ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រទី១ របស់ប្រទេសកម្ពុជា ខណៈគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។ យ៉ាងណាគម្រោងនេះគឺសាងសង់នៅលើផ្លូវទឹកដែលមានសម្រាប់ ដោយក្នុងនោះផ្លូវទឹកជីកថ្មីមានប្រវែងតែ ៧ គីឡូម៉ែត្រប៉ុណ្ណោះស្ថិតនៅក្នុងខេត្ដកែប។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍អំពីការងារពាក់ព័ន្ធការចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោង«ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបានមានប្រសាសន៍ថា «ព្រែកជីកហ្វូណនតេជោយើងមានចម្ងាយ ១៨០ គីឡូម៉ែត្រ ក្នុង ១៨០ គីឡូម៉ែត្រនោះ មាន ១៣៥ គីឡូម៉ែត្រគឺយើងគ្រាន់តែពង្រីកទេ អត់កែកុនអីទេព្រោះវាត្រង់ល្អ។ ៣៨ គីឡូម៉ែត្រមានកន្លែងខ្លះវាកោង អ៊ចឹងយើងត្រូវធ្វើឲ្យវាត្រង់ យើងជីកថ្មីតែ ៧ គីឡូម៉ែត្រទេ សូមជម្រាបឲ្យច្បាស់ថា ៧ គីឡូម៉ែត្រនៅកែប ដែលជីកទៅដល់ទឹកសមុទ្រយើងតែម្ដង»។
សូមជម្រាបផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០ គីឡូម៉ែត្រនេះគឺចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។
ចំពោះការសាងសង់ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន។ ហើយគម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕