និយាយឱ្យមែនទែនទៅគ្មាននរណាម្នាក់រស់នៅដោយសប្បាយចិត្តព្រោះមានចំណូលតិច រកមុខខ្វះក្រោយ ទាញពីលិចមកដាក់ឯកើត ទាញពីកើតមកដាក់ឯលិចទេ ពោលគឺចង់បានចំណូលច្រើនទោះធ្វើការងារតំណែងតូចធំអ្វីក៏ដោយ។
ប៉ុន្តែប្រាក់ចំណូលឬប្រាក់ខែមិនមែនចេះតែបានច្រើនឬធំជាងសមត្ថភាពរបស់បុគ្គលម្នាក់ៗនោះឡើយជាពិសេសយុវជន។ ដូច្នេះប្រសិនបើអ្នកជាបុគ្គលិកចូលធ្វើការងារក្រុមហ៊ុនដំបូងៗ បានប្រាក់ខែមិនច្រើន តែចង់ធ្វើការទាំងសប្បាយចិត្តអាចសាកល្បងតិចនិក៣ខាងក្រោមនេះបាន៖
១. ធ្វើការងារលើខ្លួនឯងឱ្យខ្លាំងជាងការងារ
មិនតិចនោះទេដែលមានមនុស្សនិយាយស្រដៀងៗគ្នាថាខំប្រឹងធ្វើការងាររាល់ថ្ងៃមិនហ៊ានសូម្បីឈប់សម្រាក គ្មានសូម្បីតែពេលឱ្យគ្រួសារ ខំប៉ុណ្ណឹងហើយនៅតែមិនសល់អ្វី ជីវិតដូចកាន់តែយ៉ាប់ជាងមុនទៀត ហត់ក៏ហត់ លុយក៏អត់ ពេលវេលាក៏មិនមានគ្រប់គ្រាន់។
ហេតុផលនេះជារឿងពិតជារឿងប្រសិនបើអ្នកខំលើការងារគ្មានពេលអភិវឌ្ឍសមត្ថភាព មិនចេះឆ្លៀតពេលបង្កើតទំនាក់ទំនងដែលមានគុណភាពដល់ជីវិត មិនបានដុសខាត់សមត្ថភាព បញ្ញា ស្មារតី ឱ្យភ្លឺថ្លាជាងបញ្ហាដែលអាប់អួរដែលចូលមកជីវិតយើងរាល់ថ្ងៃ និងមិនធ្វើការងារត្រូវចំណូលចិត្ត ចំគោលដៅ។ ដូចពាក្យលោក Jim Rohn ជាអ្នកនិពន្ធដ៏ល្បីម្នាក់បានលើកឡើងថា “គ្រប់យ៉ាងនៅជុំវិញអ្នកនឹងក្លាយជាល្អ ប្រសិនបើអ្នកផ្លាស់ប្តូរខ្លួនឯងឱ្យបានល្អ”។
២. រៀនសូត្រ១ជីវិត
មិនថាអ្នករៀនចប់ពីសាកលវិទ្យាល័យថ្លៃៗឬល្បីឈ្មោះប៉ុនណាមានសញ្ញាបត្រព្យួរជញ្ចាំង ច្រើនប៉ុនណានោះទេ ឱ្យតែថ្ងៃណាអ្នកឈប់រៀនឈប់បន្តអភិវឌ្ឍន៍ខ្លួនថ្ងៃ គិតថាខ្លួនចេះគ្រប់គ្រាន់ហើយ ថ្ងៃនោះជាថ្ងៃដែលអ្នកបានដុតឃ្លាំងផលិតមាសផលិតប្រាក់ចោលហើយ។
ដូច្នេះត្រូវរៀនសូត្រពេញមួយជីវិត អភិវឌ្ឍន៍ខ្លួនជាប្រចាំថ្ងៃ ដូចជាការចំណាយពេល២ឬ៣នាទីក្នុងមួយថ្ងៃដើម្បីរៀនមេរៀនមួយដែលថ្មីសម្រាប់ខ្លួនឯង និងមានទម្លាប់អានសៀវភៅដែលអាចដោះស្រាយបញ្ហាដែលខ្លួនកំពុងជួបប្រទះ ទើបជួយឱ្យជីវិតយើងរីកចម្រើន ប្រាក់ខែតិចឬច្រើនអាស្រ័យលើអ្នកហើយ។
៣. កាត់បន្ថយចំណង់
នៅក្មេងប្រសិនបើធ្វើការបានប្រាក់ខែតិចហើយ ត្រូវគិតឱ្យខ្លាំងលើការចាយវាយ បន្ថយចំណង់ឱ្យបានច្រើន កាត់បន្ថយចាយតាមអារម្មណ៍ ចង់ហ៊ឺហា ហើយងាកមកផ្តោតលើតម្រូវការចំាបាច់វិញ ទើបអាចបន្ធូរបន្ទុកបានខ្លះ។
ដូច្នេះប្រសិនបើយើងមានបន្ទុកច្រើន ត្រូវការចំណូលច្រើន គឺត្រូវកាត់បន្ថយចំណាយដែលកើតឡើងច្រើនដោយសារចំណង់ឱ្យបានល្អជាមុនសិន ដើម្បីសល់លុយប្រាក់ខែបន្តិចបន្តួចពីចំណាយចាំបាច់ហើយ ទុកសន្សំយកទៅវិនិយោគលើខ្លួនឯង វិនិយោគលើគោលដៅអនាគត ទើបយើងអាចមានឱកាសល្អៗដើម្បីរកប្រាក់ចំណូលបានច្រើននាពេលខាងមុខ។
ជាការពិតណាស់គ្មាននរណាសប្បាយចិត្តរីករាយនិងការរស់នៅដែលមានប្រាក់ខែចាយមិនគ្រប់នោះទេ ប៉ុន្តែយើងពិតជាអាចប្រើពេលធ្វើការដោយសប្បាយចិត្តដោយមានប្រាក់ខែតិចបាន ប្រសិនបើយើងប្រឹងប្រែងដោយត្រូវផ្លូវ មានគោលដៅច្បាស់លាស់ មិនឈប់អភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរឡើងជាងម្សិលមិញ ធ្វើការឱ្យខ្លាំងជាងទំហំការងារដែលមាន ដោយមានភាពឆ្លាតវៃ៕
អត្ថបទដោយ៖ ពីង ជូអេង