ឪពុកម្តាយរវល់ច្រើនគួរធ្វើ វិធីសាស្រ្ត១ណែនាំពីអ្នកជំនាញ បើចង់ឱ្យកូនៗរៀនពូកែ មានវិន័យជាប់លាប់
Ping Chou EngOCTOBER 31 2024877 views

តាមការសិក្សារបស់សកលវិទ្យាល័យអាមេរិក Brown University បានឱ្យដឹងថាក្មេងនឹងចាប់ផ្តើមដុះទម្លាប់រស់នៅ តាមរយៈសកម្មភាព របស់ពួកគេចាប់ពីអាយុ៩ឆ្នាំឡើងទៅ។ ទន្ទឹមនឹងទម្លាប់របស់កុមារនេះដែរ ឪពុកម្តាយនៅសម័យមមាញឹកនេះតែងបារម្ភអំពីកូនៗ ខណៈពួកគាត់រវល់ច្រើន មិនបានតាមដាននិងមើលថែកូនៗដិតដល់ អាចបណ្តោយឱ្យកូនខ្ជិល រៀនមិនចេះឬលេងបណ្តេញសង្គម​ច្រើន។

 

ផ្អែកលើបញ្ហានេះតាមរយៈការលើកឡើង អង្កការសុមាលភាពកុមាររបស់អូស្រ្តាលី Kids Mental health Foundation បានបញ្ជាក់ថាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពមួយក្នុងចំណោមវិធីសាស្រ្តជាច្រើន ក្នុងការបង្កើតវិន័យជាប់លាប់ឱ្យកូនៗនោះគឺ ការកំណត់កាលវិភាគវិលជុំ ពោលគឺការបង្កើតសកម្មភាពមានប្រយោជន៍ប្រចាំថ្ងៃឱ្យកូន ហើយដាក់ឱ្យពួកគេអនុវត្តជារៀងរាល់ថ្ងៃ។

 

យ៉ាងណាសកម្មភាពទាំងនោះគួរតែជាទម្លាប់ដែលមិនស្មុគស្មាញ អាចមើលឃើញ ស្រមៃចេញជារូបភាពនិងងាយធ្វើ។ ឧទាហរណ៍ដូចជាការក្រោកពីគេង ដែលមានម៉ោងដូចគ្នារាល់ថ្ងៃ ម៉ោងញុំាអាហារ និងម៉ោងសម្រាប់កិច្ចការផ្ទះ និងសកម្មភាពកម្សាន្ត។

 

ជាក់ស្តែងដូចជាករណីសិក្សាពី លោក ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ជាឪពុកម្តាយខ្មែរមួយរូបបានចែករំលែកនៅលើបណ្តេញសង្គមផ្ទាល់ខ្លួន នូវរបៀបដាក់កាលវិភាគឱ្យកូនៗទាំង៣របស់លោក សម្រាប់សកម្មភាពនៅផ្ទះឱ្យកូនអនុវត្តជាប្រចាំថ្ងៃ ដើម្បីបានបង្កើតបានជាវិន័យជាប់លាប់ អាចឱ្យកូនៗរៀនពូកែ មានឯករាជ្យភាពនិងម្ចាស់ការលើខ្លួនឯង។

 

464961972 122114969360422370 1972738016994047722 N

462310476 122113091936422370 8809841755767667277 N

(ប្រភពរូបភាព៖ គ្រួសារយើង/Child Education)

 

 

ក្នុងនោះបើតាមអ្នកស្រី Rebecca Jackson ជាសាស្រ្តចារ្យចិត្តវិទ្យានិងជាអ្នកនិពន្ធផងនោះ អ្នកស្រីបានបញ្ជាក់ថា ដើម្បីធ្វើការសហនិពន្ធសៀវភៅរបស់គាត់ដែលមានចំណងជើងថា​ The Learning Habit អ្នកស្រីបានសម្ភាសន៍ឪពុកម្តាយជាច្រើន ហើយពួកគេភាគច្រើនតែងនិយាយថា “ខ្ញុំមិនចង់ឃើញកូនរបស់ខ្ញុំមិនសប្បាយចិត្ត ហើយធ្វើអ្វីដែលគាត់មិនចង់នោះទេ” ប៉ុន្តែអ្នកស្រីយល់ថាអ្វីដែលឪពុកម្តាយកំពុងនិយាយនោះគឺមានន័យថា “ខ្ញុំមិនចង់ឃើញកូនខ្ញុំរីកចម្រើនទេ”។

 

 

យ៉ាងណាអ្នកស្រីក៏បានណែនាំថានៅអាយុក្មេងៗទាំងនេះហើយ ជាពេលដែលឪពុកម្តាយគួរតែណែនាំអំពីការទទួលខុសត្រូវរួមគ្នាសម្រាប់ការថែទាំខ្លួនឯងនិងផ្ទះសម្បែងដល់កូនៗ ព្រោះថាមិនត្រូវកិច្ចការទាំងនេះជាល្បែងកម្សាន្តដ៏អស្ចារ្យមួយសម្រាប់ពួកគេ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia