បើនិយាយអំពីការផលិតឆ្នាំងខ្លួនឯងបច្ចុប្បន្ននេះស្ទើរតែពុំសូវមានអ្នកផលិតឡើយ ប៉ុន្តែយ៉ាងហោចណាស់ក៏មានកូនខ្មែរ១រូបដែរ ដែលគាត់ខំចាយពេលរាប់ឆ្នាំដើម្បីកែច្នៃសំបកកំប៉ុង ឬដែក នឹងអាលុយមីញ៉ូម ដើម្បីផលិតចេញជាឆ្នាំងសម្រាប់ប្រើប្រាស់ហើយបច្ចុប្បន្ននេះកន្លែងផលិតឆ្នាំងរបស់គាត់កំពុងសំងំផលិតយ៉ាងមមាញឹកនៅខេត្តកំពង់ចាម។
លោកគឹម ចាន់ ដែលជាម្ចាស់សិប្បកម្មផលិតពីសំបកកំប៉ុងចាស់វស្សាមួយរូប នៅខេត្តកំពង់ចាមបាននិយាយថា មុខរបរផលិតឆ្នាំងនេះលោកបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ ២០០០ មកម្លេះ ជំនាញផលិតនេះដែរ គឺលោកចេះតៗគ្នាតាំងពីជំនាន់គ្រួសារមកម្លេះ។ សម្រាប់ឆ្នាំងខ្មែរនេះដែរ គឺមានវត្ថុធាតុដើមដូចជាកំប៉ុងប៊ីយ៉ែរ ដែកអេតចាយ ដើម្បីយកមកផលិតជាឆ្នាំងខ្មែរនេះ។
ម្ចាស់សិប្បកម្មផលិតពីសំបកកំប៉ុង បានបន្តទៀតថា កាលពីមុនលោកអាចផលិតឆ្នាំងបាន ៥០ ក្នុងមួយថ្ងៃ ព្រោះតែពុំសូវមានទីផ្សារប៉ុន្តែពេលនេះការកម្មង់មានការកើនឡើងគួរសម ហើយចំណុចពិសេសឆ្នាំងខ្មែរដែលច្នៃចេញពីសំបកកំប៉ុងប៊ីយ៉ែរនេះដែរ ទោះបីជាដុចអុសយ៉ាងណាក៏មិនងាយខូចដែរ ជាពិសេសបាតឆ្នាំតែម្តងមិនងាយខូចឡើយ ហើយបើអ្នកចេះថែវិញគឺគេអាចប្រើប្រាស់ពី ២០ ទៅ៣០ ឆ្នាំឯណោះ។
ចំពោះផលលំបាកដំបូងៗដែលលោកបានជួប ពេលចាប់ផ្តើមផលិតនោះគឺខ្វះកម្លាំងកម្មករឱ្យមកជួយនឹងខ្វះវត្ថុធាតុដើមក្នុងការផលិតឆ្នាំង តែទោះបីជាជួបឧបសក្គខ្លាំងយ៉ាងណាលោកនៅជម្នះធ្វើរបរមួយនេះដោយសារតែលោកចង់ឃើញកូនខ្មែរងាកមកគាំទ្រផលិតផលខ្មែរ ព្រោះផលិតផលខ្មែរនីមួយៗគឺមិនចាញ់របស់នាំចូលឡើយ ពោលបើនិយាយពីគុណភាពវិញគឺសាកសមជាមួយតម្លៃខ្លាំងណាស់ព្រោះទឹញតែ១ដងយើងអាចប្រើបានទៅ៣០ឆ្នាំឯណោះ។
សូមបញ្ជាក់ថា ប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់ទិញឆ្នាំរបស់គាត់ ហើយក៏ដូចជាចង់គាំទ្រផលិតក្នុងស្រុក អាចធ្វើការទំនាក់ទំនងទៅកាន់លេខ 012 83 90 33 ៕
អត្ថបទ៖ ធី ស្រីល័ក្ខ