ក្នុងប្រវត្តិសាស្ត្រកម្ពុជាតាំងពីបុរាណកាលដល់បច្ចុប្បន្ន មិនថានៅទីក្រុង ជនបទ ស្រុកស្រែចំការឬបណ្តាខេត្តខណ្ឌចង្កាត់មាត់ញកនោះទេ គឺតែងមានបង្កប់នូវធនធានមនុស្សចម្រុះវិស័យដែលមានស្នាដៃក្នុងការកសាងកេរ្តិ៍ឈ្មោះ និងបម្រើសង្គមជាតិទាំងមូល។ ដោយឡែកថ្ងៃនេះ Business Cambodia នឹងដឹកដៃមិត្តអ្នកអានមកស្គាល់អភិបាលខេត្តវ័យក្មេង៣រូប របស់កម្ពុជា មានសមត្ថភាព និងប្រវត្តិមិនធម្មតា៖
១/. ឯកឧត្តម ទៀ សីហា (អភិបាលខេត្តសៀមរាប ចូលកាន់តំណែង ខែធ្នូ ឆ្នាំ២០១៨)
ឯកឧត្តម ទៀ សីហា ជាអភិបាលខេត្តសៀមរាប ដែលមានស្នាដៃអភិវឌ្ឍម្នាក់។ លោកកើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨០ ក្នុងទឹកដីរាជធានីភ្នំពេញ ជាកូនទី២ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
កាលកុមារភាពលោកបានសិក្សានៅសាលាបឋមសិក្សាចតុមុខ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លុះវ័យជំទង់ លោកត្រូវបានបញ្ជូនទៅសិក្សានៅសាលា Lycee Passy Saint-Honore ប្រទេសបារាំង រហូតប្រឡងចូលមហាវិទ្យាល័យនៅទីនោះ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Passy Saint-Honore នាទីក្រុមប៉ារីស ក្នុងឆ្នាំ២០០១។
ក្រោយបញ្ចប់ការសិក្សាយុវជន សីហា បានវិលត្រឡប់មកកាន់មាតុភូមិវិញភ្លាមៗ រួចចូលបម្រើជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឆ្នាំ២០១៣ លោកត្រូវបានតែងតាំងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរៀប។ លោក ទៀ សីហា ក៏ជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អត្ថលេខ ០១៩៨៦៤ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១១ និងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ដោយព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤។
២/. លោកជំទាវ មិថុនា ភូថង (អភិបាលខេត្តកោះកុង ចូលកាន់តំណែង ខែមិថុនា ឆ្នាំ២០១៧)
លោកជំទាវ មិថុនា ភូថង ជាភិបាលខេត្តកោះកុង និងជាស្ត្រីខ្មែរទីមួយឡើងកាន់តំណែងជាក្បាលម៉ាស៊ីនខេត្ត។ លោកជំទាវកើតនៅខែមិថុនា ឆ្នាំ១៩៨០ លើដែនដីសីមាខេត្តកោះកុង ជាកូនស្រីច្បងរបស់លោក យុទ្ធ ភូថង និងជាចៅស្រីរបស់លោក សាយ ភូថង។ លោកជំទាវ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្ត្រ។
លោកជំទាវ ធ្លាប់បានចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការកាលពីឆ្នាំ ២០០៩។ មុនចូលបម្រើការងាររដ្ឋ លោកជំទាវក៏ធ្លាប់បម្រើការងារនៅក្រុមហ៊ុនឯកជនមួយផងដែរ។ លោកជំទាវ មិថុនា ភូថង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកោះកុងកាលអំឡុងឆ្នាំ ២០១៧ តាមការទូលថ្វាយរបស់ប្រមុខរដ្ឋាភិបាល។ ក្នុងវ័យ ៣៩ ឆ្នាំ លោកជំទាវគឺជាអភិបាលខេត្តស្ត្រីដំបូងគេ និងក្មេងជាងគេដែលបានកាន់តួនាទីដ៏ខ្ពង់ខ្ពស់នេះ។
៣/. ឯកឧត្តម ជា សុមេធី (អភិបាលខេត្តព្រៃវែង ចូលកាន់តំណែង ខែមករា ឆ្នាំ២០១៦)
ឯកឧត្តម ជា សុមេធី ជាអភិបាលខេត្តព្រៃវែង ដែលមានសមត្ថភាពម្នាក់។ លោកកើតនាខែមិថុនា ឆ្នាំ១៩៧៦ ខេត្តព្រៃវែង ជាកូនប្រុសពៅក្នុងចំណោមបងប្អូនបង្កើត ៧នាក់ របស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន។ លោកបានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យមួយក្នុងប្រទេសថៃ មុនពេលបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅសហរដ្ឋអាមេរិក និងសិក្សានៅសាលាភូមិន្ទរដ្ឋបាលក្នុងរាជធានីភ្នំពេញ។
មុនមកដឹកនាំជាអភិបាលខេត្តព្រៃវែង លោកធ្លាប់កាន់តួនាទីជាអគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ។ គ្រាទទួលការតែងតាំងជាអភិបាលខេត្តព្រៃវែងក្នុងឆ្នាំ២០១៦ ក្នុងវ័យ៣៩ឆ្នាំ លោកស្ថិតក្នុងចំណោមអភិបាលខេត្តវ័យក្មេងទាំង ៥នាក់ ដែលប្រមុខរដ្ឋាភិបាលជ្រើសរើសផ្តល់តួនាទីជាថ្នាក់ដឹកនាំខេត្ត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦