មានភាពបានមិនមែន អាចកើតឡើងងាយៗនោះទេ ពោលគឺវាទាមទារពេលវេលា ជាពិសេស រកលុយបានហើយចេះចាត់ចែងសន្សំវិនិយោគជាប្រចាំក៏ដូចជាប្រើលុយឲ្យចំណេញ។ ទាក់ទងនឹងរឿងលុយកាក់នេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកនូវក្បួនប្រើលុយដែលហៅថា” ច្បាប់មាសទាំង៥” បើអ្នកធ្វើបានទ្រព្យនឹងកើនជាលំដាប់បើយោងតាមសៀវភៅកំពូលអ្នកមាននៅក្នុងទីក្រុងបាប៊ីឡូន។
១. រកបានដកលុយមួយផ្នែកមកសន្សំទុក
មនុស្សជាច្រើនតែងតែមើលរំលងការសន្សំលុយ ដែលជាមូលហេតុចម្បងធ្វើឲ្យពួកគាត់មិនមានសល់លុយ ជួបបញ្ហាលុយ និងមិនអាចបង្កើតភាពមានបានដូចគេដូចឯង។ ដូច្នេះបើចង់អនាគតសល់លុយ សល់ទ្រព្យ រកលុយបានត្រូវដកលុយមួយផ្នែកមកសន្សំទុក។
នៅក្នុងសៀវភៅកំពូលអ្នកមាននៅក្នុងទីក្រុងបាប៊ីឡូន បុរសឈ្មោះអាខេដ ដែលជាកំពូលអ្នកមានក្នុងទីក្រុងបានពត់ខ្លួនពីអ្នកក្រក្លាយជាសេដ្ឋីគឺដោយសារគាត់រកលុយបានហើយដកលុយមួយផ្នែកមកសន្សំទុក ពោលគឺដក១០% នៃចំណូលសរុបមកសន្សំទុក រួចយកប្រាក់សន្សំគាត់ទៅវិនិយោគបង្កើតលុយជាបន្តបន្ទាប់ រហូតក្លាយជាកំពូលអ្នកមាននៅក្នុងទីក្រុងបាប៊ីឡូន។ ការសន្សំមិនអាចក្លាយជាអ្នកមានបានទេ តែអ្នកមានជាច្រើនអាចបង្កើតភាពមានបានផ្ដើមពីការសន្សំនេះ។
២. វិនិយោគលុយរបស់អ្នក
ដូចបានរៀបរាប់ខាងលើរួចមកហើយថាការសន្សំមិនអាចឲ្យអ្នកក្លាយជាអ្នកមានបានទេ ដូច្នេះហើយដើម្បីឲ្យលុយរបស់អ្នកកាន់តែកើនឡើងលឿនបង្កើតជាកូនពូនជាចៅ អ្នកត្រូវយកលុយដែលសន្សំទៅវិនិយោគបន្ត។ ដូចឃ្លាមួយរបស់លោកតា Benjamin Franklin បិតាស្ថាបនិករបស់សហរដ្ឋអាមេរិក បានលើកឡើងថា”លុយបង្កើតលុយ ហើយលុយដែលបង្កើតលុយ វានឹងអាចបង្កើតលុយកាន់តែច្រើន”។ ដូច្នេះសន្សំលុយហើយត្រូវយកលុយទៅវិនិយោគទើបអ្នកអាចក្លាយជាអ្នកមាន។
៣. សុំយោបល់ពីអ្នកមានបទពិសោធន៍
មានលុយវិនិយោគហើយមិនប្រាកដថាវិនិយោគលុយអ្នកកាន់តែកើនឡើយ បើអ្នកមិនមានចំណេះដឹង។ ដូច្នេះ អ្នកគួរស្វះស្វែងរកអ្នកមានបិទពិសោធន៍ក្នុងការរកស៊ីឬវិនិយោគដើម្បីសុំយោបល់អ្នកដែលគាត់មានបទពិសោធន៍រកស៊ីនិងវិនិយោគ។ អ្នកដែលមានបទពិសោធន៍ គេធ្លាប់ធ្វើ ធ្លាប់អនុវត្តន៍ក៏ដូចជាធ្លាប់ធ្វើខុស ពួកគាត់រៀនពីកំហុសហើយកែប្រែរហូតវិនិយោគបានជោគជ័យទ្រព្យកើនជាលំដាប់។ អ៊ីចឹងត្រូវចេះសុំយោបល់ពីអ្នកដែលមានបទពិសោធន៍ ទើបអ្នកដឹងផ្លូវិនិយោគចេញជាផ្លែផ្កា។
៤. វិនិយោគលើអ្វីដែលអ្នកយល់
សេដ្ឋី Warren Buffett ស្ដេចវិនិយោគប្រចាំសតវត្សទី២១បានលើកឡើងថា” ហានិភ័យក្នុងការវិនិយោគគឺកើតឡើងមកពីការវិនិយោគលើអ្វីដែលអ្នកមិនយល់” ។ ដូចបានរៀបរាប់ខាងលើអ៊ីចឹង បើអ្នកគ្មានចំណេះទោះមានលុយ១លានដុល្លារ ក៏អ្នកមិនអាចបង្កើតភាពមានបានបានដែរ ពោលគឺអាចនឹងចាយអស់វិញក្នុងរយៈពេលដ៏ខ្លី។ ដូច្នេះច្បាប់វិនិយោគរបស់សេដ្ឋី Warren Buffett គឺវិនិយោគលើអ្វដែលអ្នកមានចំណេះដឹងលើវា យើងយល់ពីវាទើបដាក់លុយវិនិយោគទៅអាចហុចផ្លែហុចផ្កា។ ឧទាហរណ៍ បើអ្នកចង់វិនិយោគលើអចលនទ្រព្យ អ្នកត្រូវសិក្សាស្វែងយល់ពីអចលនទ្រព្យ ហើយបើអ្នកចង់វិនិយោគលើផ្សារហ៊ុន ត្រូវសិក្សាស្វែងយល់ពីផ្សារហ៊ុនទើបអាចវិនិយោគបានផល។
៥. កុំចង់មានលឿនពេក
ភាពលោភលន់ ចង់មានចង់បានលឿនពេក វាមិនមែនជារឿងល្អនោះ។ ការចង់មានលឿនពេក ការលោតហក់ អាចនឹងធ្វើឲ្យអ្នកជួបភាពវិនាស។ ដូច្នេះរកចំណូលបាន ត្រូវចេះវិនិយោគលើអ្វីដែលត្រឹមត្រូវស្របច្បាប់ ហើយអាចវិនិយោគគង់វង្សយូរអង្វែងនោះទើបអ្នកអាចរក្សាភាពមានបានយូរអង្វែង។
ឆ្នាំថ្មី ចង់ចេះប្រើលុយឲ្យមានប្រសិទ្ធភាពនិងវិនិយោគដើម្បីបង្កើនទ្រព្យអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong