ដំណឹង! នេះគឺជាចំនួនទឹកប្រាក់ ដែលរដ្ឋសម្រេចឧបត្ថម្ភពីលើប្រាក់ខែ ជូនមន្រ្តីពេលបុណ្យភ្ជុំបិណ្ឌ
ធី ស្រីល័ក្ខJULY 31 202515.7 K views

ក្រសួងមុខងារសាធារណៈ បានជូនដំណឹងថា រដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ឧបត្ថម្ភពីលើប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល សម្រាប់ខែកញ្ញានិងខែតុលា ឆ្នាំ២០២៥ នេះចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀលក្នុងម្នាក់។

តាមរយៈការជូនដំណឹងខាងលើ ក្រសួងមុខងារសាធារណៈ សូមឱ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើក ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែកញ្ញា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

បន្ថែមពីនោះ ត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៥ ឱ្យបានក្នុងសប្តាហ៍ទី១នៃខែតុលា និងលើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣នៃខែតុលា ជូនមន្រ្តីរាជការរបស់ខ្លួន។ ដោយឡែកសម្រាប់ការបើកផ្តល់ប្រាក់បៀវត្សខែវិច្ឆិកា ឆ្នាំ២០២៥ សូមអនុវត្តតាមនីតិវិធីដែលកំណត់ជាធរមាន។

សូមរំលឹកជូនថាបើយោងតាមអនុក្រឹត្យចុះនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការម្នាក់ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យពិធីបុណ្យជាតិធំៗពីរ រួមមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ពិធីបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ៕

១៧

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia