យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៣ ខែកញ្ញា បានឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញ៣ចំណុចសំខាន់ៗដើម្បីផ្តល់សេវាកម្ម ការពារសិទ្ធិ និងការពារផលប្រយោជន៍ជូនពលករនៅក្រៅប្រទេស។
ចំណុចសំខាន់ៗទាំងនោះរួមមាន៖
ទី១. ការពង្រឹងសេវាអនុពន្ឋការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ឋជាមយមជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្តាប្រទេសគោលដៅ។
ទី២. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងបន្តពង្រឹងយន្តកាចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីធានាពីប្រសិទ្ធិភាពកិច្ចការងារជ្រើសពលករ។
ទី៣. ក្រសួងនឹងបានផ្តល់ការគាំទ្រ ភាពងាយស្រួលជូនបងប្អូនពលករធ្វើការនៅក្រៅប្រទេស តាមរយៈការសម្រួលបែបទឯកសារ ការគាំពារតាមផ្លូវច្បាប់ អន្តរាគមន៍សង្រ្គោះនៅពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។
ក្រៅពីការងារខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រឹង និង ពង្រីកកិច្ចសហការជាមួយបណ្តាលប្រទេសទទួល ដោយពង្រីកឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណ ១,៣ លាននាក់ និងបានប្រាក់បញ្ជើបញ្ជូនមកប្រទេសវិញប្រមាណ ២,៧ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
ក្នុងនោះប្រទេសថៃ មានចំនួនពលករ ១,២៣១, ៥០៨ នាក់ ; សាធារណរដ្ឋកូរ៉េ ចំនួន ៤៩,៧៣៨ នាក់ ; ម៉ាឡេស៊ីចំនួន ២២,៦២១ នាក់ ; ជប៉ុន ១៦,៥៦២ នាក់ ; សិង្ហបុរីចំនួន ៨៥១នាក់ ; ហុងកុង ចំនួន ២១៥នាក់ និង អារ៉ាប់ប៊ីសាអូឌីតចំនួន ១១នាក់៕
អត្ថបទដោយ៖ ពីង ជូអេង