ទោះមានប្រាក់រាប់លានដុល្លារ តែលោក Ramit Sethi ជាសេដ្ឋីកសាងភាពមានបានដោយខ្លួនឯង សុខចិត្តជិះឡាន Honda Accord សេរីឆ្នាំ២០០៥ ដែលបានទិញក្រោយខ្លួនរៀនចប់មហាវិទ្យាល័យ ថែមទាំងបោះសម្តីចាក់ដោតទៀត។
សេដ្ឋីវ័យកណ្តាលកាន់ទ្រព្យ ២៥លានដុល្លារ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNBC យ៉ាងដូច្នេះថា៖ «វាជារថយន្តដែលសមរម្យណាស់ ខ្ញុំមើលថែទាំវាយ៉ាងដិតដល់។ តើខ្ញុំអាចទិញឡានថ្មីនៅថ្ងៃស្អែកបានទេ? ប្រាកដណាស់! តើវាសំខាន់សម្រាប់ខ្ញុំទេ? ទេ!»។ ដោយសាររថយន្តរបស់លោកមិនត្រូវការចំណាយប្រចាំខែ អនុញ្ញាតឱ្យ Sethi សល់ប្រាក់ធ្វើរឿងសំខាន់ផ្សេងទៀតដូចជា ធ្វើដំណើរកម្សាន្ត ការបរិច្ចាគ និងការវិនិយោគជាដើម។
ក្នុងនោះលោក Sethi ហៅយុទ្ធសាស្ត្រចំណាយនេះជា «វិធីហៅប្រាក់ត្រឡប់មកវិញ» ដោយពន្យល់ថា អ្នកអនុញ្ញាតឱ្យខ្លួនអ្នកចំណាយកាន់តែច្រើនលើអ្វីដែលអ្នកពេញចិត្ត ហើយចំណាយតិចតួចបំផុតលើអ្វីដែលអ្នកមិនត្រូវការចាំបាច់។ លោកបានលើកឡើងថា៖ «ខ្ញុំចំណាយច្រើនលើសលប់លើរបស់ដែលខ្ញុំស្រឡាញ់ ប៉ុន្តែខ្ញុំកាត់ផ្តាច់ផ្លូវលំហូរនៃសាច់ប្រាក់ចំពោះរបស់ដែលខ្ញុំមិនត្រូវការ»។
ជាទូទៅ ការប្រើប្រាស់លុយមិនតាមអារម្មណ៍ អាចដឹកនាំជីវិតអ្នកទៅកាន់ផ្នែកដ៏ល្អប្រសើរ និងសប្បាយចិត្តជាងមុន។ ឧទាហរណ៍ ប្រសិនបើអ្នកចូលចិត្តទិញសៀវភៅ អាចបង្វិលលុយទាំងនោះទៅទិញសៀវភៅបន្ថែម ឬកក់កៅអីជួរមុខ ដើម្បីមើលអ្នកនិពន្ធដែលអ្នកចូលចិត្តនិយាយ។ លោក Sethi បានឲ្យដឹងថា៖ «វាជាកន្លែងដែលលុយចូលជ្រៅជាងការទិញរបស់របរ។ លុយបង្កើតអត្ថន័យ ហើយនោះពិតជាផ្នែកស្នូលនៃជីវិតដ៏សម្បូរបែប»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)