ត្រឹមប៉ុន្មានថ្ងៃចុងក្រោយ ប្រទេសក្បែរខាងកម្ពុជាចំនួន២ កំពុងតែជួបគ្រោះទឹកជំនន់ផ្ទួនៗគ្នា
ធី ស្រីល័ក្ខSEPTEMBER 11 2024176 views

ប្រទេសក្បែរខាងកម្ពុជា គឺប្រទេសថៃ និងប្រទេសវៀតណាម កំពុងជួបគ្រោះទឹកជំនន់ដោយសារឥទ្ធិពលព្យុះ Yagi ដែលធ្វើឱ្យប្រទេសទាំង២ បានជម្លៀសប្រជាជនចេញភ្លាមៗ ខណៈពេលនេះប្រជាជនវៀតណាមចំនួនអ្នកស្លាប់មានជាង ១០០នាក់ហើយ។

 

ជាក់ស្តែង មុននេះបន្តិចបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA បានឱ្យដឹងថា ប្រទេសថៃកំពុងជួបទុក្ខធំព្រោះ ទឹកជំនន់និងការបាក់ដីដែលបង្កឡើងដោយសារព្យុះ Yagi បានឆក់យកជីវិតមនុស្ស៤នាក់នៅភាគខាងជើង និងបានលិចផ្ទះរាប់ពាន់ខ្នងរបស់ប្រជាជន។

នាយករដ្ឋមន្រ្តីថៃ Paetongtarn Shinawatra បាននិយាយថា ជំនួយការកំពុងដំណើរការទៅកាន់គ្រួសារប្រហែល៩ពាន់ ដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តភាគខាងជើងនៃខេត្តឈៀងម៉ៃ និងឈៀងរ៉ៃ។

 

នាយកដ្ឋានឧតុនិយមថៃក៏បានព្រមានផងដែរថា ថៃនឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ដែលនាំមកនូវហានិភ័យនៃទឹកជំនន់ភ្លាមៗជាពិសេសចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា សូមប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ដែលអាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។

17

ជាមួយគ្នានោះដែរ បើក្រឡេកមកមើលប្រទេសវៀតណាមវិញ ប្រជាជនរាប់ពាន់នាក់នៃរដ្ឋធានីរបស់ប្រទេសវៀតណាមដែលកំពុងតែរស់នៅជិតទន្លេក្រហមត្រូវបានជម្លៀសចេញភ្លាមៗ ដោយសារតែឥទ្ធិពលព្យុះ Yagi បានវាយលុកភាគខាងជើងប្រទេសវៀតណាមយ៉ាងខ្លាំងដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងរហូតដល់ទៅ១៤៣នាក់។

 

ព្យុះ Yagi បានបោកបក់លើឆ្នេរភាគខាងជើងនៃប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ ហើយបានផ្លាស់ទីទៅភាគខាងលិច ដោយវាយលុកទីក្រុងហាណូយបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ ព្យុះនេះក៏បានបោកបក់មកលើខេត្តផ្សេងទៀតលើដងទន្លេក្រហមដែលបង្កឱ្យបាក់ស្ពានមួយផងដែរ។

18

សូមជម្រាបថា ព្យុះយ៉ាក់ជី  Yagi ដ៏ខ្លាំងកំពុងវាយប្រហារភាគខាងត្បូងនៃប្រទេសចិន ខណៈព្យុះនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា វាគឺព្យុះដ៏ខ្លាំងបំផុតដែលនឹងវាយលុកប្រទេសអាស៊ីក្នុងឆ្នាំនេះ ដោយព្យុះនេះក៏អាចបន្តជះឥទ្ធិពលមកលើកម្ពុជាផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia