ផ្លូវ ១៤៦B ដែលផ្លូវតភ្ជាប់ដ៏សំខាន់ ពីផ្លូវជាតិលេខ ៤ត្រង់ចំណុចរង្វង់មូល សម្ដេចទេពវង្ស ទៅកំពង់ផែក្រុងព្រះសីហនុ ដែលជាផ្លូវវាងសម្រាប់ឡានធុនធ្ងន់ សម្រេចបាន ៩៩.៨១% ហើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការ និង ដឹកជញ្ជូន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់ស្ថិតក្នុងខេត្តព្រះសីហនុនៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជាផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេសរបស់ក្រសួងដែលបានព្រមព្រៀងដែរយ៉ាងណា។
ជាមួយគ្នានោះដែល ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ជាលទ្ធផលនៃការធ្វើតេស្ដបានបង្ហាញថា ផ្លូវមួយនេះសាងសង់ មានគុណភាពរឹងមាំដោយពឹងផ្អែកលើការធ្វើតេស្ដសាកល្បង ៤១៤កន្លែងក្នុងនោះមានតែពីរ កន្លែងប៉ុណ្ណោះដែលមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ធ្វើផ្លូវឱ្យបានរឹង មាំតាមលក្ខណៈបច្ចេកទេសដែលបានឯកភាពគ្នា ដោយហេតុថាក្រសួងមានឧបករណ៍សម្ភារបច្ចេក ទេសទំនើបៗ ច្រើនដែលអាចយកមកត្រួតពិនិត្យគុណភាពនៃការសាងសង់ផ្លូវបាន និងបានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនទំនិញទាំងអស់ដែលប្រើប្រាស់ផ្លូវកម្ពុជា ទាំងឡានបរទេស ទាំងឡានកម្ពុជា ត្រូវតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាឱ្យបានម៉ឺងម៉ាត់ មិនត្រូវបំផ្លាញផ្លូវរបស់កម្ពុជាទេ កម្ពុជាត្រូវការថវិកាច្រើនណាស់ក្នុងការកសាងប្រព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋ ក៏ដូចជាជូនអ្នកដឹកទំនិញ ផងដែរ។
សូមបញ្ជាក់ផងដែរថា ផ្លូវ ១៤៦B មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រើប្រាស់ថរិការសន្សំរបស់ជាតិ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ