រដ្ឋដាក់ផែនការស្ដារផ្លូវទឹក ៥ ខ្សែ ដែលឆ្លងកាត់ទីតាំងសំខាន់ៗទាំងនេះ
Bunthoeun KoemJULY 20 202510 views

កាលពីពេលកន្លងទៅកម្ពុជាទើបនិងបានប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រតភ្ជាប់តំបន់ទន្លេទៅកំពង់ផែសមុទ្រ។ ខណៈគម្រោងនេះរំពឹងថានឹងផ្ដល់ផលប្រយោជន៍ច្រើនទាំងការដឹកជញ្ជូន ការបង្កើតតំបន់ពាណិជ្ជកម្ម ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ដ្រ វារីវប្បកម្ម ការជំរុញការអភិវឌ្ឍក្រុង នគរូបីយកម្ម និងផ្នែកអចលនទ្រព្យជាដើម។

យ៉ាងណាបើយោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មានគម្រោងផ្លូវទឹកចំនួន ៥ ខ្សែទៀត ក៏ស្ថិតនៅក្នុងការសិក្សា និងស្ដារឡើងវិញផងដែរ ដែលប្រវែងសរុបជាង ៤០០ គីឡម៉ែត្រ និងត្រូវការទុនវិនិយោគសរុបជាង ៦០០ លានដុល្លារ។

១. ផ្លូវទឹកទន្លេសាបពីភ្នំពេញទៅកំពង់ឆ្នាំង

ការសិក្សា និងការងារគូសប្លង់ស្ថាបត្យកម្ម និងវិស្វកម្ម ការស្ដារ និងកែលម្អផ្លូវទឹកនេះគឺសម្រាប់សម្រួលការធ្វើនាវាចរដែលមានចំណុះ ២០០០ តោន ពីមាត់ច្រកទន្លេសាបនៅភ្នំពេញទៅខេត្ដកំពង់ឆ្នាំ។ ដោយផ្លូវទឹកនេះមានប្រវែងសរុប ១២០ គីឡូម៉ែត្រ និងមានជម្រៅ ៣,៥ ម៉ែត្រ។ តាមការប៉ាន់ស្មានគម្រោងនេះត្រូវការទុវិនិយោគសរុប ១០ លានដុល្លារ ដែលស្ថិតនៅក្នុងគម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣-២០២៧)។

២. ផ្លូវទឹកទន្លេសាបពីកំពង់ឆ្នាំងទៅពោធិ៍សាត់

ការសិក្សារ និងការងារគូសប្លង់ ការស្ដារ និងកែលម្អផ្លូវទឹកនេះគឺសម្រាប់សម្រួលការធ្វើនាវាចរដែលមានចំណុះ ៥០០ តោន ពីខេត្ដកំពង់ឆ្លាំង ទៅខេត្ដពោធិ៍សាត់ដេលមានប្រវែងសរុប ៥០ គីឡូម៉ែត្រ និងមានជម្រៅ ២,៧ ម៉ែត្រ។ តាមការប៉ាន់ស្មានគម្រោងនេះមានតម្លៃវិនិយោគ ១០០ លានដុល្លារ ស្ថិតនៅផែនការសាងសង់រយៈពេលវែង (២០២៨-២០៣៣)។

៣. ផ្លូវទឹកទន្លេសាបពីខេត្ដពោធិ៍សាត់ទៅសៀមរាប

ការងារសាងសង់ និងស្ដារផ្លូវទឹកគូសប្លង់ស្ថាបត្យកម្ម និងវិស្វកម្ម ការស្ដារ និងកែលម្អផ្លូវទឹកនេះគឺសម្រាប់សម្រួលការធ្វើនាវាចរដែលមានចំណុះ ៥០០ តោន ពីខេត្ដពោធិ៍សាត់ ទៅខេត្ដសៀមរាប។ ដោយផ្លូវទឹកនេះមានប្រវែង ៩០ គីឡូម៉ែត្រ និងមានជម្រៅ ២.៧ ម៉ែត្រ។ តាមការប៉ាន់ស្មានគម្រោងនេះមានតម្លៃវិនិយោគ ១៣០ លានដុល្លារ ស្ថិតនៅផែនការសាងសង់រយៈពេលវែង (២០២៨-២០៣៣)។

៤. ផ្លូវទឹកពីភ្នំពេញទៅកំពង់ផែទន្លេបិទ តាមបណ្ដោយទន្លេមេគង្គ

ផ្លូវទឹកដែលត្រូវកែលម្អ និងស្ដារមានប្រវែងសរុបប្រហែល ១១០ គីឡូម៉ែត្រ និងមានទទឹងយ៉ាងតិច ១០០ ម៉ែត្រ និងជម្រៅ ៥ ម៉ែត្រ មានបរិមាណដីត្រូវស្ដារមានប្រមាណ ១២ ៣៣៣ លានម៉ែត្រគូប។ បន្ទាប់ពីស្ដារ និងកែលម្អផ្លូវទឹកដែលអាចទទួលនាវាត្រឹមចំណុះ ១ ៥០០ តោន នឹងត្រូវបានពង្រីកដល់ ៣០០០ តោន ដែលជាប្រភេទនាវាសមុទ្រ។ តាមការប៉ាន់ស្មានគម្រោងនេះមានតម្លៃ ២៦០ លានដុល្លារ ស្ថិតនៅគម្រោងរយៈពេលខ្លី និងមធ្យម (២០២៣-២០២៧)។

៥. ផ្លូវទឹកទន្លេមេគង្គពីកំពង់ផែស្វយ័តភ្នំពេញដល់ព្រំដែនកម្ពុជា-វៀតណាម

បន្ទាប់ពីស្ដារ និងកែលម្អផ្លូវទឹកទន្លេមេគង្គទាំង ៤ ទីតាំង ចាប់ពីកំពង់ស្វយ័តភ្នំពេញភ្ជាប់មកកាន់ព្រំដែនកម្ពុជា-វៀតណាម សមត្ថភាពការដឹកជញ្ជូនតាមផ្លូវទឹកដែលមានស្រាប់ នឹងត្រូវបានបង្កើនពី ៣ ០០០ តោន (នៅរដូវប្រាំង) កើនរហូតដល់ ៥ ០០០ តោន ដែលជាប្រភេទនាវាសមុទ្រ។ ផ្លូវទឹកដែលត្រូវស្ដារនេះមានប្រវែង ១០២ គីឡូម៉ែត្រ និងមានជម្រៅ ៧,៥ ម៉ែត្រ។ តាមការប៉ាន់ស្មានគម្រោងនេះមានតម្លៃវិនិយោគសរុប ១៦០ លានដុល្លារ និងស្ថិតនៅក្នុងគម្រោងវិនិយោគរយៈពេលវែង (២០២៨-២០៣៣)៕

12bf7461 63fa 435e Bdfb D5bcfc727239

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia