កម្ពុជា​-ចិន​ នឹងអភិវឌ្ឍន៍រួមគ្នាក្នុងច្រករបៀងមច្ឆា​ និងអង្ករ ឬប៉ូលសេដ្ឋកិច្ចទី៤ គ្រប់ដណ្ដប់លើខេត្ដភាគពាយ័ព្យ
Bunthoeun KoemSEPTEMBER 20 2024127 views

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានព្រមព្រៀងរួមគ្នាលើកិច្ចសហការដើម្បីអភិវឌ្ឍលើច្រក របៀង​មច្ឆា និងអង្ករ ដែលស្ថិតនៅ​ភាគ​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា និង​នៅ​តំបន់​បឹង​ទន្លេសាប អភិវឌ្ឍ​កសិកម្ម​អេកូឡូស៊ី​ទំនើប​នៅក្បែរ​បឹង​ទន្លេសាប​។ ខណៈកិច្ចសហការនេះធ្វើឡើងដើម្បីបង្កើន និងពង្រីកទំហំពាណិជ្ជកម្ម ជាពិសេសផលិតផលកសិផល។

 

Img 8640

 

ជាក់ស្ដែង កាលពីពេលកន្លងទៅថ្មីៗនេះឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ស្តីពីការអភិវឌ្ឍ​រួមគ្នា​ក្នុងកិច្ចសហប្រតិបត្តិការ ច្រករបៀងមច្ឆា​ និងអង្ករ» ផងដែរនៅទីស្តីការ​ក្រសួង។

 

Img 8636

 

យោងតាមការដកស្រង់ពីក្រសួងព័ត៌មាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ សេចក្តី​ព្រាង​ផែនការ​កិច្ច​សហប្រតិបត្តិការនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលព្រាងនៅ​ឡើយ ហើយនឹងបន្តធ្វើការបន្ថែមទៀត​។ ឯកឧត្ដមពន្យល់ថា «ច្រករបៀងមច្ឆា និងអង្ករ នឹងបើកច្រកថ្មីសម្រាប់ទីផ្សារកសិផលកម្ពុជាទៅប្រទេសចិន បើទោះ​បីជាទើបតែចាប់ផ្តើម និងត្រូវប្រើពេលបន្តិចទៀតទើបអាចឃើញ​លទ្ធផល​ក៏ដោយ តែនេះគឺជាវឌ្ឍនភាពថ្មី​ប្រកបដោយ​សក្តានុពល​មួយទៀតសម្រាប់វិស័យកសិកម្មនៅកម្ពុជា និងសម្រាប់ពុកម៉ែ​បងប្អូនកសិករខ្មែរទាំងអស់គ្នា»

 

សូមជម្រាបថា កម្ពុជាមានខេត្តចំនួន៤ នៅប៉ែកពាយ័ព្យដូចជា៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តប៉ៃលិន ដែល​ជាជង្រុកនៃ​កសិកផល​យុទ្ធសាស្ត្របម្រើឱ្យទាំងតម្រូវការសន្តិសុខស្បៀង​នៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារនៅលើពិភពលោក។ តំបន់ទាំងនេះត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤នៃកម្ពុជា ដែលជាប៉ូលកសិកម្ម និងជាផ្នែកមួយនៃគំនិតផ្តួច​ផ្តើម«ច្រករបៀង​មច្ឆានិងអង្ករ»។

 

ក្នុងចំណោមខេត្តទាំង៤នេះមានខេត្តចំនួន២នៅ​ជាប់នឹងបឹងទន្លេសាប គឺខេត្ត​បាត់ដំបង និងខេត្តពោធិសាត់។យ៉ាងហោចណាស់មួយភាគបី(៣៤,៥%)នៃកសិកម្មកម្ពុជាទាំងមូលត្រូវបានផលិតចេញពីខេត្តទាំង៤នេះ ក្នុងនោះ ៩៧%នៃផ្លែក្រូច, ៩០%នៃផ្លែមៀន ,៧៦% នៃដំណាំពោត សុទ្ធតែចេញពីតំបន់នេះ។ ជាងមួយភាគបួននៃដំណាំស្រូវ ផ្លែទុរេន និងផ្លែប៊័រ ក៏ត្រូវបាន​នាំចេញពីទីនេះ៕

 

Img 8641

Img 8637

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia