កាលពីពេលថ្មីៗនេះ Facebook for Creators បានបញ្ជាក់ថា ចាប់ពីពេលនេះ Facebook នឹងផ្តើមវិធានការបង្រ្កាបនូវមាតិកាឥតប្រយោជន៍ច្រើនប្រភេទដើម្បីលើកទឹកចិត្តដល់អ្នកផលិតមាតិកា Original ខណៈមាតិកា៣ប្រភេទធំៗខាងក្រោមនេះ នឹងត្រូវទាញចុះលែងឱ្យមានអ្នកមើលហើយឈានដល់ការបិទសិទ្ធិមិនឱ្យអាខោននោះរកលុយទៀតផង។
១. មាតិកាបញ្ឆោត និងឥតប្រយោជន៍ ៖ តទៅ Facebook នឹងកាត់បន្ថយចំនួនអ្នកមើលលើគណនីណាដែលចែករំលែកមាតិកាឥតប្រយោជន៍។ ជាមាតិកាដែលក្លែងបន្លំភ្នែកអ្នកទស្សនា ដូចជាវីដេអូមួយយកពីម្ចាស់ដើមមកផុសតច្រើន ដូចៗគ្នានោះ ហ្វេសប៊ុកនឹងកាត់បន្ថយចេញពី News Feed របស់អ្នកទស្សនា ឬបិទមិនឱ្យមាតិកានោះដល់ភ្នែកអ្នកមើលតែម្តង។
២. ចំណងជើងវែងៗ មិនពាក់ព័ន្ធជាមួយខ្លឹមសារ៖ សម្រាប់គណនីខ្លះបង្ហោះមាតិកាជាមួយនឹងចំណងជើងវែងៗ មិនពាក់ព័ន្ធជាមួយវីដេអូ និងមាន hashtags ច្រើនពេក ក៏ត្រូវហ្វ៊េសប៊ុកកាត់បន្ថយការចែកចាយមិនឱ្យគេមើលឃើញច្រើន បិទសិទ្ធិសម្រាប់ការលុយ និងអាចឈានដល់ការចាប់លែងអនុញ្ញាតឲ្យផុសតែម្តង។
៣. ស្ទង់មតិយោបល់៖ បន្ថែមពីមាតិកាខាងលើហ្វេសប៊ុកក៏កំពុងសាកល្បងមុខងារមួយលើមាតិកាគ្រប់ប្រភេទ សម្រាប់ស្ទប់ស្ទង់មតិយោបល់ (Comment Feedback) ដែលសមរម្យឬមិនសមស្របលើការសន្ទនាតាមផុសនោះ Facebook នឹងកែលម្អ ពិសេសសម្រាប់ការបញ្ចេញមតិមិនសមរម្យពាក់ព័ន្ធនឹងផុសជាដើម។
សរុបមកវិញវិធានថ្មីរបស់ Facebook នេះមានគោលបំណង ផ្តល់អាទិភាពដល់មាតិការបស់អ្នកបង្កើតផលិត Original Content បង្រ្កាបជនដែលលួចមាតិកាគេយកទៅផុសបន្ត កាត់បន្ថយមាតិកាដែលមិនបានជួយអ្នកទស្សនានិងលុបបំបាត់ភាពអវិជ្ជមានលើការបញ្ចេញមតិយោបល់៕
អត្ថបទដោយ៖ ពីង ជូអេង