បើនិយាយពីក្រុមហ៊ុន NIKE យើងប្រាកដជានឹកដល់ភ្លាមពី Brand ដែលមានវិសាលភាពបំផុតមួយក្នុងលោកខាងផលិតសម្ភារៈកីឡា និងស្បែកជើងដែលត្រូវបានបង្កើតឡើងដំបូងបំផុតក្នុងឆ្នាំ ១៩៦៤ ដោយស្ថាបនិកពីររូបគឺលោក Phil Knight និង Bill Bowerman។ ក្នុងនោះ NIKE ក៏ជាគូប្រជែងដ៏ស្វិតស្វាញរបស់ក្រុមហ៊ុនខ្នាតយក្សអាឡឺម៉ង់ ADIDAS និង PUMA ផងដែរ។
ខាងក្រោមនេះគឺជាគន្លឹះក៏ដូចជាមេរៀនទាំង ៥ ដែល Phil Knight ចង់ចែករំលែកដល់មនុស្សគ្រប់គ្នាដើម្បីសម្រេចជោគជ័យក្នុងជីវិត៖
១/. វ័យខ្ទង់២០ឆ្នាំ ចាយពេលរៀន និងស្រាវជ្រាវ៖ បន្ទាប់ពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ និងធ្លាប់បានចូលបម្រើជាទាហានជើងទឹករបស់អាមេរិកអស់រយៈពេលមួយឆ្នាំ Phil Knight ដែលមានអាយុ ២៤ឆ្នាំ បានសម្រេចធ្វើដំណើរកម្សាន្តមួយជុំវិញពិភពលោក។ លោកបានស្នើសុំលុយឪពុកម្តាយរបស់លោកដើម្បីផ្គត់ផ្គង់ការចំណាយនេះ។ ក្នុងរយៈពេលប៉ុន្មានខែក្រោយមកទៀត Phil Knight បានបន្តការធ្វើដំណើរជុំវិញពិភពលោកនិងបានធ្វើទស្សនកិច្ចនៅប្រទេសជាច្រើនដូចជា ជប៉ុន ហុងកុង វៀតណាម ហ្វីលីពីន ឥណ្ឌា កេនយ៉ា អេហ្ស៊ីប តួកគី អាល្លឺម៉ង់ បារាំង និងប្រទេសមួយចំនួនទៀត។ មេរៀនប្រវត្តិសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ចជាច្រើនដែលគាត់បានរៀនក្នុងដំណើររបស់លោក ហើយលោកនឹងចង់ចាំទុកសម្រាប់ការអនុវត្តក្នុងជីវិត។
២/. ធ្វើឲ្យខ្លាំង៖ Phil Knight ធ្លាប់បានបម្រើការងារជាគណនេយ្យករនិងជាជំនួយការសាស្រ្តចារ្យនៅសាកលវិទ្យាល័យ ស្របពេលដែលគាត់កំពុងមានអាជីវកម្មផ្ទាល់ខ្លួន។ មូលហេតុដែលគាត់ធ្វើដូច្នេះក៏ព្រោះតែគាត់ត្រូវការចំណូលដើម្បីទ្រទ្រង់ការចំណាយផ្ទាល់ខ្លួន ហើយគាត់ក៏មិនប្រាកដថាអាជីវកម្មដែលទើបនិងបើកដំបូងរបស់គាត់ (Blue Ribbon Sports) អាចជោគជ័យឬ អត់។ តែប៉ុន្មានឆ្នាំក្រោយមក គាត់បានបោះការងារនោះចោល ហើយត្រឡប់មកចំណាយពេលស្ទើរគ្រប់វិនាទីរបស់គាត់សម្រាប់ Blue Ribbon Sports។
៣/. ត្រូវដឹងឱ្យច្បាស់ពីរបស់ដែលអ្នកចង់បាន៖ សហស្ថាបនិករូបនេះ និយាយថា «បើអ្នកកំពុងចរចារអំពីការរកស៊ី អ្នកត្រូវដឹងឱ្យច្បាស់ពីអ្វីដែលអ្នកចង់បាន ហើយលើកវាមកពិភាក្សាមុន»។ ជាឧទាហរណ៍ នៅពេលដែល Knight ធ្វើការចរចារការរកស៊ីជាមួយក្រុមហ៊ុនផ្សេងទៀតដែលផ្គត់ផ្គង់ទំនិញឱ្យ Blue Ribbon Sports គាត់បានបញ្ជក់យ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនទាំងនេះត្រូវតែផ្តល់ទំនិញឱ្យទាន់ពេលវេលាកំណត់។ គ្រប់ពេល អ្នកត្រូវតែច្បាស់ពីអ្វីដែលអ្នកចង់បាន ដើម្បីចៀសវាងការភ័ន្តច្រឡំនៅពេលក្រោយ។
៤/. ត្រៀមផែនការទីពីរជានិច្ច៖ មេរៀនសំខាន់មួយទៀតដែលនាំឱ្យ Phil Knight សម្រេចក្តីស្រមៃក្នុងនាមជាអ្នកជំនួញជោគជ័យគឺ ការមានគម្រោងការទី ២។ គ្រាដំបូងដែលគាត់ដឹងថាក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់ទំនិញដល់គាត់នៅឯ Onitsuka ប្រទេសជប៉ុនកំពុងមានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនថ្មីនៅសហរដ្ឋអាមេរិក Phil បានត្រៀមផែនការទី ២ រួចជាស្រេចដើម្បីផលិតស្បែកជើងដោយខ្លួនឯង។ ចំណុចនេះបានជួយឱ្យ Knight បង្កើត NIKE បានជោគជ័យនៅពេលក្រុមហ៊ុននៅជប៉ុននោះផ្ដាច់ការទាក់ទងធ្វើជំនួញជាមួយគាត់។
៥/. ដឹងពីពេលវេលាត្រូវឈប់៖ ចាប់តាំងពី NIKE បានដំណើរការមក ស្ថាបនិក Phil Knight បានយកឈ្នះឧបសគ្គជាច្រើន។ ថ្វីត្បិតតែលោក ជាមនុស្សមានចិត្តមានៈចង់ឈ្នះបែបនេះក៏ដោយ ប៉ុន្តែគាត់ដឹងច្បាស់ថាពេលណាជាពេលដ៏សមស្របបំផុតក្នុងការចរចារ។ គាត់បានយល់ព្រមបញ្ចប់ទំនាស់ជាមួយដៃគូររកស៊ី Onitsuka ដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសជប៉ុននេះយល់ព្រមសងថ្លៃប៉ះប៉ូវផ្លូវចិត្តដល់គាត់ពាក់កណ្ដាល។ ជាងនេះទៅទៀត Knight ក៏បានយល់ព្រមបង់ថ្លៃ ១ ភាគ ៣ នៃតម្លៃពន្ធនាំចូលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទាមទារ។ រឿងនេះហាក់ដូចជាធ្វើឱ្យគាត់បាក់មុខបន្តិច ប៉ុន្តែ Knight ពិតជាបានដឹងប្រាកដថាពេលណាជាពេលដែលត្រូវបញ្ឈប់ការតតាំង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366