យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះបានឲ្យដឹងថា រយៈពេល ១ ខែវិច្ឆិកា កន្លងទៅ ខ្លួនបានអនុម័តគម្រោងថ្មីៗចំនួន ២១ ដែលមានទុនវិនិយោគសរុបប្រមាណជិត ១១៩ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណដល់ទៅជិត ២២ ពាន់កន្លែងឯណោះ។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖
១. គម្រោងសាងសងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្ដាល អានុភាព ៧០ មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្ដកោះកុង និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្ដកោះកុង។
២. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្គាវ៉ាត់ នៅស្រុករំដួល ខេត្ដស្វាយរៀង។
៣. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការបញ្ជាក់បន្ថែមពី CDC នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ទុនវិនិយោគក្នុងស្រុកគ្រប់ដណ្ដប់ ៨២.៩០% នៃទុនវិនិយោគសរុប ខណៈដែលទុនវិនិយោគប្រមាណ ១៧.១០% មានប្រភពមកពីប្រទេសចិន។ ហើយក្នុងនោះសម្រាប់ការវិនិយោគក្នុងវិស័យឧស្សាហកម្មមាន ១០% និងវិស័យហេដ្ឋារចនាសម្ព័ន និងផ្សេងៗទៀតមាន ៩០%៕