លោក Tom Coley ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានធ្វើការស្រាវជ្រាវរយៈពេល៥ឆ្នាំ ទៅលើប្រធានបទ “ទម្លាប់របស់អ្នកមាន” រហូតបានដឹងថាអ្នកមានភាគច្រើនស្ថិតក្នុងចំណោមមនុស្ស៤ប្រភេទធំៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងការស្រាវជ្រាវលោក Coley បានសម្ភាសន៍ អ្នកដែលតស៊ូតាំងពីបាតដៃទទេរហូតក្លាយជាអ្នកមាន ចំនួន ២២៥នាក់។ ក្នុងចំណោមពួកគេទាំងអស់ គឺសុទ្ធតែជាមនុស្សដែលមានអត្តចរិតយ៉ាងហោចណាស់១ ដូចទៅនឹងប្រភេទទាំង ៤ខាងក្រោមនេះ៖
១. អ្នកសន្សំនិងវិនិយោគ៖ មនុស្សប្រភេទនេះគឺតែងតែសន្សំ និងវិនិយោគធ្វើឱ្យលុយរបស់គេកើន មិនថាគេជាអ្នកណា ធ្វើការអ្វី ចំណូលតិចឬច្រើន គេតែងតែមានទម្លាប់ដកលុយដែលខ្លួនរកបានទុកសន្សំ និងរកវិធីធ្វើឱ្យលុយនោះកើនជាលំដាប់។
២. អ្នកឱ្យតម្លៃការងារ៖ ជាប្រភេទមនុស្សដែលធ្វើការដូចជាម្ចាស់ក្រុមហ៊ុន ពួកគេលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនដើម្បីឱ្យក្រុមហ៊ុនរីកចម្រើន។ ហើយភាគច្រើននៃពួកគេគឺទទួលបានតែរឿងល្អៗ ដូចជាមានតួនាទីកាន់តែខ្ពស់ និងប្រាក់ខែកាន់តែច្រើន។
៣. អ្នកជំនាញ៖ ពួកគេតែងតែធ្វើកិច្ចការរបស់ខ្លួនដោយយកចិត្តទុកដាក់បំផុត និងធ្វើឱ្យមានលទ្ធផលល្អ។ មនុស្សប្រភេទនេះឱ្យតម្លៃលើចំណេះដឹង និងជំនាញរបស់ពួកគេ ហើយតែងតែចំណាយលុយភាគច្រើនទៅលើការសិក្សាអភិវឌ្ឍចំណេះដឹង។
៤. អ្នកមានក្ដីស្រមៃ៖ បុគ្គលនៅក្នុងក្រុមនេះជាមនុស្សដែលដើរតាមក្ដីសុបិនរបស់ខ្លួនឯងដូចជា ការចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ចង់ក្លាយជាតារាសម្ដែងដ៏ល្បីឬជាតន្រ្ដីករជំនាញជាដើម។ អ្នកមានក្ដីសុបិនតែងយកចិត្តទុកដាក់ធ្វើអ្វីដែលពួកគេចូលចិត្ត ហើយតែងតែទាញយកចំណូលបានពីរឿងទាំងអស់នោះ។
លោក Coley បានគូសបញ្ជាក់ផងដែរថា ៨៨%នៃអ្នកមានដែលគាត់បានសម្ភាសន៍ខាងលើ បាននិយាយថា “ការសន្សំនិងវិនិយោគ គឺជាផ្នែកដ៏សំខាន់បំផុតចំពោះការបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ តាំងពីបាតដៃទទេរហូតសល់ទ្រព្យរាប់លានដុល្លារ”៕