កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុនមីនេបៀ ដែលជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសជប៉ុន បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅខេត្តពោធិ៍សាត់។ ខណៈកម្មវិធីនេះបានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោកអគ្គនាយកក្រុមហ៊ុនមីនេបៀ, ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្ដិយសច្រើនរូបទៀត។
រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ដែលប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។
ការជ្រើសរើសបោះទីតាំងក្នុងខេត្តពោធិ៍សាត់ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រមួយដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានដែលលេចឡើងថ្មីៗ និងចូលរួមចំណែកក្នុងការបង្កើនប្រវត្តិរូបអាជីវកម្មដែលគិតគូរដល់បរិស្ថាន ព្រមទាំងអាចផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅ ដោយហេតុផលនៃភាពសម្បូរបែបនៃធនធានថាមពលកកើតឡើងវិញរបស់ខេត្តនេះ។
ទន្ទឹមនេះ ខេត្តពោធិ៍សាត់មានទីតាំងនៅជិតផ្លូវជាតិលេខ៥ និងជាទីតាំងយុទ្ធសាស្ត្រផ្នែកភស្តុភារកម្ម មានការតភ្ជាប់ជាមួយមជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសថៃតាមរយៈខេត្តប៉ោយប៉ែត ឬកោះកុង ដែលការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនអាចទាញយកប្រយោជន៍ពីយុទ្ធសាស្រ្តប្រទេសបូកបានផងដែរ៕