នៅក្នុងទំនាក់ទំនងជាមិត្តភក្ដិតែងតែមានការពឹងពាក់គ្នាទៅវិញទៅទាក់ទងកិច្ចការផ្សេងៗហើយក្នុងនោះដែរពួកគាត់តែងតែពឹកពាក់ខ្ចីលុយគ្នាពេលខ្វះខាតឬមានតម្រូវការលុយបន្ទាន់ជាដើម។ យ៉ាងណាមិញ ពេលឲ្យមិត្តភក្ដិខ្ចីលុយ សាមីខ្លួនដែលជាម្ចាស់ពេលខ្លះមិនហ៊ានទារលុយចំៗពីអ្នកខ្ចីឡើយព្រោះខ្លាចមិត្តភក្តិមានអាម្មណ៍មិនល្អឬខ្លាចបែកបាក់មិត្តភាព។
ជុំវិញបញ្ហាខាងលើនេះដែរ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួន ដែលអាចស្នើសុំលុយរបស់អ្នកមកវិញបាន ថែមទាំងមិនធ្វើឱ្យខូចមិត្តភាពទៀតផង។ វិធីសាស្រ្តទាំងនោះរួមមាន៖
១. ការរំលឹកគួរសម
ជួនកាលមិត្តរបស់អ្នកគេគ្រាន់តែភ្លេចខ្លួនថាបានជំពាក់អ្នក មិនមែនគេចង់ស៊ីដាច់លុយនោះទេ ដូច្នេះអ្នកគួរតែសាកល្បងរំលឹកគេសិនទៅ។ អ្នកអាចលើកជាសំណួរសួរពួកគេថា “តើអ្នកចាំបានទេថាបានខ្ចីលុយខ្ញុំប៉ុន្មានកាលពីខែមុន? តើពេលណាទើបអាចសងខ្ញុំវិញបាន?”
២. សួរអំពីស្ថានភាពបញ្ហារបស់គេ
ធម្មតានៅពេលខ្ចីលុយពួកគេតែងតែបញ្ជាក់ពីមូលហេតុសំខាន់ ដែលអាចជាបញ្ហាធំដែលគេកំពុងជួបប្រទះជាដើម។ហេតុនេះហើយអ្នកអាចឆ្លៀតសួរពីស្ថានភាពរបស់គេ ថាតើពេលនេះយ៉ាងម៉េចហើយ? ដោះស្រាយដល់ណាហើយ? ការសួរនាំបែបនេះអាចជាការបើកឱកាសឱ្យគេនឹកឃើញថាបានជំពាក់អ្នក និងបកស្រាយពីមូលហេតុដែលមិនទាន់បានសង រួចបង្ហើបថាអាចនឹងសងវិញពេលណា។ វាក៏ប្រសើរជាងអ្នកនៅស្ងៀម ហើយមិនដឹងសូម្បីតែបន្តិចថាគេនៅចាំឬអត់ គឹអាចសងពេលណា ហេតុអ្វីគេមិនសងអ្នកឱ្យលឿន។
៣. ឱ្យគេចេញលុយពេលទៅញ៉ាំអីជាមួយគ្នា
ប្រសិនបើចំនួនលុយដែលគេជំពាក់តិចតួចល្មមទេ អ្នកអាចមិនបាច់ទារ ឬរំលឹកអ្វីក៏បាន គ្រាន់តែអនុញ្ញាតឱ្យគេចេញលុយ នៅពេលដែលបានញ៉ាំអីជុំគ្នាលើកក្រោយទៅ។ ហោចណាស់ក៏អ្នកបានចំនួនទឹកប្រាក់មួយចំនួនមកវិញ ហើយវាក៏ជាឱកាសធ្វើឱ្យគេចាំបានថាជំពាក់អ្នកប៉ុន្មានដូចគ្នា។
៤. សុំឱ្យគេជួយអ្នក
កាលពីគេខ្ចីអ្នកគេសុំឱ្យអ្នកជួយ ហេតុនេះអ្នកក៏អាចសុំឱ្យគេជួយវិញបានដែរ ហើយប្រសិនបើអ្នកពិតជាត្រូវការលុយមកវិញដើម្បីបំពេញតម្រូវការអ្វីមួយ សូមយកវាធ្វើជាហេតុផលដើម្បីសុំឱ្យគេជួយសងលុយមកវិញ។ ប្រសិនបើអ្នកត្រូវការខ្លាំងពិតមែនហើយគេឆ្លើយថាគ្មានលុយគ្រប់គ្រាន់ អ្នកអាចសុំឱ្យគេរកអ្វីមកជំនួសក៏បាន ព្យាយាមនិយាយឱ្យគេយល់ចិត្តថាអ្នកពិតជាត្រូវការចាំបាច់ណាស់។
៥. ផ្ដល់លក្ខខណ្ឌសងដែលបត់បែន
ប្រសិនបើគេថាគ្មានលុយសងសរុប អ្នកអាចលើកជាលក្ខខណ្ឌសងរំដោះក៏បាន ដោយកំណត់ចំនួនបង់ជាដំណាក់កាល។ ការលើកជាដំណោះស្រាយបែបនេះបានបង្ហាញថាអ្នក កំពុងរកវិធីជួយដល់អ្នកដែលជំពាក់ ហើយមួយវិញទៀតវាក៏អាចបង្កើតក្ដីសង្ឃឹមថ្មីថាអ្នកនឹងអាចទទួលបានលុយមកវិញផងដែរ។
សូមចាំថាលុយជាបញ្ហារសើបមួយ ដែលអាចបំផ្លាញមិត្តភាព ឬនាំឱ្យទំនាក់ទំនងរាប់អានគ្នារងនូវភាពតានតឹងបាន។ ហេតុនេះហើយសូមប្រាកដចិត្តថាចំនួនលុយដែលអ្នកសម្រេចចិត្តឱ្យពួកគេខ្ចី មិនស្ថិតនៅក្នុងតម្រូវការចាំបាច់របស់អ្នក។ មានន័យថាលុយនោះទោះបីបាត់បង់ក៏អ្នកមិនមានបញ្ហា ដូច្នេះអ្នកនឹងមិនមានកំហឹងពេលដែលគេមិនសងវិញ។
បើទើបីជាអ្នកមិនស្ដាយលុយនោះក៏ដោយក៏អ្នកត្រូវតែរកវិធីឱ្យគេសងវាមកវិញមិនថាយូរឬឆាប់ទេ ព្រោះថាបើគេមិនបានសងមិត្តភាពរបស់អ្នកក៏ខូចខាតដូចគ្នា គេច្បាស់ជាលែងហ៊ាននិយាយរកអ្នក។ ដើម្បីបញ្ជៀសបញ្ហានេះអ្នកអាចប្រើវិធីសាស្រ្តទី២ ខាងលើដើម្បីឱ្យគេបើកចិត្តនិយាយហេតុផលជាមួយអ្នកនិងរកវិធីសម្រួលដល់គេ ឬបើអ្នកមិនចង់វែងឆ្ងាយអាចឱ្យទៅគេដាច់តែម្ដងក៏បាន៕