ពេលខ្លះយើងប្រហែលជាយល់ថាទាល់តែមានតំណែងធំ ទើបអាចដឹកនាំគេបាន ប៉ុន្តែការពិតគឺមិនដូច្នេះទេ។ ប៉ុន្តែផ្ទុយពីនេះមិនថា យើងជាអ្នកដឹកនាំដែលមានតំណែងធំឬតូចប៉ុណ្ណានោះទេបើគ្មាន៥យ៉ាងនេះដូច CEO ខ្លាំងៗធ្វើទេ កុំសង្ឈឹមថាដឹកនាំបុគ្គលិកបានល្អ៖
១. ស្តាប់៖ ជាមេគេរឿងដំបូង និងសាមញ្ញបំផុត ប៉ុន្តែមានអានុភាពគួរធ្វើនោះគឺស្តាប់ ហើយត្រូវចេះស្តាប់បានល្អ កុំបានត្រឹមតែនិយាយល្អ។
តាមរយៈការស្តាប់ អ្នកដឹកនាំនឹងស្គាល់បុគ្គលម្នាក់ៗកាន់តែច្បាស់ ទោះមិនចូលចិត្តគេក៏ដោយ ព្រោះការស្តាប់នឹងនាំឱ្យអ្នកដឹកនាំយល់កាន់តែច្បាស់អំពីបញ្ហា ហើយអ្នកអាចស្វែងរកដំណោះស្រាយដ៏ល្អបំផុតចំពោះបញ្ហានោះ ។ ដូចទស្សនមួយរបស់អតីតអ្នកដឹកនាំសហរដ្ឋអាមេរិក-លោក អាប្រាហាំ លីងខុន ៖ “ខ្ញុំមិនចូលចិត្តបុរសនោះទេ ខ្ញុំត្រូវតែស្គាល់គាត់ឱ្យកាន់តែច្បាស់”។
២. ផេ្ទរ៖ ការវាស់វែងដ៏ល្អបំផុតនៃភាពជាអ្នកដឹកនាំដ៏ល្អគឺនៅពេលដែលអ្នកអាច "ផ្ទេរ" ជំនាញ និងតម្លៃវិជ្ជមានទៅកាន់ក្រុមការងារឱ្យ ពួកគេក្លាយជាអ្នកដឹកនាំខ្លួនឯង អាចទុកចិត្តបាន ចេះផ្តួចផ្តើមគំនិត និងមានភាពជាម្ចាស់ការ។
ជាមេគេនៅពេលដែលអ្នកចេះផ្ទេរចំណេះដឹងនិងសមត្ថភាពរបស់អ្នកទៅកាន់មនុស្សដទៃគឺវាអំណាចជាងតំណែងរបស់អ្នកទៅទៀត។ ដូចទស្សនៈមួយរបស់គ្រូបង្រៀនភាពជាអ្នកដឹកនាំលោក ចន ស៊ីមិចវ៉ល៖ “អ្នកដឹកនាំគឺអស្ចារ្យ មិនមែនដោយសារអំណាចរបស់គាត់ទេ ប៉ុន្តែដោយសារតែសមត្ថភាពរបស់គាត់ក្នុងការផ្តល់អំណាចដល់អ្នកដទៃ”។
៣. វាស់វែង៖ ដើម្បីលើកទឹកចិត្តអ្នកដទៃឱ្យធ្វើការជាក្រុម ជាមេគេ អ្នកត្រូវតែចេះវាស់វែងទំហំការងារនិងទទួលស្គាល់ លើសមិទ្ធផលរបស់អ្នកដទៃនិងការរួមចំណែករបស់ពួកគេ។ ទទួលស្គាល់ក្រុមរបស់អ្នកមុន ហើយអ្នកនឹងត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំដ៏ល្អម្នាក់តាមក្រោយ។
ផ្អែកតាមការស្ទង់មតិមួយរបស់សាកលវិទ្យាល័យ Harvard បានបង្ហាញថា៦៣% នៃបុគ្គលិកជនជាតិអាមេរិកដែលធ្វើការ ១៥០០នាក់ដែលត្រូវបានទទួលស្គាល់ដោយអ្នកដឹកនាំជាញឹកញាប់ គឺមិនសូវអាប់ឌែត CV ស្វែងរកការងារថ្មីនោះទេ។
៤. បរិយាកាស៖ ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវរីករាយក្នុងការធ្វើការជាមួយក្រុមរបស់អ្នក បង្កើតនិងសម្រូលបរិយាកាសមួយដែល អនុញ្ញាតឱ្យក្រុមរបស់អ្នករីករាយនឹងការងាររបស់ពួកគេ។ ភាពរីករាយមានន័យថាក្រុមរបស់អ្នកមិនមានអារម្មណ៍ភ័យខ្លាចនៅពេលអ្នកនៅក្បែរ ហើយមានសេរីភាពក្នុងការបញ្ចេញមតិ។
ដូចពាក្យដែលគេនិយាយតៗគ្នាមួយឃ្លាថា៖ “ប្រសិនបើអ្នករីករាយនឹងការងាររបស់អ្នក នោះការងាររបស់អ្នកនឹងរីករាយ! អានឡើងវិញម្តងទៀត!”។
៦. ការសម្រាក៖ ការសម្រាកគឺសំខាន់ដូចជាការងារ។ ដូច្នេះជាមេគេ អ្នកត្រូវប្រាកដថាអ្នកអាចផ្តល់តុល្យភាពការងារ និងជីវិតឱ្យក្រុមការងារបាន បន្ទាប់ពីធ្វើការយ៉ាងលំបាក កុំរំលោភពេលវេលារបស់គេដើម្បីមហិច្ឆតាខ្លួនឯង ព្រោះអ្នកដឹកនាំល្អ មិនទុកបុគ្គលិកជាគ្រឿងយន្តទេ។
ការសម្រាកចំណុចនេះមានន័យថា សម្រាកដើម្បីបញ្ចូលថាមពលរាងកាយនិងចិត្តរបស់អ្នកនិងក្រុមការងារ ជាមួយពេលវេលាផ្ទាល់ខ្លួន ដើម្បីឱ្យអ្នកអាចធ្វើការប្រកបដោយប្រសិទ្ធភាពម្តងទៀតនៅថ្ងៃបន្ទាប់ ។
ជាការពិតពាក្យថាតំណែង “មេ ” អាចនឹងរលុបបាត់ទៅតាមពេលវេលា ប៉ុន្តែភាពជាអ្នកដឹកនាំមិនអាចនោះទេ ព្រោះភាពជាអ្នកដឹកនាំគឺវាលើសពីតំណែង ព្រោះនៅពេលដែលអ្នកដឹកនាំបានល្អ អ្នកប្រៀបបីដូចជាជួយតម្រង់ទិសនិងផ្លាស់ប្តូរវាសនាមនុស្សម្នាក់យ៉ាងអឹចឹង៕
អត្ថបទដោយ៖ ពីង ជូអេង