ធ្លាប់ឆ្ងល់ទេ អ្នកខ្លះប្រាក់ខែ៣០០ដុល្លារ តែអាចចិញ្ចឹមខ្លួនរស់ស្រួល ត្បិតត្បៀតទុកលុយមួយចំណែកគ្រាន់រៀនសូត្របន្តអភិវឌ្ឍខ្លួនបង្កើនសមត្ថភាព ចួនថ្ងៃខ្លះផ្តាច់ពីមាត់ពីកផ្ញើទៅគ្រួសារនៅឯស្រុកទៀតក៏មាន មិនភ័យរឿងខ្មោចលងចុងខែ រស់ធូរចិត្តមិនតឹងទ្រូង ហើយពេលមកធ្វើការម្តងៗ ទីនុយសមសួន ញញឹមពព្រាយរាយមន្តស្នេហ៍ ហាក់ពុំមានទុក្ខកង្វល់អ្វីឡើយ។ រីឯអ្នកខ្លះរកបាន ៣០០ដុល្លារ/១ខែ ក៏ចាយមិនគ្រប់ ឥឡូវរកបាន ៥០០ដុល្លារ/១ខែក៏ចាយមិនគ្រាន់ ដល់ថ្នាក់ពេលខ្លះឆក់កន្តៀតខ្ចីបុលគេដោះកូយចុងខែទៀតក៏មាន។
ជុំវិញរឿងនេះ អ្នកឧកញ៉ា សុខ គង់ សហគ្រិនចាស់វស្សាមួយរូបដែលចាប់ផ្ដើមចេញរកស៊ីតាំងពីមានលុយនៅក្នុងដៃតែ៥០ដុល្លារ រហូតក្លាយជាមហាសេដ្ឋីប្រចាំស្រុកខ្មែរ និងកាន់កាប់ក្រុមហ៊ុនធំៗ២គឺ ក្រុមហ៊ុនស៊ូគីម៉ិចអ៊ិនវេសមិនគ្រុប និងសុខាគ្រុប រួមទាំងអាជីវកម្មធំៗមួយចំនួនទៀត បានលើកឡើងថា៖ «ប្រាក់ខែ៣០០ដុល្លារ ខ្ញុំឃើញគេចូលហាងប្រេនៗ ផឹកស៊ីស្ទើរាល់ថ្ងៃ។ ខ្ញុំជាអ្នកក្រ ជាអ្នកធ្លាប់មានលុយក្នុងដៃ ជាមនុស្សដៃទូលាយមួយរូប តែចុងក្រោយហោប៉ៅក៏ទូលាយមែន រាក់ៗទៅ គោលដៅកាន់តែឆ្ងាយ។ ទើបពេលខ្ញុំឃើញគេផុសចូលហាងប្រេនៗញឹកញាប់ ខ្ញុំចេះតែលួចញញឹម ហើយគិតថា របស់ខ្លះ មិនឆ្ងាញ់ទេ ក្នុងកាលទេសៈយើងខ្វះខាត នៅធ្វើការឱ្យគេ ចាយសល់ថ្ងៃ មិនទាន់រស់បានប្រសើរជាដើម។ យើងអាចលួចញុំាម្ដងម្កាលបាន តែមិនបាច់ផុសក៏បានដែរ (តែពេលខ្លះផុសទៅ ជារង្វាន់ជីវិត)»។
ក្នុងនោះអ្នកឧកញ៉ា បានបង្ហើបពីក្បួនចាយលុយនិងរបៀបទុកដាក់លុយកាក់សេនតាមបែបអ្នកមាននោះគឺ៖ «បើរកបាន១រៀលចាយតែ៥កាក់បានហើយ ចំណែក៥កាក់ទៀតគួរតែទុកសន្សំទៅ»។
អ្នកឧកញ៉ាបានបន្តទៀតថា៖ «សព្វថ្ងៃនេះឃើញមានបងប្អូនមួយចំនួន រកលុយបានតិចតួចជុំគ្នាផឹកស៊ីសប្បាយ មិនមែនថាមិនឱ្យសប្បាយទេគ្រាន់តែកុំញឹកពេក»។ លោកចង់មានន័យថាមួយខែម្ដងអីបានហើយ បើញឹកញាប់មួយអាទិត្យម្ដងៗ បានលុយមកពីណាសល់ ហើយពេលគ្មានលុយសល់វាពិបាកណាស់ បើសិនជាឈឺស្កាត់អីបានលុយមកពីណាមើលជំងឺ។ ប្រសិនបើចង់ចាយចាំពេលមានបានហើយចាំចាយចុះ ពេលដែលមិនទាន់មានជីវភាពរឹងមាំទេគួរកុំទាន់ខំសប្បាយអី ខំរកឱ្យបានច្រើនសិនទៅ។
យ៉ាងណាមិញប្រាក់ខែតិច ឬច្រើន ចំណូលទាប ឬខ្ពស់ គ្រាន់តែជាផ្នែកមួយ ប៉ុន្តែផ្នែកសំខាន់បំផុតមួយទៀតគឺឥរិយាបថក្នុងការចាត់ចែង ទុកដាក់ និងប្រើលុយទាំងនោះ។ ចេះរក រៀនទុក ចេះត្បិតត្បៀត តែមិនរងសម្ពាធ ឆ្លៀតយកលុយទាំងនោះទៅបង្កាត់បង្កើតកូនចៅទៀត ហោប៉ៅមិនជ្រាបជីវភាពនឹងធូរធារ៕
ដកស្រងចេញពីសៀវភៅ «ច្រវាក់ប្រាក់ខែ» និពន្ធដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦