ដុ.ល្លារឡើងថ្លៃ ធនាគារជាតិធ្វើអន្តរាគមន៍ទីផ្សារប្ដូរប្រាក់ តើអ្វីជាការធ្វើអន្តរាគមន៍ទីផ្សារប្តូរប្រាក់? ហេតុអ្វីយើងចាំបាច់ត្រូវធ្វើ?
SOKLY SOSEPTEMBER 19 2023440 views

នៅក្នុងសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយសារតែ តម្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិកំពុងប្រែប្រួលខ្លាំង អាចជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជាទាំងពេលបច្ចុប្បន្ននិងអនាគត ធនាគារជាតិ នៃ កម្ពុជា បានប្រកាសបន្តធ្វើអន្តរាគមន៍លើទីផ្សារប្ដូរប្រាក់។ តើអ្វីទៅជាការធ្វើអន្តរាគមន៍លើទីផ្សារប្ដូរប្រាក់?

 

យោងតាមទិន្នន័យពី Investopedia បានឱ្យដឹងថា ការធ្វើអន្តរាគមន៍លើទីផ្សារប្ដូរប្រាក់ គឺសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្ដាលនៃប្រទេសជាតិណាមួយ ដើម្បីធ្វើឱ្យមានស្ថិរភាពរូបិយណ្ណ តាមរយៈការប្រើប្រាស់ “ឧបករណ៍គោលនយោបាយរូបិយវត្ថុ”។ ឬអាចនិយាយឱ្យងាយយល់ថា គឺជាសកម្មភាពទាំងឡាយណាដែលធនាគារកណ្ដាល (សំដៅលើធនាគារជាតិនៃកម្ពុជា) បានធ្វើឡើងក្នុងគោលបំណងរក្សាតម្លៃប្រាក់របស់ប្រទេសខ្លួន (ប្រាក់រៀលខ្មែរ) កុំឱ្យធ្លាក់ថ្លៃខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក។

 

ឧបករណ៍គោលនយោបាយរូបិយវត្ថុ ត្រូវបានធនាគារកណ្ដាលនៃប្រទេសនីមួយៗប្រើប្រាស់ក្នុងរូបភាពជាយុទ្ធសាស្រ្តមួយចំនួនដូចជា បើកប្រតិបត្តិការទីផ្សារ (ធនាគារកណ្ដាលទិញមូលបត្របំណុលពីអ្នកវិនិយោគ ឬលក់មូលបត្របំណុលបន្ថែមដល់វិនិយោគិន ដើម្បីផ្លាស់ប្ដូរមូលបត្ររដ្ឋាភិបាល និងប្រាក់ដែលមានសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល) អត្រាការប្រាក់ (ធនាគារកណ្ដាលដំឡើង ឬទម្លាក់អត្រាការប្រាក់) តម្រូវការទុនបម្រុង (ធនាគារកណ្ដាលរៀបចំឱ្យធនាគារពាណិជ្ជនិងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ប្រមូលទុនបម្រុងបន្ថែម ឬធនាគារកណ្ដាលបញ្ចេញទុនបម្រុងឱ្យទៅភាគីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុប្រើប្រាស់)។

 

ទន្ទឹមនឹងនោះ សកម្មភាពដែលធនាគារជាតិនៃកម្ពុជា ដាក់ឱ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មប្ដូរប្រាក់ដែលមានអជ្ញាប័ណ្ណទាំងអស់ ធ្វើការដេញថ្លៃទិញប្រាក់ដុល្លារអាមេរិក ក៏រាប់បញ្ចូលថាជាឧបករណ៍គោលនយោបាយរូបិយវត្ថុមួយដែរ។

 

ជាទូទៅធនាគារកណ្ដាល ប្រើប្រាស់ឧបករណ៍គោលនយោបាយរូបិយវត្ថុ ក្នុងគោលបំណង គ្រប់គ្រងអតិផរណា, ភាពអត់ការងារធ្វើ និងរក្សាអត្រាប្ដូរប្រាក់ជាដើម។  ជាក់ស្ដែងធនាគារជាតិកម្ពុជាក៏បាន អនុវត្តន៍ការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារប្រកបដោយជោគជ័យ ដើម្បីរក្សាតម្លៃប្រាក់រៀលកុំឱ្យធ្លាក់ថ្លៃខ្លាំងធៀបនឹងដុល្លារអាមេរិក។

 

សូមជម្រាបផងដែរថា ក្រោយពីការធ្វើការដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិក ៤លើក ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារ បានធ្លាក់ចុះមកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ប៉ុន្តែដោយឃើញពីបម្រែបម្រួលនៃតម្លៃប្រាក់ដុល្លារនៅលើទីផ្សារអន្តរជាតិ ធនាគារជាតិក៏បានប្រកាសបន្តធ្វើអន្តរាគមន៍ (ដាក់ដេញថ្លៃលក់ប្រាក់ដុល្លារ)បន្តទៀតដោយមានចំនួន ២ដងក្នុង១សប្តាហ៍ (ថ្ងៃពុធ និងថ្ងៃសុក្រ) សម្រាប់រយៈពេល៤សប្តាហ៍តទៅមុខទៀត៕

 

19.09

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia