អាស៊ានប៉ារ៉ាហ្គេមនឹងប្រព្រឹត្តិទៅថ្ងៃទី៣ ខែមិថុនានេះហើយខណៈគណៈកម្មាធិការដែលរៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថាលក្ខណៈបច្ចេកទេស ការរៀបចំនឹងមានភាពអស្ចារ្យដូចស៊ីហ្គេមដែរគ្រាន់តែខុសទម្រង់គ្នាប៉ុណ្ណោះ។ ដោយឡែកចំពោះការផ្សព្វផ្សាយកំឡុងពេលប្រកួតវិញនឹងមានបន្ថែមព័ត៌មានរត់លើកញ្ចក់ទូរទស្សន៍អំពីការផ្សាយផ្ទាល់កីឡាប្រភេទផ្សេងៗពីគ្នា ដើម្បីជួយឱ្យបងប្អូនងាយស្រួលក្នុងការតាមដានបានគ្រប់ជ្រុងជ្រោយ។
តាមការឱ្យដឹងពី ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានឱ្យមានប្រសាសន៍ថា “យើងមានបទពិសោធន៍ពេញលេញដែរ ទាំងផ្នែកផ្សព្វផ្សាយ រួមទាំងស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ ក្រោយទទួលបានការណែនាំបន្ថែម ពីឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គឺយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យការរៀបចំលើផ្នែកផ្សព្វផ្សាយ និងព័ត៌មានកាន់តែមានភាពល្អប្រសើរបន្ថែមទៀត តាមរយៈការផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ”។
ឯកឧត្តមបានបញ្ជាក់ដោយលើកជាឧទាហរណ៍ថា “នៅពេលទូរទស្សន៍ជាតិកម្ពុជា (ទទក) កំពុងផ្សាយផ្ទាល់ការប្រកួតកីឡាអ្វីមួយ គឺនឹងមានការរត់អក្សរបញ្ជាក់ប្រាប់ពីការផ្សាយផ្ទាល់ លើប្រភេទកីឡាផ្សេងៗទៀត ដែលកំពុងផ្សាយលើទូរទស្សន៍បាយ័ន ឬទូរទស្សន៍ផ្សេងៗទៀតជាដើម ហើយទូរទស្សន៍ផ្សេងៗទៀត នឹងឡើងអក្សរប្រាប់ពីការកំពុងផ្សាយផ្ទាល់លើកីឡាណាមួយរបស់ ទទក ដូចគ្នាផងដែរ”។ នេះបើតាមការឱ្យដឹងពីគេហទំព័រផ្លូវការ Cambodia 2023 ចុះនៅថ្ងៃទី៣១ ឧសភានេះ។
គួរជម្រាបផងដែរថាតាមប្រភពដដែលបានឱ្យដឹងអំពីចំនួនការចុះឈ្មោះយកព័ត៌មានរបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតបន្ទាប់ពីស៊ីហ្គេម គឺអាស៊ានប៉ារ៉ាហ្គេមនេះ ថាមានចំនួនសរុបជាង៥០០នាក់ហើយ ខណៈការទទួលអាហារសម្រន់អ្នកសារព័ត៌មានក៏ឥតគិតថ្លៃដែរ៕
អត្ថបទដោយ៖ ពីង ជូអេង