នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រទូរស័ព្ទដៃ iPhone របស់ក្រុមហ៊ុនផ្លែប៉ោមឆែមខណៈទូរស័ព្ទដៃ iPhone ស៊េរីឆ្នាំ២០២៣គឺទូរស័ព្ទiPhone 15 ស៊េរីនឹងត្រូវប្ដូរពីរន្ធសាកថ្ម Lightning មកជាUSB-C ដូចទូរស័ព្ទពពួក Android ទូទៅដែរនេះបើយោងតាមការចុះផ្សាយរបស់CNBC។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងរៀបចំបញ្ចេញនូវទូរស័ព្ទដៃជំនាន់ថ្មីរបស់ខ្លួននៅអំឡុងខែកញ្ញាខាងមុខនេះ ហើយiPhone ១៥ស៊េរីនឹងត្រូវបានធ្វើការផ្លាស់ប្ដូរនូវចំណុចមួយចំនួនដែលធ្វើឲ្យអ្នកគាំទ្រភ្ងាក់ផ្អើល ហើយក៏អាចធ្វើឲ្យអ្នកមិនធ្លាប់គាំទ្រក៏ងាកមកគាំទ្រផងដែរ។
តាមពិតក្រុមហ៊ុន Apple បានប្រើប្រាស់ប្រភេទរន្ធសាកថ្ម Lightning អស់រយៈពេលប្រមាណជាងជាង១០ឆ្នាំមកហើយពោលគឺតាំងពីឆ្នាំ២០១២មកម្ល៉េះ។ យ៉ាងណាមិញសម្រាប់iPhone ១៥ស៊េរី ដូចជា iPhone 15 និងiPhone 15Plus នឹងត្រូវប្ដូរមកប្រើរន្ធសាថ្មប្រភេទ USB-C ជំនួសឲ្យរន្ធសាកLightning ដែលApple ធ្លាប់ប្រើជាច្រើនឆ្នាំមកហើយ។
ចំណែកiPhone 15 Pro និងiPhone 15 Pro Max នឹងត្រូវបានបំពាក់ស៊ុំព័ន្ធជុំវិញដោយទីតាញ៉ូមជំនួសឲ្យ stainless steel ដែលApple ធ្លាប់ប្រើជាច្រើនឆ្នាំ ហើយការរចនាបែបនេះគឺធ្វើឲ្យទម្ងន់ទូរស័ព្ទនឹងកាន់តែស្រាលជាងមុនងាយស្រួលក្នុងការចាប់ដៃផងដែរ។
Apple បានសម្រេចប្ដូរមកប្រើរន្ធសាកថ្មប្រភេទ USB-C ជំនួសរន្ធLightning គឺដោយសារតែមានអ្នកគាំទ្រជាពិសេសសហភាពអឺរ៉ុបបានបង្កើតច្បាប់តម្រូវឲ្យឧបករណ៍ អេឡិចត្រូនិចទាំងអស់ត្រូវប្រើប្រាស់រន្ធសាកថ្ម USB-C ដើម្បីមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ឧបករណ៍អេសឡិចត្រូនិចមិនចាំបាច់ប្រើប្រាស់ឆ្នាំងសាកតាមខ្លួនច្រើន។
គួរបញ្ជាក់ផងដែរថារន្ធសាកថ្មប្រភេទ USB-C គឺត្រូវបានប្រើប្រាស់ទៅលើឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនមួយចំនួនដូចជា iPads និងកុំព្យូរទ័រ Macbook ជាដើមប៉ុន្ដែក្រុមហ៊ុននេះមិនទាន់បានប្ដូរមកប្រើរន្ធសាកប្រភេទ USB-C នៅឡើយទេសម្រាប់ទូរស័ព្ទរបស់ខ្លួន៕