ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤, រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ទើបតែទទួលបានការទទួលស្គាល់លំដាប់អន្តរជាតិក្នុងនាមជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៣» នៅក្នុងពិធីប្រគល់ពានរង្វាន់ International Finance Awards នៅទីក្រុងបាងកក ប្រទេសថៃ។ ពានរង្វាន់នេះទទួលស្គាល់ក្រុមហ៊ុន FWD Cambodia ដោយផ្តោតសំខាន់លើការរួមចំណែកយ៉ាងសកម្ម និងការប្ដេជ្ញាចិត្តក្នុងការជួយដល់ក្រុមគ្រួសារកម្ពុជារស់នៅដោយភាពរីករាយតាមរយៈក្រុមការងារប្រកបដោយវិជ្ជាជីវៈ ការផ្ដល់ជូនដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលគាំទ្រដោយសេវាកម្ម បច្ចេកវិទ្យាបែបឌីជីថល។
លោក ជីម គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖ «យើងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដោយទទួលបានពានរង្វាន់ដ៏ពិសេសនេះស្របពេលដែលយើងទើបតែបញ្ចប់បេសកកម្មរបស់យើងក្នុងឆ្នាំ ២០២៣។ នៅក្នុងឆ្នាំថ្មីនេះ ក្រុមការងាររបស់យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្ដល់បទពិសោធថ្មីលើសេវាធានារ៉ាប់រងជូនដល់ក្រុមគ្រួសារកម្ពុជា។ ការទទួលស្គាល់នេះជាសក្ខីភាពបញ្ជាក់ពីការយកអតិថិជនជាគោលសម្រាប់គ្រប់សកម្មភាពដែលយើងធ្វើ។» លោក គង់ហ៊ុយ បានបន្ថែមថា៖ «ក្នុងឱកាសនៃការទទួលបានសមិទ្ធផលដ៏សំខាន់នេះ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់សម្រាប់ការផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុន FWD Cambodia ចាប់តាំងពីអាជីវកម្មរបស់យើងចាប់ផ្ដើមប្រតិបត្តិការក្នុងឆ្នាំ ២០២១។ ខ្ញុំក៏សូមអរគុណដល់ក្រុមការងារទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីគ្នាទៅវិញទៅមក និងដើម្បីអតិថិជនរបស់យើង។ ខ្ញុំក៏សូមអរគុណផងដែរដល់ដៃគូអាជីវកម្ម និងនិយ័តករធានារ៉ាប់រងកម្ពុជាដែលតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងដំណើរអាជីវកម្មរបស់យើង ដែលធ្វើឱ្យដំណើរនាពេលកន្លងមកនេះពោរពេញទៅដោយអត្ថន័យ និងភាពជោគជ័យ។
International Finance Awards គឺជាកម្មវិធីផ្ដល់ការទទួលស្គាល់ និងប្រគល់ពានរង្វាន់លំដាប់អន្តរជាតិដែលចាប់ផ្ដើមឡើងនៅចក្រភពអង់គ្លេស ហើយមានគោលដៅផ្ដល់ការទទួលស្គាល់ដល់បុគ្គល និងស្ថាប័នដែលឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុ ដោយការទទួលស្គាល់នីមួយៗត្រូវឆ្លងកាត់ការស្រាវជ្រាវ និងវិភាគស៊ីជម្រៅ បូករួមនឹងដំណើរការវាយតម្លៃយ៉ាងម៉ត់ចង់បំផុត។ ម្ចាស់ពានរង្វាន់ទាំងអស់ត្រូវតែមានការបកស្រាយក្បោះក្បាយនៅក្នុងការដាក់ពាក្យចូលរួម និងមានសមិទ្ធផលជោគជ័យជាភស្ដុតាង។
ក្រុមហ៊ុន FWD Cambodia គឺជាសមាជិកមួយរបស់ FWD Group ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើនជាង ១១ លាននាក់ ក្នុងទីផ្សារចំនួន ១០។ ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការចាប់ផ្ដើមអាជីវកម្មជាផ្លូវការនៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន FWD Cambodia ឈ្នះពានរង្វាន់អន្តរជាតិមួយក្នុងនាមជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២១» ពី Global Business Outlook Awards នៅចក្រភពអង់គ្លេស។
អំពី FWD Group
ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើនជាង 11 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ប្រារព្វខួប ១០ ឆ្នាំរបស់ខ្លួននៅឆ្នាំ ២០២៣។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com។
អាសយដ្ឋានទំនាក់ទំនងសម្រាប់សារព័ត៌មាន
តារា សៅយុទ្ធនា
011 759 964