សហគ្រាសជន្លេនមានគោលបំណងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មបែបនិរន្តរភាពជាមួយនឹងសហគមន៍កសិកម្ម ដោយបានផលិតលាមក ឬអាចម៍ជន្លេន សម្រាប់ធ្វើជាជីបំប៉នដំណាំរបស់ប្រជាកសិករឱ្យមានគុណភាពល្អ ទទួលបានតម្លៃខ្ពស់ និងសុវត្ថិភាពដល់អ្នកបរិភោគ ។
កញ្ញា សុន សុធារតន៍ ស្ថាបនិកជន្លេននៃសហគ្រាសជន្លេន បានលើកឡើងថា លាមកឬអាចម៍ជន្លេន មានអត្ថប្រយោជន៍ច្រើន ដោយមិនត្រឹមតែជួយដល់ដំណាំកសិកម្មឱ្យលូតលាស់បានល្អប៉ុណ្ណោះទេ តែថែមទាំងជួយសម្អាតបរិស្ថាន និងជួយដល់ជីវភាពរស់នៅរបស់កសិករ តាមរយៈការកាត់បន្ថយថ្លៃទិញជី និងថ្នាំពុលគីមីកសិកម្ម ។
កញ្ញា បានបន្តថា សម្រាប់ការចិញ្ចឹមជន្លេនយកលាមកធ្វើជាជីនេះ បានបង្កើតឡើងកាលពីចុងឆ្នាំ២០១៨ ដោយសារយល់ឃើញថា វាមានអត្ថប្រយោជន៍ច្រើនដល់ដំណាំ ដែលជាប្រភេទជីធម្មជាតិនិងបរិសុទ្ធ មិនផ្តល់ផលប៉ះពាល់ទៅដល់ដំណាំនោះទេ លើសពីនោះ សារធាតុអរម៉ូន និងមីក្រូសារធាតុដែលមានប្រយោជន៍ចេញពីខ្លួនជន្លេននោះ វានឹងបំប៉នរុក្ខជាតិនិងដំណាំ ឱ្យដុះលូតលាស់ល្អ ជាពិសេសបង្កើនគុណភាពដី ។ ហើយម្យ៉ាងទៀត ការចិញ្ចឹមនេះ ក៏ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មបែបនិរន្តរភាព ជាមួយនឹងសហគមន៍កសិកម្ម ធ្វើយ៉ាងណាឱ្យដំណាំរបស់កសិករលូតលាស់ល្អតាមបែបសុវត្ថិភាព ។
បច្ចុប្បន្នសហគ្រាសជន្លេន ផ្ដោតទៅលើការផលិតអាចម៍ជន្លេន ដើម្បីយកទៅធ្វើជាជីធម្មជាតិបំប៉នដំណាំ និងបង្កើនគុណភាពដី ដែលល្អសម្រាប់សេដ្ឋកិច្ចកសិករ ក៏ដូចជាវិស័យបរិស្ថាន ដោយសារទីមួយ យើងកែប្រែកាកសំណល់ហើយវាបង្កើនគុណភាពដី គឺវាបានជួសជុលដីឡើងវិញ ពីដីដែលធ្លាប់ត្រូវបានកសិករប្រើប្រាស់ជីគីមី ពេលប្រើជីធម្មជាតិអាចម៍ជន្លេននេះទៅ គឺវាអាចកែប្រែគុណភាពដីឱ្យបានល្អប្រសើរឡើងវិញ ។
កញ្ញា បានបន្តទៀតថា សម្រាប់គម្រោងនាពេលខាងមុខនេះ គឺសហគ្រាសនឹងបន្តសហការជាមួយកសិដ្ឋានដំណាំដែលមានសក្ដានុពល ដែលមានន័យថា គឺជាកសិដ្ឋានដែលដាំដុះប្រភេទដំណាំដែលមានគុណភាពល្អ និងគុណតម្លៃខ្ពស់នៅក្នុងវិស័យកសិកម្ម ដើម្បីបង្កើនគុណភាពនិងតម្លៃទៅលើផលិតផលកសិកម្ម ។
សូមបញ្ជាក់ថា ជន្លេនដែលចិញ្ចឹមនៅក្នុងសហគ្រាសជន្លេន គឺជន្លេនកំប៉ុសដែលខុសពីជន្លេនធម្មតាតាមដីសួនច្បារទូទៅ ដែលលាមករបស់វាមានសមត្ថភាពក្នុងការបង្កើនជីវៈចម្រុះនៅក្នុងដី ផលិតអរម៉ូនព្យាបាលជំងឺដំណាំ និងជំរុញឱ្យដំណាំលូតលាស់បានល្អ ៕