ក្រោយពីទទួលបានជោគជ័យនៅទីតាំងផ្លូវ វេង ស្រេង ពេលនេះផ្សារទំនើប K Mall បានប្រកាសពីការបង្កើតផ្សារថ្មីរបស់ខ្លួនមួយកន្លែងទៀត ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។
យោងតាមការចេញផ្សាយពី Pageផ្លូវការរបស់ផ្សារទំនើប K Mall កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ផ្សារទំនើបទី២ នេះមានឈ្មោះថា K Mall ព្រែកត្នោត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ជាប់នឹងបុរីចន្ទគីរី (Borey Chankiri) ក្នុងតំបន់ព្រែកត្នោត។
តាមការបញ្ជាក់គម្រោងផ្សារ K Mall ព្រែកត្នោតនេះនឹងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០២៣ នឹងគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៤ លើដីទំហំជាង ៨ ពាន់ម៉ែត្រការ៉េ ។
នៅពេលដែលសាងសង់រួច ផ្សារទំនើប K Mall ព្រែកត្នោតនេះ នឹងមានបង្កើតជាទីកន្លែងសម្រាប់ជួបជុំគ្នាជាសាធារណៈ ផ្លាហ្សាបើកចំហធំទូលាយ ផ្សារតូបតូចៗ និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបរីករាយផ្សេងៗទៀត ព្រមទាំងជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការទិញទំនិញប្រចាំថ្ងៃ និងការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់លោកអ្នកផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ