដែលជាដំណើរជីវិតមិនអាចបំភ្លេចបាន។ នេះហើយជាការចាប់ផ្ដើមតស៊ូក្នុងជំនួញ រហូតធ្វើឱ្យលោកមានបានដល់សព្វថ្ងៃ។
យ៉ាងណាមិញការប្រកបរបររកស៊ី ឬបើកដំណើរការអាជីវកម្មមួយឲ្យទទួលបានជោគជ័យមិនប្រាកដថា ទាល់តែមានដើមទុនច្រើនជាដំកំភួនទើបអាចធ្វើទៅរួចបាននោះទេ។ ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថាស្ទើរគ្រប់មហាសេដ្ឋី បុគ្គលជោគជ័យ សហគ្រិនមានជំនួញធំៗក្នុងដៃរាប់ចាប់តាំងពីក្នុងស្រុកធ្លាយដល់ក្រៅស្រុក សុទ្ធសឹងតែកើតចេញពីត្រកូលគ្រួសារក្រីក្រ និងមានទ្រព្យធនតិចតួចបំផុត ហើយពួកគេបានចាប់ផ្តើមជាមួយនឹងដើមទុនស្តួចស្តើងដែលខ្លួនមាន បូកផ្សំនិងការខិតខំរកស៊ីដុះខាត់ខ្លួនឥតឈប់ឈរ រហូតទទួលបានភាពជោគជ័យនូវទីបំផុត។ ហ៊ានចេញរកស៊ីដើម្បីប្រទេសកម្ពុជា ក្លាយជាប្រទេសរីកចម្រើនខ្លាំង សម្បូរទៅដោយសហគ្រិនជំនាន់ថ្មី រកស៊ីបែបថ្មី រកស៊ីមុខរបរអនាគត នាំគ្នានាំចេញជាងនាំចូល នាំគ្នាហ៊ានលំបាកទៅកសាងយីហោខ្មែរ ដើម្បីបរទេសមានឱកាសសាកស្នាដៃខ្មែរ៕ ខំប្រឹងរកស៊ីណា៎!
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦