អន្ទាក់៥ អាចទាញជើងមនុស្សឱ្យធ្លាក់ក្នុងបំណុល ខណៈអ្នកអាចកំពុងនៅក្បែរ អន្ទាក់ទាំងនោះ
Toeuy HongJULY 24 2024659 views

មនុស្សភាគច្រើនសុទ្ធតែមិនចង់ជាប់បំណុល ប៉ុន្តែដោយសារតែមនុស្សមានលក្ខខណ្ឌរស់នៅមិនដូចគ្នា ទើបធ្វើឱ្យមានអ្នកខ្លះគេចផុតពីបំណុល ឯអ្នកខ្លះទៀតមិនអាចចៀសផុត។​ ពាក់ព័ន្ធទៅនឹងបញ្ហាបំណុលនេះ Business Cambodia សូមនាំអារម្មណ៍របស់មិត្តអ្នកអាន មកស្គាល់អន្ទាក់៥ យ៉ាង ដែលអាចទាញមនុស្សឱ្យធ្លាក់ក្នុងបំណុល។ ហើយសូមរំលឹកផងដែរថា លោកអ្នកអាចកំពុងតែឈរក្បែរ ឬស្ថិតក្នុងអន្ទាក់ទាំងនោះផងក៏មិនដឹង។

១.​ ចែកមិនដាច់រវាងតម្រូវការនិងចំណង់

យើងអាចហៅវាបានថា អន្ទាក់ចំណាយ បើអ្នកចាយត្រូវលុយអ្នកនឹងកើន ប៉ុន្តែបើចាយខុសវិញគឺស្មើនឹងដើរចូលអន្ទាក់ហើយ។ មនុស្សចាយលុយខុសនៅពេលដែលគេបែងចែកមិនដាច់រវាង តម្រូវការ និងចំណង់ ពេលដែលច្រឡំថាចំណង់ជារបស់ចាំបាច់នោះលោកអ្នកនឹងឈានទៅរកការចាយលើចំណូល ខណៈដែលចំណាយលើសចំណូលនេះហើយដែលជាប្រភពធំនៃបំណុល។

២. ខ្ចីលុយគេរកស៊ីលើរបរមិនមានចំណេះ

វាមិនខុសទេប្រសិនបើអ្នកចង់ខ្ចីលុយគេមករកស៊ី ប៉ុន្តែវានឹងក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរមួយ ប្រសិនបើរកស៊ីលើវិស័យដែលអ្នកមិនមានចំណេះដឹងទាល់តែសោះ។ មនុស្សមិនតិចឡើយដែលធ្លាក់ខ្លួនចូលក្នុងបំណុលយ៉ាងជ្រៅ ព្រោះតែឃើញគេរកស៊ីរបរមួយកាក់កប ក៏តាំងទៅខ្ចីលុយធនាគារមករកស៊ីរបរដូចគេទាំងដែលខ្លួនឯងគ្មានចំណេះដឹងខាងហ្នឹងសោះ ចុងក្រោយរកស៊ីខាតកប់ដើមលុយធនាគារក៏ជំពាក់ដោះស្ទើរមិនរួច។

៣. ឥទ្ធិពលសង្គម

ស្របពេលដែលសង្គមជាតិកាន់តែរីកចម្រើន សម្ភារៈប្រើប្រាស់ក៏កាន់តែទំនើប ហើយបណ្ដាញសង្គមដែលធ្លាប់ជាកន្លែងផ្សព្វផ្សាយព័ត៌មាន ក៏បានក្លាយជាឧបករណ៍សម្រាប់ឱ្យមនុស្សមួយចំនួនបង្ហាញពីជីវិតឡូយឆាយនិងស៊ីវីល័យរបស់ខ្លួនឯង។ ទង្វើបែបនេះវាបានទាញឱ្យមនុស្សចាប់ផ្ដើមធ្វើការប្រៀបធៀប និងឱ្យតម្លៃទៅលើសម្ភារៈនិយមក្រៅខ្លួន រហូតមានអ្នកខ្លះហ៊ានសូម្បីតែខ្ចីលុយអ្នកដទៃដើម្បីទិញរបស់ទំនើបផ្គាប់ភ្នែកសង្គម។

៤. លង់នឹងការបង់រំលោះ

បច្ចុប្បន្ននេះវិស័យហិរញ្ញវត្ថុកាន់តែមានភាពរីកចម្រើន ក្នុងនោះសេវាកម្ចីក៏ងាយស្រួល ហើយសេវាបង់រំលោះក៏មានច្រើន។ យើងសង្គេតឃើញថាឥឡូវនេះទិញរបស់អ្វីក៏មានបង់រំលោះដែរ ដូចជាតាំងពីរបស់តូចរហូតដល់របស់ធំ ដែលមានដូចជា ទូរស័ព្ទ កុំព្យូទ័រ ទូទឹកក ម៉ូតូ ឡាន ផ្ទះជាដើម។

ត្បិតតែការបង់រំលោះមានផលល្អសម្រាប់អ្នកដែលមានតម្រូវការចាំបាច់ ប៉ុន្តែវាបានក្លាយជាវិធីសាស្រ្តពង្វក់ដល់អ្នកដែលមានទម្លាប់ប្រើប្រាស់សម្ភារៈនិយមមួយចំនួន ឱ្យហ៊ានប្ដូរសេរីថ្មីៗ ទាំងដែលខ្លួនឯងគ្មានលុយ។ ដូច្នេះមុននឹងសម្រេចចិត្តប្រើសេវាបង់រំលោះ សូមគិតឱ្យច្បាស់សិនថា តើរបស់នោះពិតជាចាំបាច់សម្រាប់ជីវិតរបស់អ្នកណាស់មែនទេ?

៥. ចង់មានដោយមិនខំប្រឹង

មនុស្សភាគច្រើនសុទ្ធតែប្រាថ្នាចង់បានភាពមានបាន ប៉ុន្តែមានមនុស្សមួយចំនួនចង់មានបានតែចង់បានដោយស្រួល មិនចង់ហត់នឿយ។ ហេតុនេះហើយទើបជាឱកាសសម្រាប់ជនបោកប្រាស់មួយចំនួន ចេញសកម្មភាពបោកបញ្ឆោតលុយកាក់ ដែលមានដូចជាការបបួលចូលទុនវិនិយោគ។ ពួកនោះចូលចិត្តនិយាយថា ដាក់តែលុយមកដល់ឆ្នាំចំណេញបានគុណនឹង២នៃលុយដែលដាក់ ឬដាក់តែលុយមកខ្ញុំអ្នករកស៊ីចំណេញចែកគ្នា។

អ្នកខ្លះជឿគេស្លុងហ៊ានសូម្បីតែខ្ចីលុយធនាគារយកទៅដាក់ជាមួយគេ ទាំងមិនបានពិចារណាឱ្យដិតដល់ទេថា គ្មានអ្វីដែលបានមកដោយងាយជាពិសេសលុយ។ ជាក់ស្ដែងការវិនិយោគមិនមែនគ្រាន់តែដាក់លុយចោលឡើយ វាទាមទារឱ្យយើងធ្វើការសិក្សាឱ្យបានហ្មត់ចត់ និងតាមដានជាប្រចាំ ទើបអាចរកឱកាសចំណេញច្រើន។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia