ក្រុមហ៊ុន Lee’s Food គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យផ្គត់ផ្គង់ម្ហូបអាហារចាប់តាំងពីឆ្នាំ១៩៦២មកម៉្លេះ ដែលបានចាប់កំណើតដំបូងបង្អស់នៅលើទឹកដីប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Lee’s គឺជាក្រុមហ៊ុននាំចូល និងផ្គត់ផ្គង់ម្ហូបអាហារធំជាងគេបំផុតមួយនៅក្នុងតំបន់ ដែលកំពុងដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម និងប្រទេសកម្ពុជា។
សម្រាប់ទីផ្សារប្រទេសកម្ពុជា Lee’s Food បានចាប់ដៃសហការជាមួយនឹងលោក ឧកញ៉ា ច័ន្ទ តារា ក្រោមស្លាកយីហោ Lee’s Food Service រហូតក្លាយជាក្រុមហ៊ុនចែកចាយម្ហូបអាហារធំជាងគេ នៅប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះជាង ១០ ឆ្នាំមកហើយលើវិស័យនេះ។ នាពេលបច្ចុប្បន្នឃ្លាំង ត្រជាក់សម្រាប់ស្តុកអាហាររបស់ Lee’s Food គឺជាក្រុមហ៊ុនក្នុងស្រុកទីមួយ ដែលមានបំពាក់បច្ចេកវិទ្យាទំនើបបំផុត និងមានសមត្ថភាពស្តុកទុកទំនិញបានច្រើនរហូតដល់ទៅរាប់ពាន់តោន ព្រមទាំងចែកចាយទំនិញបានច្រើនជាង ៥០០ មុខទៅកាន់ប្រជាជនកម្ពុជា។ ចំពោះគោលដៅរបស់ Lee’s Food Service គឺផ្គត់ផ្គង់ផលិតផលទៅដល់គ្រប់អាជីវកម្មតូចធំទាំងអស់ ជួយកាត់បន្ថយការដាច់ស្តុក និងលក់ផលិតផលក្នុងតម្លៃសមរម្យផងដែរ។
ថ្លែងប្រាប់ក្រុមការងារ Business Cambodia លោក ឧកញ៉ា ច័ន្ទ តារា នាយកប្រតិបត្តិ Lee’s Food Service បានថ្លែងថា៖ “មូលហេតុដែលលោកបានសិក្សា និងរស់នៅដល់ប្រទេសញូហ្សែលឡែន ប៉ុន្តែលោកបែរជាត្រឡប់មកចាប់ផ្ដើមអាជីវកម្មនៅកម្ពុជាវិញ ដោយសារតែខ្ញុំមើលឃើញនូវសក្ដានុពលនៃវិស័យម្ហូបអាហារនៅកម្ពុជាគឺមានសញ្ញាខៀវខ្លាំងជាងមេឃខៀវទៅទៀត ដែលមានន័យថាមានតម្រូវការខ្ពស់។ មួយវិញទៀតខ្ញុំឱ្យមានការប្រកួតប្រជែងតម្លៃ ពោលគឺចង់ផ្គត់ផ្គង់អាហារឱ្យប្រជាជនកម្ពុជាក្នុងតម្លៃសមរម្យ ប៉ុន្តែមានគុណភាពខ្ពស់”។
មកទល់នឹងចំណុចនេះ ប្រហែលជាមិត្តអ្នកអាននឹងមានកង្វល់ឆ្ងល់ក្នុងចិត្តថា តើលោកមានទស្សនៈជំនួញបែបណាខ្លះ ដើម្បីអាចក្លាយជាអ្នកជំនួញឆ្នើម ក្ដោបក្ដាប់អាជីវកម្មតម្លៃរាប់សិបលានដុល្លារបាន?
ជាចម្លើយតប លោកឧកញ៉ា បានបង្ហាញនូវគន្លឹះសំខាន់ៗចំនួន៣យ៉ាង ដើម្បីកសាងខ្លួនជាអ្នកជំនួញឆ្នើមរួមមាន៖
១. ក្លាហាន ហ៊ានប្រឈមហានិភ័យ
គេថាធ្វើជាជ្រូកកុំរាទឹកក្ដៅ ធ្វើជាអ្នករកស៊ីកុំខ្លាចខាត។ រាល់អ្នករកស៊ីធំៗជាច្រើន គឺសុទ្ធសឹងតែធ្លាប់ឆ្លងកាត់នូវភាពបរាជ័យដោយជៀសមិនផុតនោះទេ ប៉ុន្តែពួកគេនៅតែមានភាពក្លាហាន ហ៊ានប្រឈមហានិភ័យជានិច្ច។ មនុស្សក្លាហាន ដែលបានត្រៀមខ្លួនរួចរាល់ និងចេះវិភាគនូវបញ្ហាប្រឈមនានាទុកជាមុនប្រកបដោយភាពឆ្លាតវៃ គាត់នឹងអាចចាប់យកឱកាសមាសពេជ្របានមុន និងធំៗ បានមុនមនុស្សឯទៀត។
២. ការប្ដេជ្ញាចិត្តខ្ពស់
អ្នករកស៊ីដែលពូកែសុទ្ធតែជាមនុស្សដែលមានការប្ដេជ្ញាចិត្តខ្ពស់បំផុត។ មនុស្សទូទៅអាចនឹងមានការប្ដេជ្ញាចិត្តខ្ពស់បំផុត ក្នុងកម្រិត១០០% ប៉ុន្តែអ្នករកស៊ីខ្លាំងពូកែគឺដាក់ការប្ដេជ្ញាចិត្តលើសពី១០០% ឡើងទៅទៀត ព្រោះពួកគេកំពុងតែឈ្លក់វង្វេងជាមួយនឹងការសម្រេចគោលដៅ សម្រេចក្ដីស្រមៃដ៏ត្រចះត្រចង់របស់ពួកគេ ដែលជាហេតុធ្វើឱ្យគាត់ខំប្រឹងអស់ពីកម្លាំងកាយចិត្ត ធ្វើការដោយមិនហត់នឿយ និងមិនព្រមចុះចាញ់ងាយៗចំពោះឧបសគ្គ។
៣. ការលះបង់ខ្ពស់បំផុត
រាល់សមិទ្ធផលអស្ចារ្យគឺត្រូវាការ ការលះបង់ក៏មិនតិចនោះដែរ។ ក្នុងនាមជាអ្នករកស៊ី លោកឧកញ៉ាបានលើកឡើងថា បើចង់រកស៊ីពូកែត្រូវតែមានការលះបង់ខ្ពស់បំផុត។ លះបង់ទ្រព្យធន លះបង់កម្លាំង លះបង់ពេលវេលាជាដើម។ ជាក់ស្ដែងកាលពីអំឡុងកូវីដ១៩ លោកឧកញ៉ាបានចំណាយពេលវេលាជាច្រើនផ្ដោតលើអាជីវកម្ម ពោលគឺលោកធ្វើការចន្លោះពី១២ ទៅ១៤ម៉ោងឯនោះក្នុងមួយថ្ងៃ ទើបធ្វើឱ្យអាជីវកម្មអាចរស់រាន និងរីកចម្រើនមកទល់ចំណុចបច្ចុប្បន្ននេះ៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022