មកដឹងប្រវត្តិតស៊ូ និងស្នាដៃធំៗ របស់លោក Shinzo Abe ដែលមិនមានមេដឹកនាំជប៉ុនណាអាចធ្វើបាន
Kan DaraJULY 8 20222.3 K views

គិតមកត្រឹមពេលនេះ លោក Shinzo Abe កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយនឹងស្ថានភាពធ្ងន់ធ្ងរជាខ្លាំង ក្រោយរូបលោកត្រូវបានខ្មាន់កាំភ្លើងវ័យ៤១ឆ្នាំម្នាក់ បាញ់ត្រូវដើមទ្រូងចំនួនពីរគ្រាប់ កាលព្រឹក ម៉ោង១១កន្លះ នៅក្នុងទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន។ ការបាញ់ប្រហារនេះ បានធ្វើឱ្យមនុស្សជាច្រើន នៅជុំវិញពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង លើស្ថានភាពរបស់លោកអាបេ និងសាច់រឿងរបស់លោក។

ក្រឡេកមកមើលប្រវត្តិតស៊ូ និងស្នាដៃធំៗរបស់អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ដែលមិនមានមេដឹកនាំជប៉ុនណាអាចធ្វើបាន៖

លោក Shinzo Abe កើតក្នុងឆ្នាំ១៩៥៤ គឺជាអ្នកនយោបាយដែលបានបម្រើការក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០០៧ និងម្តងទៀតពីឆ្នាំ ២០១២ ដល់ឆ្នាំ២០២០។ លោកគឺជាមនុស្សតែម្នាក់គត់ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីពីរដង និងកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។

មិនមែនជាពលរដ្ឋសាមញ្ញធម្មតា Shinzo Abe ជាតំណត់ឈាមកូនប្រុសក្នុងត្រកូលគ្រួសារអ្នកនយោបាយដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ។ ជីតារបស់លោកឈ្មោះ Kishi Nobusuke បានបម្រើការជានាយករដ្ឋមន្ត្រីរវាងឆ្នាំ១៩៥៧និងឆ្នាំ១៩៦០។ ហើយឪពុករបស់លោក Abe បានបម្រើការជារដ្ឋមន្ត្រីការបរទេស។ នៅឆ្នាំ១៩៩៣ លោក Abe បានឈរឈ្មោះក្នុងការបោះឆ្នោតសកលមួយបន្ទាប់ពីការស្លាប់របស់ឪពុកលោក។

ចាប់តាំងពីពេលនោះមក លោកបានក្លាយជាឥស្សរជនឈានមុខគេក្នុងនយោបាយជប៉ុន។  ក្នុង​នាម​ជា​អនុ​លេខាធិការ​ខុទ្ទកាល័យ លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​កាល​នោះ​។ លោក Abe បាន​ក្លាយ​ជា​មេដឹកនាំ​ដំបូង​គេ​ក្នុង​ឆ្នាំ២០០៦ ត្រឹមអាយុ ៥២ឆ្នាំ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ក្មេង​បំផុត​ក្រោយ​សង្គ្រាម​របស់​ប្រទេស​ជប៉ុន។  ប្រហែលមួយឆ្នាំក្រោយមក គណបក្សប្រជាធិបតេយ្យសេរីបានចាញ់ការបោះឆ្នោតសភាជាន់ខ្ពស់ ហើយលោក Abe បានលាលែងពីតំណែងដោយសារតែសុខភាពកាន់តែអាក្រក់។

ស្ថានភាពរបស់គាត់បានប្រសើរឡើងតាមពេលវេលា។  បន្ទាប់មក លោក Abe បានដឹកនាំ LDP ឱ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាជាន់ទាបឆ្នាំ២០១២ ហើយបានក្លាយជានាយករដ្ឋមន្ត្រីម្តងទៀត។ លោកត្រូវបានគេស្គាល់សម្រាប់គោលនយោបាយ "Abenomics" របស់លោកដែលមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសមានភាពរស់រវើកឡើងវិញ។  ហើយ​លោក​ជា​អ្នក​ប្រតិបត្តិ​ដ៏​ឆ្លាត​វៃ​នៅ​ជួរមុខ​ការទូត។ លោក Abe បានដឹកនាំគណបក្សរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន។ លោកបានចុះចេញពីតំណែងម្តងទៀតនៅឆ្នាំ ២០២០ ដោយសារបញ្ហាសុខភាព ប៉ុន្តែនៅតែជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងគណបក្ស LDP៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia