មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានសម្ពោធជាផ្លូវការក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា”
Ping Chou EngJANUARY 31 2024

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា

 

423554892 884591837003358 7551340359345600677 N

 

កម្មវិធីនេះដែរប្រព្រឹត្តិទៅដោយរលូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ត​ម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, លោកឧកញ៉ា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៏, វិស័យឯកជន, និងគ្រឹះស្ថានបណ្តុះបណ្តាល ។

 

422910321 885028370293038 6018658781735133186 N

 

ការដាក់សម្ពោធជាផ្លូវការរបស់SDF នេះរៀបចំឡើងក្នុងគោលបំណង ប្រកាសជាផ្លូវការអំពីការប្រែក្លាយគម្រោងសាកល្បងយន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ជំនាញទៅជាស្ថាប័នអចិន្រ្តៃយ៍ (Trust Fund) និងការបង្ហាញពីសមិទ្ធផល និងកម្មវិធីថ្មីៗ​របស់មូលនិធិ​អភិវឌ្ឍន៍​ជំនាញក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ព្រមទាំងការចុះអនុស្សរណៈ​យោគ​យល់​គ្នា​​ជាមួយ​ដៃគូ​យុទ្ធសាស្រ្ត និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ ។

 

422882479 884591793670029 7837569959920877079 N

 

ចំពោះមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ត្រូវបានបង្កើតឡើងដំបូងជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បី  ប្រមូល, គ្រប់គ្រង និងបែងចែក ធនធានទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន(Funding Gap) និងបញ្ហាកង្វះជំនាញ(SkillsGap)ក្នុងគោលដៅពង្រឹងគុណភាពនិងពង្រីកវិសាលភាពនៃការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចែករំលែកថ្លៃ និងការចូលរួមបណ្តុះបណ្តាលដោយផ្ទាល់ពីសំណាក់វិស័យឯកជន ។

422882479 884591693670039 3667195373768880078 N

 

ជាលទ្ធផល គិតត្រឹមឆ្នាំ២០២៣ សមិទ្ធផលសំខាន់ៗ ដែលមូលនិធិអភិវឌ្ឍន៍ជំនាញសម្រេចបានរួមមាន៖

 

ទី​១៖ បាន ផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិ​ ការរវាងវិស័យឯកជនចំនួន ២៩៧ រោងចក្រ សហគ្រាស ទៅនឹងគ្រឹះស្ថានបណ្តុះបណ្តាលទាំងរដ្ឋ ឯកជន និងអង្គការចំនួន ៤៤។

 

 

ទី២៖ បានផ្ដល់ ថវិកាបដិភាគ ទៅដល់គម្រោងបណ្ដុះបណ្ដាលចំនួន ១២១ ដែលរៀបចំឡើងដោយវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលដៃគូ ដែលគិតជាទឹកប្រាក់ប្រមាណ ៨,៣ លានដុល្លារ ឬ ៤៨% នៃថ្លៃបណ្តុះបណ្តាលសរុបប្រមាណ ១៧,២ លានដុល្លារ ក្នុងនោះ មានសិក្ខាកាមសរុបប្រមាណ ១៦ 0៧៥ នាក់ (ក្នុងនោះ ស្ត្រី ៣៥%)។ 

 

 

ទី៣៖ បន្ទាប់ពីបណ្តុះបណ្តាលចប់ អត្រាបោះបង់ការសិក្សា មានកម្រិតទាប ត្រឹម ៤%, រីឯ អត្រាមានការងារធ្វើ ខ្ពស់ រហូតដល់ ៨៨%, ប្រាក់បៀវត្សមូលដ្ឋានជាមធ្យម ២៤៦ ដុល្លារ និង អត្រាពេញចិត្តរបស់និយោជក ខ្ពស់ រហូតដល់ ៨៥%

 

422867021 884592760336599 437994412912432321 N

 

422893830 884593123669896 3891697848590044318 N

 

គិតត្រឹមដំណាច់ឆ្នាំ២០២៣, មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានគាំទ្រថវិកាលើ “កម្មវិធីបណ្ដុះបណ្ដាលជំនាញ រួមគ្នា (Joint-Training Program), កម្មវិធីឆ្លើយតបជំងឺកូវីដ-១៩ (Covid-19 Response Program) និង កម្មវិធីជាមួយសាលា (Program with School)” ដែលមានថ្លៃបណ្តុះបណ្តាល ៨.៣ លានដុល្លារ សហរដ្ឋអាម៉េរិក (ឬ ៤៨% នៃថ្លៃបណ្តុះបណ្តាលសរុប ១៧.២ លានដុល្លារ សហរដ្ឋអាម៉េរិក) ។ ក្នុងនោះមានគម្រោងចំនួន ១២១ និង សិក្ខាកាមចំនួន ១៦,០៧៥នាក់ (ស្រ្ដី = ៣៥%) ដោយបានសហការជាមួយដៃគូចំនួន ៣៥៧ ស្ថាប័ន ក្នុងនោះរួមមាន៖ រោងចក្រ-សហគ្រាសចំនួន ២៩៧, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៤៤ និង សមាគមធុរកិច្ចចំនួន ១៦ ។

 

423582263 884595347003007 2608929385457467913 N

 

423537948 884592757003266 7867273876542177338 N

ជាក់ស្តែង ចាប់ពីឆ្នាំ២០២៤ នេះតទៅ SDF បានកំណត់នូវទិសដៅអាទិភាពសំខាន់ៗ ដូចតទៅ៖ ១). ពង្រឹងគុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រង និង បែងចែកធនធាន របស់មូលនិធិឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាដល់ដៃគូសហការ, ២). បង្កើនទំហំមូលនិធិគាំទ្រដល់កម្មវិធី​បណ្តុះបណ្តាលដែលត្រូវនឹងតម្រូវការវិស័យឯកជន និង ៣). ដាក់ចេញនូវកម្មវិធីថ្មីៗបន្ថែមដែលរួមមាន៖ កម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program), ថ្នាលនៃភាពជាដៃគូ (Partnership Platform) និងមេរៀនឌីជីថល (Digital Learning Content) ស្តីពីជំនាញទន់ចាំបាច់ សម្រាប់ឧស្សាហកម្ម ។

 

422890706 884594857003056 7243629658802302675 N

 

យ៉ាងណាមិញកម្មវិធីសម្ពោធជាផ្លូវការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានប្រព្រឹត្តទៅដោយមានអន្តរសកម្ម រវាង វាគ្មិន និងអ្នកចូលរួមក្នុងកិច្ចពិភាក្សា និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូរបស់ SDF ​​។ SDF ប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេច​សម្រាប់​ការ​ចូលរួម​គាំទ្របន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងារអភិវឌ្ឍន៍ជំនាញ ក្នុងគោលដៅចូលរួមសម្រេចឱ្យបាននូវ​ចក្ខុវិស័យ​ឆ្នាំ ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia